ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ញ៉ាំ​ប៉េងប៉ោះ​ច្រើន​ក្នុងពេល​មាន​ជំងឺ​លើស​សម្ពាធ​ឈាម គឺជា​រឿង​ល្អ​!
16, Jul 2017 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ជំងឺ​លើស​សម្ពាធ​ឈាម​ត្រូវបាន​គេ​ស្គាល់​ថា ជា​កត្តា​ប្រឈមមុខ​មួយ​នៃ​ការស្លាប់​ដោយសារ​ជំងឺ​បេះដូង​សរសៃឈាម ហើយ​ការបញ្ចូល​ប៉េងប៉ោះ​ក្នុង​របប​អាហារ​ប្រហែលជា​ជួយ​កាត់បន្ថយ​ការប្រឈមមុខ​នេះ​បាន​ច្រើន​ដែរ​។​



​តាម​ការស្រាវជ្រាវ​មួយ​ដែល​ចុះផ្សាយ​ក្នុង​សារព័ត៌មាន Cardiovascular Drugs and Therapy កាលពី​ឆ្នាំ​២០០៩ បាន​ឲ្យ​ដឹងថា ការបញ្ចូល​សារធាតុ​ចម្រាញ​ចេញពី​ផ្លែ​ប៉េងប៉ោះ​ទៅក្នុង​របប​អាហារ​របស់​អ្នកជំងឺ​លើស​សម្ពាធ​ឈាម ជាមួយគ្នា​នឹង​ការប្រើ​ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម ACEI, Calcium Channel Blockers និង​ថ្នាំ​បញ្ចុះ​ទឹកនោម​ក្នុង​កម្រិត​ទាប​ទៀត​នោះ ឃើញថា លទ្ធផល​សម្ពាធ​ឈាមមាន​ការថយចុះ​យ៉ាង​គួរ​ឲ្យ​កត់សម្គាល់​។​

​ប៉េងប៉ោះ​ជា​អាហារ​សម្បូរ​ទៅដោយ​សារធាតុ Carotenoids ដូចជា Lycopene និង Beta-carotene ដែលជា​អង់​ទី​អុកស៊ីដ​ង់​ដែល​ខ្លាំងក្លា​។ កាលណា​ញ៉ាំ​វា​កាន់តែច្រើន វា​អាចជួយ​កំចាត់​រ៉ាឌីកាល​សេរី និង​ច្រោះ​ជាតិពុល​ចេញពី​រាងកាយ​បាន​កាន់តែ​ល្អ​។ រឿងនេះ​ក៏​ជួយ​បន្ថយ​ការ​កើតជា​ជំងឺ​ក្រិន​រឹង​សរសៃឈាម ព្រមទាំង​ជំនួយ​ដល់​ការគ្រប់គ្រង​សម្ពាធ​ឈាម​ទៀត​។ វីតាមីន E និង​ប៉ូ​តា​ស្យូ​ម​ក្នុង​ប៉េងប៉ោះ ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការរក្សា​តុល្យភាព​អេ​ឡិច​ត្រូ​លីត្រ​ក្នុង​រាងកាយ និង​គ្រប់គ្រង​សម្ពាធ​ឈាម​យ៉ាង​ល្អ​។​

​ដូច្នេះ បើសិនជា​អ្នក​កំពុងតែ​ប្រឈម​នឹង​ជំងឺ​លើស​សម្ពាធ​ឈាម​ហើយ ចូរ​ព្យាយាម​ញ៉ាំ​ប៉េងប៉ោះ​ឲ្យ​បាន​ច្រើន​ទៅ​។ យ៉ាងណាមិញ សម្រាប់​អ្នកជំងឺ​រលាក​សន្លាក់​ហ្គោ​ដ​វិញ គួរតែ​ចៀសវាង​ការ​ញ៉ាំ​ប៉េងប៉ោះ ព្រោះ​វា​នឹងធ្វើ​ឲ្យ​អាកា​រៈ​ជំងឺ​កាន់តែ​ធ្ងន់ធ្ងរ​ថែមទៀត​។ ចំពោះ​ការទទួល​ទាន​វិញ យើង​អាច​ញ៉ាំ​ទាំង​ឆៅ និង​ឆ្អិត ទៅតាម​ចំណង់​ចំណូលចិត្ត​របស់​មនុស្ស​ម្នាក់ៗ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com