អន្តរជាតិ
ប្រមុខការទូតបារាំងចង់ចូលខ្លួនជួយសម្របសម្រួលបញ្ចប់ជម្លោះរដ្ឋឈូងសមុទ្រ
× បារាំងបានប្រកាសថា ខ្លួនចង់ចូលជួយគុយវ៉ែត ដើម្បីដឹកនាំការចរចាបញ្ចប់ជម្លោះរដ្ឋឈូងសមុទ្រនៅចុងសប្តាហ៍នេះ។ បារាំងបារម្ភពីស្ថានការណ៍ជម្លោះនិងការប្រឈមមុខដាក់គ្នាខ្លាំងរវាងរដ្ឋឈូងសមុទ្រកន្លងមក ព្រោះវាគ្មានសញ្ញាដែលបញ្ជាក់ថា ភាពតានតឹងនេះនឹងចប់ឆាប់ៗដែរ។
ចុងសប្តាហ៍នេះប្រមុខការទូតបារាំងលោក Jean-Yves Le Drian ប្រញាប់ប្រញាល់ស្កាត់ទៅជួបបណ្តាមេដឹកនាំរដ្ឋអារ៉ាប់ ក្រោយឡើងកាន់តំណែងមិនបានប៉ុន្មានខែផង។ លោកបានប្រាប់រដ្ឋអារ៉ាប់ថា បារាំងត្រៀមខ្លួនរួចហើយដើម្បីជួយគាំទ្រគុយវ៉ែតក្នុងការសម្រុះសម្រួលជម្លោះរវាងកាតានិង រដ្ឋអារ៉ាប់ឯទៀត។
យោងតាមទីភ្នាក់ងារព័ត៌មាន AFP លោក Le Drian ចំណាយពេលចុងសប្តាហ៍របស់លោកទៅទស្សនកិច្ចនៅកាតា និងអារ៉ាប៊ីសាអូឌីត ហើយគោលដៅចម្បងរបស់លោកក្នុងនាមជាតំណាងបារាំងគឺជួយបន្ធូរបន្ថយកម្តៅជម្លោះនិងជួយផ្សះផ្សាឲ្យភាគីត្រូវរ៉ូវគ្នាវិញផងដែរ។
ពេលស្ថិតនៅកាតា ប្រមុខការទូតបារាំងរូបនេះបានជួបជាមួយរដ្ឋមន្ត្រីការបរទេសកាតា Sheikh Mohammed bin Abdulrahman Al-Thani និងមហាក្សត្រ Sheikh Tamim bin Hamad Al-Thaniដែរ។ លោកបានបញ្ជាក់ច្បាស់ថា បារាំងអាចជាអ្នកជួយសម្រុះសម្រួលក្នុងការជួយដោះស្រាយវិបត្តិការទូតដឹកនាំដោយគុយវ៉ែតនោះ។
«បារាំងពិតជាព្រួយបារម្ភខ្លាំងដោយសារតែការល្អក់កករនៃចំណងការទូតវាងកាតានិងប្រទេសជិតខាង។ បារាំងកំពុងជជែកជាមួយភាគីពាក់ព័ន្ធទាំងអស់ដើម្បីជួយស្វែងរកដំណោះស្រាយ ហើយបារាំងស្នើឲ្យមានការសន្ទនានិងការអត់ធ្មត់បន្តទៀតដែរ»។ នេះជាការបញ្ជាក់របស់លោក Le Drian។
បន្ទាប់ពីចាកចេញពីកាតា លោកបានបន្តដំណើរទៅ Jeddah ដើម្បីជួបជាមួយរដ្ឋមន្ត្រីការបទេសអារ៉ាប៊ីសាអូឌីត និង រជ្ជទាយាទអារ៉ាប៊ីសាអូឌីត Mohammed bin Salman ផងដែរ។ ក្នុងជំនួបនោះប្រមុខការទូតបារាំងបានបញ្ជាក់ជំហររបស់ខ្លួនឡើងវិញពាក់ព័ន្ធការជួយដោះស្រាយជម្លោះឈូងសមុទ្រនេះដែរ។
វត្តមានរបស់រដ្ឋមន្ត្រីការបរទេសបារាំងនៅមជ្ឈិមបូព៌ាដើម្បីជួយបន្ធូរបន្ថយកម្តៅការទូតនេះកើតឡើងត្រឹមប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកលោក រិច ធីល័រសិន ទៅកាន់តំបន់នេះដែរនោះ។ លោក ធីល័រសិន បានទៅទស្សនកិច្ចនៅកាតាដើម្បីចុះកិច្ចព្រមព្រៀងទ្វេភាគីជាមួយកាតាដើម្បីចូលរួមប្រឆាំងភេរវកម្មដែរ។ ប៉ុន្តែចំណាត់ការរបស់កាតាក្នុងការប្រឆាំងភេរវកម្មនេះមិនត្រូវបានទទួលការសាទរពីអារ៉ាប៊ីសាអូឌីតនិងបក្សពួកគេឡើយ។
សូមបញ្ជាក់ថា រដ្ឋអារ៉ាប់ទាំងបួនមានអារ៉ាប៊ីសាអូឌីត អារ៉ាប់រួមអេមីរ៉ាត់ អេហ្ស៊ីប និងបារ៉ែន បានសម្រេចកាត់ផ្តាច់ចំណងការទូតជាមួយកាតា និងព្យួររាល់ផ្លូវដឹកដឹកជញ្ជូនផ្លូវទឹក ផ្លូវគោក និងផ្លូវអាកាសជាដើម បន្ទាប់ពីពួកគេចោទថា កាតាគាំទ្រភេរវកម្ម និងងាកទៅជិតស្និទ្ធជាមួយមហាអំណាចតំបន់ អ៊ីរ៉ង់នោះ៕
Tag:
Jean-Yves Le Drian
អារ៉ាប៊ីសាអូឌីត
កាតា
© រក្សាសិទ្ធិដោយ thmeythmey.com