អន្តរជាតិ
ប្រមុខ​ការទូត​បារាំង​ចង់​ចូលខ្លួន​ជួយ​សម្របសម្រួល​បញ្ចប់​ជម្លោះ​រដ្ឋ​ឈូង​សមុទ្រ​
16, Jul 2017 , 9:39 pm        
រូបភាព
ដោយ: ថ្មីៗ
​បារាំង​បានប្រកាសថា ខ្លួន​ចង់​ចូល​ជួយ​គុយ​វ៉ែត ដើម្បី​ដឹកនាំ​ការចរចា​បញ្ចប់​ជម្លោះ​រដ្ឋ​ឈូង​សមុទ្រ​នៅ​ចុង​សប្តាហ៍​នេះ​។ បារាំង​បារម្ភ​ពី​ស្ថានការណ៍​ជម្លោះ​និង​ការប្រឈមមុខ​ដាក់គ្នា​ខ្លាំង​រវាង​រដ្ឋ​ឈូង​សមុទ្រ​កន្លងមក ព្រោះ​វា​គ្មាន​សញ្ញា​ដែល​បញ្ជាក់ថា ភាព​តានតឹង​នេះ​នឹង​ចប់​ឆាប់ៗ​ដែរ​។​



​ចុង​សប្តាហ៍​នេះ​ប្រមុខ​ការទូត​បារាំង​លោក Jean-Yves Le Drian ប្រញាប់ប្រញាល់​ស្កា​ត់ទៅ​ជួប​បណ្តា​មេដឹកនាំ​រដ្ឋ​អារ៉ាប់ ក្រោយ​ឡើងកាន់តំណែង​មិនបាន​ប៉ុន្មាន​ខែ​ផង​។ លោក​បាន​ប្រាប់​រដ្ឋ​អារ៉ាប់​ថា បារាំង​ត្រៀមខ្លួន​រួចហើយ​ដើម្បី​ជួយ​គាំទ្រ​គុយ​វ៉ែត​ក្នុងការ​សម្រុះសម្រួល​ជម្លោះ​រវាង​កាតា​និង រដ្ឋ​អារ៉ាប់​ឯទៀត​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក Le Drian ចំណាយពេល​ចុង​សប្តាហ៍​របស់លោក​ទៅ​ទស្សនកិច្ច​នៅ​កាតា និង​អា​រ៉ា​ប៊ី​សា​អូឌីត ហើយ​គោលដៅ​ចម្បង​របស់លោក​ក្នុងនាម​ជា​តំណាង​បារាំង​គឺ​ជួយ​បន្ធូរបន្ថយ​កម្តៅ​ជម្លោះ​និង​ជួយ​ផ្សះផ្សា​ឲ្យ​ភាគី​ត្រូវរ៉ូវ​គ្នា​វិញ​ផងដែរ​។

​ពេល​ស្ថិតនៅ​កាតា ប្រមុខ​ការទូត​បារាំង​រូបនេះ​បាន​ជួប​ជាមួយ​រដ្ឋមន្ត្រីការបរទេស​កាតា Sheikh Mohammed bin Abdulrahman Al-Thani  និង​មហាក្សត្រ Sheikh Tamim bin Hamad Al-Thani​ដែរ​។ លោក​បានបញ្ជាក់​ច្បាស់​ថា បារាំង​អាចជា​អ្នក​ជួយ​សម្រុះសម្រួល​ក្នុង​ការជួយ​ដោះស្រាយ​វិបត្តិ​ការទូត​ដឹកនាំ​ដោយ​គុយ​វ៉ែត​នោះ​។

«​បារាំង​ពិតជា​ព្រួយបារម្ភ​ខ្លាំង​ដោយសារតែ​ការ​ល្អក់កករ​នៃ​ចំណង​ការទូត​វាង​កាតា​និង​ប្រទេសជិតខាង​។ បារាំង​កំពុង​ជជែក​ជាមួយ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ដើម្បី​ជួយ​ស្វែងរក​ដំណោះស្រាយ ហើយ​បារាំង​ស្នើ​ឲ្យ​មានការ​សន្ទនា​និង​ការអត់ធ្មត់​បន្តទៀត​ដែរ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក Le Drian​។

​បន្ទាប់ពី​ចាកចេញ​ពី​កាតា លោក​បាន​បន្តដំណើរ​ទៅ Jeddah ដើម្បី​ជួប​ជាមួយ​រដ្ឋមន្ត្រីការបទេស​អា​រ៉ា​ប៊ី​សា​អូឌីត និង រជ្ជទាយាទ​អា​រ៉ា​ប៊ី​សា​អូឌីត  Mohammed bin Salman ផងដែរ​។ ក្នុងជំនួប​នោះ​ប្រមុខ​ការទូត​បារាំង​បានបញ្ជាក់​ជំហរ​របស់ខ្លួន​ឡើងវិញ​ពាក់ព័ន្ធ​ការជួយ​ដោះស្រាយ​ជម្លោះ​ឈូង​សមុទ្រ​នេះដែរ​។​

​វត្តមាន​របស់​រដ្ឋមន្ត្រី​ការបរទេស​បារាំង​នៅ​មជ្ឈិមបូព៌ា​ដើម្បី​ជួយ​បន្ធូរ​បន្ថយកម្តៅ​ការទូត​នេះ​កើតឡើង​ត្រឹម​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក រិច ធី​ល័​រ​សិន ទៅកាន់​តំបន់​នេះដែរ​នោះ​។ លោក ធី​ល័​រ​សិន បាន​ទៅ​ទស្សនកិច្ច​នៅ​កាតា​ដើម្បី​ចុះ​កិច្ចព្រមព្រៀងទ្វេភាគី​ជាមួយ​កាតា​ដើម្បី​ចូលរួម​ប្រឆាំង​ភេរវកម្ម​ដែរ​។ ប៉ុន្តែ​ចំណាត់ការ​របស់​កាតា​ក្នុងការ​ប្រឆាំង​ភេរវកម្ម​នេះ​មិនត្រូវ​បានទទួល​ការ​សាទរ​ពី​អា​រ៉ា​ប៊ី​សា​អូឌីត​និង​បក្ស​ពួកគេ​ឡើយ​។​
 
​សូមបញ្ជាក់ថា រដ្ឋ​អារ៉ាប់​ទាំង​បួន​មានអារ៉ាប៊ីសាអូឌីត អារ៉ាប់រួមអេមីរ៉ាត់ អេហ្ស៊ីប និងបារ៉ែន ​បានសម្រេច​កាត់​ផ្តាច់ចំណង​ការទូត​ជាមួយ​កាតា និង​ព្យួរ​រាល់​ផ្លូវ​ដឹក​ដឹកជញ្ជូន​ផ្លូវទឹក ផ្លូវគោក និង​ផ្លូវអាកាស​ជាដើម បន្ទាប់ពី​ពួកគេ​ចោទថា កាតា​គាំទ្រ​ភេរវកម្ម និង​ងាក​ទៅជិត​ស្និទ្ធ​ជាមួយ​មហាអំណាច​តំបន់ អ៊ីរ៉ង់​នោះ​៕ ​

Tag:
 Jean-Yves Le Drian
  អា​រ៉ា​ប៊ី​សា​អូឌីត​
  កាតា
© រក្សាសិទ្ធិដោយ thmeythmey.com