ជាតិ
ក្រុម​អ្នកជិះ​កង់​បន្ទាយមានជ័យ​រៀបចំ​កម្មវិធី​ជិះ​កង់​មនុស្សធម៌​រក​ថវិកា​ជួយ​ពេទ្យ​កុមារ​អង្គរ​
16, Jul 2017 , 5:59 pm        
រូបភាព
​ក្រុម​អ្នកជិះ​កង់​ខេត្តបន្ទាយមានជ័យ គឺ​បង្កើតឡើង​ដោយ​អ្នក​ចូលចិត្ត​ជិះ​កង់ និង​ក្នុង​បំណង​ស្វែងរក​ថវិកា​មនុស្សធម៌ ដើម្បី​រួមចំណែក​ជួយ​សង្គម​។ ក្រុម​អ្នកជិះ​កង់​មួយ​នេះ នឹង​រៀបចំ​កម្មវិធី​ជិះ​កង់​មួយ​នៅ​ចុងខែ​កក្កដា​នេះ ដើម្បី​រៃអង្គាស​ថវិកា​ជួយ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ ដែល​បាននិងកំពុង​ព្យាបាល​កុមារ​កម្ពុជា ដោយ​មិន​យក​កំរៃ​។​



​ប្រធាន​ក្រុម​អ្នកជិះ​កង់​ខេត្តបន្ទាយមានជ័យ លោក ប្រុស ពៅ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា កម្មវិធី​ជិះ​កង់​រៃអង្គាស​ថវិកា​ជួយ​ពេទ្យ​កុមារ​អង្គរ គ្រោង​រៀបចំ​នៅ​ថ្ងៃទី​២៩ កក្កដា នៅ​ទី​រួម​ក្រុង​ស្វាយ​ស៊ីសុផុន​។ លោក​បន្ថែមថា រហូតមកដល់​ថ្ងៃនេះ អ្នក​ចុះឈ្មោះ​ចូលរួមបាន​ប្រមាណ ៤០០​នាក់​ហើយ​។​

​លក្ខខណ្ឌ​នៃ​ការចូលរួម​ជិះ​កង់​រៃអង្គាស​ថវិកា​ជួយ​ពេទ្យ​កុមារ​អង្គរ ឬ​ហៅថា ពេទ្យ​បេះដូង គឺ​អ្នកចូលរួម​ត្រូវ​បង់​ថវិកា​ចំនួន ១៥​ដុល្លារ ហើយ​ពួកគេ​នឹង​ទទួលបាន​អាវ កង់ អាហារ រួម​និង​ភេសជ្ជៈ​អំឡុងពេល​ជិះ​នោះ​ផងដែរ​។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក ប្រុស ពៅ​។ លោក​បន្តថា ទីតាំង​ជិះ​កង់ គឺ​ចាប់ផ្តើម​នៅ​ផ្សារ​ថ្មី ដោយ​ធ្វើដំណើរ​ជុំវិញ​ក្រុង​ស្វាយ​ស៊ីសុផុន ចាប់ពី​ម៉ោង ៨​ព្រឹក ដល់​ម៉ោង​១១​ព្រឹក​។​



​គួររម្លឹកថា នេះ​ជា​ឆ្នាំ​ទី​បី​ហើយ ដែល​ក្រុម​អ្នកជិះ​កង់​ខេត្តបន្ទាយមានជ័យ បង្កើត​កម្មវិធី​ជិះ​កង់​មនុស្សធម៌ រៃអង្គាស​ថវិកា​ដើម្បី​ជួយ​មន្ទីរពេទ្យ ដែល​កំពុង​ព្យាបាល​ជំងឺ​កុមារ​ដោយ​មិន​គិតថ្លៃ​។ ឆ្នាំ​ទីមួយ និង​ទី​ពីរ ក្រុម​អ្នកជិះ​កង់​ខេត្តបន្ទាយមានជ័យ បាន​បង្កើត​កម្មវិធី​ដូចគ្នានេះ សម្រាប់​ជួយ​ពេទ្យ​គន្ធបុប្ផា​ខេត្តសៀមរាប ដោយ​ឆ្នាំ​ទីមួយ ប្រមូល​ថវិកា​បាន​ជាង​៥០០០​ដុល្លារ និង​ឆ្នាំ​ទី​ពីរ បាន​ជិត ៦០០០​ដុល្លារ​។ នៅ​ឆ្នាំ​ទី​បី​នេះ អ្នករៀបចំ​កម្មវិធី​លោក ប្រុស ពៅ រំពឹងថា នឹង​អាច​រក​ថវិកា​ប្រមាណ ៦០០០​ដុល្លារ ពី​កម្មវិធី​មនុស្សធម៌​មួយ​នេះ ហើយ​ថវិកា​១០០% ដែល​បាន​ពី​កម្មវិធី​នេះ នឹង​ផ្តល់ជូន​ដល់​មន្ទីរពេទ្យ​៕


Tag:
 ប្រុស​ពៅ​
  ជិះ​កង់​មនុស្សធម៌​
© រក្សាសិទ្ធិដោយ thmeythmey.com