អន្តរជាតិ
ឌូទើតេ ប្រាប់ឲ្យមន្ត្រីរដ្ឋាភិបាលឈប់ប្រើឡានស៊ីរ៉ែន និងកាត់បន្ថយចំនួនអង្គរក្ស
× ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ កាលពីថ្ងៃទី១៤ ខែកក្កដា បានប្រាប់ឲ្យមន្ត្រីរដ្ឋាភិបាលរបស់លោកបញ្ឈប់ការប្រើប្រាស់ឡានស៊ីរ៉ែនក្នុងពេលធ្វើដំណើរ និងត្រូវកាត់បន្ថយចំនួនកងអង្គរក្សការពារ។ លោក ឌូទើតេ ក៏បានប្រាប់ឲ្យមន្ត្រីរបស់លោកទាំងអស់ ចាត់ទុកខ្លួនឯងជាអ្នកបម្រើរាស្ត្រ និងមិនត្រូវប្រព្រឹត្តរឿងខុសច្បាប់ដូចជាអំពើពុករលួយដែលបំផ្លាញលុយរដ្ឋឡើយ។
លោក រ៉ូឌ្រីហ្គោ ឌូទើតេ បានដាក់កំហិតមន្ត្រីរដ្ឋាភិបាលរបស់លោកក្នុងការប្រើប្រាស់ឡានស៊ីរ៉ែនពេលធ្វើដំណើរលើផ្លូវសាធារណៈ ដោយលោកបានរំឭកមន្ត្រីទាំងអស់ថា ពួកគេមិនមែនជាចៅហ្វាយនាយរបស់ប្រជាជនឡើយ។ លោកប្រធានាធិបតី ឌូទើតេ ក៏បានទទូចឲ្យមន្ត្រីទាំងអស់ចៀសវាងពីការពាក់ព័ន្ធអំពើពុករលួយ ព្រោះលោកនឹងមិនលើកលែងឲ្យអ្នកណាឡើយ។
ថ្លែងក្នុងកម្មវិធីមួយក្នុងទីក្រុង Davao នៅល្ងាចថ្ងៃទី១៤ ខែកក្កដា ប្រធានាធិបតីហ្វីលីពីនរូបនេះបានប្រាប់អ្នកចូលរួមថា លោកបានស្នើឲ្យមន្ត្រីរដ្ឋាភិបាលទាំងអស់ឈប់ប្រើឡានស៊ីរ៉ែនបើកផ្លូវ និងអមដោយអង្គរក្សគគ្រឹគគ្រេង ហើយម្យ៉ាង លោកក៏មិនចូលចិត្តទង្វើបែបនេះដែរ។ លោករៀបរាប់ទៀតថា មន្ត្រីទាំងអស់ រាប់ទាំងលោកផង មិនមែនជាមនុស្សពិសេសអ្វីទេ តែត្រូវបានប្រជាជនជួលឲ្យមកធ្វើការប៉ុណ្ណោះ មិនមែនមកសម្ញែងអំណាចឡើយ។
បើតាមសារព័ត៌មាន The Manila Bulletin លោកប្រធានាធិបតី ឌូទើតេ ពន្យល់ថា ការដាក់កំហិតនេះ គឺជាគោលនយោបាយរបស់លោកក្នុងការប្រឆាំងអំពើពុករលួយក្នុងចំណោមមន្ត្រីរដ្ឋាភិបាល។ លោក ឌូទើតេ ត្រូវគេមើលឃើញថាជាប្រធានាធិបតីមានជំហរម៉ឺងម៉ាត់ក្នុងការបោសសម្អាតអំពើពុករលួយនេះ ព្រោះលោកបានបញ្ចប់តំណែងមន្ត្រីរដ្ឋាភិបាលជាច្រើនរូបរាប់ទាំងថ្នាក់រដ្ឋមន្ត្រីផង។ លោក ក៏ធ្លាប់ប្រកាសចាកចេញពីតំណែង បើសមាជិកគ្រួសារលោកណាម្នាក់ជាប់ពាក់ព័ន្ធអំពើពុករលួយនេះ។
ជាមួយគ្នានោះ ប្រធានាធិបតីរូបនេះ ក៏បានប្រាប់ឲ្យមន្ត្រីទាំងអស់បន្ថយចំនួនអង្គរក្សផងដែរ ដោយលោកបានប្រាប់ឲ្យពួកគេយកតាមខ្លួននូវអង្គរក្សតែម្នាក់ ឬពីរនាក់បានហើយ។ លោក ឌូទើតេ បានរំឭកអនុស្សាវរីយ៍ពេលលោកនៅកាន់តំណែងជាចៅហ្វាយក្រុង Davao និងបានជិះម៉ូតូដើម្បីល្បាតទីក្រុងដោយគ្មានអង្គរក្សការពារអ្វីឡើយ។ លោកបានប្រាប់អ្នកចូលរួមនៅមជ្ឈមណ្ឌលសន្និសីទ Davao ពីឪពុករបស់លោកដែលជាអតីតចៅហ្វាយក្រុង Davao និងតែងជិះម៉ូតូតែម្នាក់ដែរ។
តាមពិតទៅ ការបង្ហាញភាពសាមញ្ញ និងការមិនសម្ញែងឥទ្ធិពល គឺជាឥរិយាបថរបស់លោក ឌូទើតេ តាំងពីលោកធ្វើជាចៅហ្វាយក្រុង Davao អស់ពេលច្រើនឆ្នាំមកនោះ ហើយក៏ជាផ្នែកមួយនៃការប្រយុទ្ធប្រឆាំងអំពើពុករលួយដែរ។ លោកធ្លាប់បដិសេធទទួលយកឡានស៊េរីទំនើប និងនាឡិកាមានតម្លៃ ដែលគេជូនជាអនុស្សាវរីយ៍ ហើយបែរជាប្រកាសលក់ឡាននោះទៅទៀត។ លោកមិនព្រមចូលទៅរស់នៅវិមានប្រធានាធិបតីដ៏ស្កឹមស្កៃ និងជាញឹកញាប់តែងធ្វើដំណើរតាមយន្តហោះដូចប្រជាជនធម្មតាទៀតផង៕
Tag:
ហ្វីលីពីន
រ៉ូឌ្រីហ្គោ ឌូទើតេ
© រក្សាសិទ្ធិដោយ thmeythmey.com