អន្តរជាតិ
ការសិក្សាថ្មី៖ ផឹកកាហ្វេ៣ពែងក្នុង១ថ្ងៃ អាចជួយឲ្យអាយុវែង
× ការសិក្សាធំៗចំនួន២ មួយដោយក្រុមអ្នកជំនាញអាមេរិក និងមួយទៀតដោយក្រុមអ្នកជំនាញអឺរ៉ុប បានរកឃើញពីផលប្រយោជន៍កាហ្វេសម្រាប់សុខភាព ជាពិសេសការកាត់បន្ថយហានិភ័យនៃជំងឺថ្លើម ឈាមរត់ និងជំងឺដែលទាក់ទងនឹងបំពង់រំលាយអាហារ។ នេះបើតាមការផ្សាយរបស់កាសែត Huffington Post។
មហាវិទ្យាល័យអង់គ្លេស Imperial College of London និងភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់ការស្រាវជ្រាវជំងឺមហារីក (IARC) បានធ្វើការសិក្សាលើមនុស្ស៥២១ ៣៣០នាក់ នៅ១០ប្រទេសក្នុងតំបន់អឺរ៉ុប (ចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ ដាណឺម៉ាក អេស្ប៉ាញ អ៊ីតាលី ក្រិក ហូឡង់ ស៊ុយអែត ន័រវេស) ។
ក្រោយការតាមដានអស់រយៈពេល១៦ឆ្នាំ ក្រុមអ្នកស្រាវជ្រាវ បានរកឃើញថា បុរសដែលបានផឹកកាហ្វេ៣ពែងក្នុង១ថ្ងៃ ប្រឈមនឹងការឆាប់ស្លាប់មានតិចជាងអ្នកមិនផឹកកាហ្វេ១៨ភាគរយ ខណៈស្ត្រីមាន៨ភាគរយដែលអាចកាត់បន្ថយការស្លាប់ដោយសារការផឹកកាហ្វេ។
វេជ្ជបណ្ឌិត Marc Gunter នៃភ្នាក់ងារ IARC បាននិយាយថា៖ «យើងរកឃើញថា អ្នកផឹកកាហ្វេច្រើនបែរជាមានការប្រឈមនឹងការស្លាប់តិចជាងគេ ជាពិសេសទាក់ទងនឹងជំងឺឈាមរត់ និងជំងឺរំលាយអាហារ»។
លទ្ធផលស្រដៀងគ្នា ក៏ត្រូវបានរកឃើញតាមរយៈការសិក្សាមួយរបស់សាកលវិទ្យាល័យអាមេរិក University of Southern California https://www.eurekalert.org/multimedia/pub/144907.php ផងដែរ។ ជនជាតិអាមេរិកដែលផឹកកាហ្វេមួយពែងជារៀងរាល់ថ្ងៃ ប្រឈមនឹងការស្លាប់តិចជាងអ្នកមិនផឹកកាហ្វេ១២ភាគរយ។
មិនខុសគ្នាឡើយ សាកលវិទ្យាល័យអាមេរិកដែលបានសិក្សាលើជនជាតិអាមេរិក ១៨០ ០០០នាក់ ក៏បានរកឃើញដែរថា អ្នកដែលផឹកកាហ្វេ៣ពែងក្នុងមួយថ្ងៃ មាន១៨ភាគរយ ដែលអាចរួចផុតពីការឆាប់ស្លាប់ បើប្រៀបធៀបទៅនឹងអ្នកមិនផឹកកាហ្វេ។ ក្រុមអ្នកស្រាវជ្រាវ បានរកឃើញជារួមថា អ្នកផឹកកាហ្វេមានសុខភាពថ្លើមល្អ និងគ្រប់គ្រងជាតិស្ករប្រសើរជាងអ្នកមិនផឹកកាហ្វេ។
ជាការសិក្សាដែលអាចយកទៅអនុវត្តបាន? លោក Gunter ឆ្លើយតបថា ក្រុមអ្នកស្រាវជ្រាវមិនហ៊ានផ្តល់យោបល់ឲ្យមនុស្សផឹក ឬមិនផឹកកាហ្វេនោះឡើយ ប៉ុន្តែលទ្ធផលទាំងនេះ បានបង្ហាញថា បើមនុស្សផឹកកាហ្វេដោយមានការកំណត់ច្បាស់ វាជាប្រយោជន៍ដ៏ល្អសម្រាប់សុខភាព។
វេជ្ជបណ្ឌិត Veronica Setiawan នៃសាកលវិទ្យាល័យ University of Southern California ក៏បានរួមយោបល់ផងដែរថា៖ «យើងមិនអាចនិយាយថា ផឹកកាហ្វេធ្វើឲ្យអាយុវែងនោះឡើយ ប៉ុន្តែយើងអាចមើលឃើញធាតុរួមផ្សំមួយចំនួន។ ប្រសិនបើអ្នកចូលចិត្តផឹកកាហ្វេ អ្នកអាចបន្តការផឹក ប៉ុន្តែបើមិនមែនជាអ្នកផឹកកាហ្វេ ហើយចង់ផឹក វាក៏មិនមែនជាបញ្ហានោះដែរ»៕
© រក្សាសិទ្ធិដោយ thmeythmey.com