អន្តរជាតិ
ការសិក្សា​ថ្មី​៖ ផឹក​កាហ្វេ​៣​ពែង​ក្នុង​១​ថ្ងៃ អាចជួយ​ឲ្យ​អាយុ​វែង​
17, Apr 2018 , 4:00 pm        
រូបភាព
ដោយ: ធីតា
​ការសិក្សា​ធំៗ​ចំនួន​២ មួយ​ដោយ​ក្រុម​អ្នកជំនាញ​អាមេរិក និង​មួយទៀត​ដោយ​ក្រុម​អ្នកជំនាញ​អឺរ៉ុប បាន​រកឃើញ​ពី​ផលប្រយោជន៍​កាហ្វេ​សម្រាប់​សុខភាព ជាពិសេស​ការកាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺថ្លើម ឈាម​រត់ និង​ជំងឺ​ដែល​ទាក់ទង​នឹង​បំពង់​រំលាយ​អាហារ​។ នេះ​បើតាម​ការផ្សាយ​របស់​កា​សែត Huffington Post​។​



​មហាវិទ្យាល័យ​អង់គ្លេស Imperial College of London និង​ភ្នាក់ងារ​អង្គការសហប្រជាជាតិ​សម្រាប់​ការស្រាវជ្រាវ​ជំងឺមហារីក (IARC) បានធ្វើការ​សិក្សា​លើ​មនុស្ស​៥២១ ៣៣០​នាក់ នៅ​១០​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប (​ចក្រភព​អង់គ្លេស បារាំង អាល្លឺម៉ង់ ដា​ណឺ​ម៉ាក អេ​ស្ប៉ា​ញ អ៊ីតាលី ក្រិ​ក ហូ​ឡង់ ស៊ុយអែត ន័​រវេ​ស​) ។​

​ក្រោយ​ការតាមដាន​អស់​រយៈពេល​១៦​ឆ្នាំ ក្រុម​អ្នកស្រាវជ្រាវ បាន​រកឃើញថា បុរស​ដែល​បាន​ផឹក​កាហ្វេ​៣​ពែង​ក្នុង​១​ថ្ងៃ ប្រឈម​នឹង​ការ​ឆាប់​ស្លាប់មាន​តិចជាង​អ្នក​មិន​ផឹក​កាហ្វេ​១៨​ភាគរយ ខណៈ​ស្ត្រី​មាន​៨​ភាគរយ​ដែល​អាច​កាត់បន្ថយ​ការស្លាប់​ដោយសារ​ការផឹក​កាហ្វេ​។​

​វេជ្ជបណ្ឌិត Marc Gunter នៃ​ភ្នាក់ងារ IARC បាន​និយាយថា​៖ «​យើង​រកឃើញថា អ្នក​ផឹក​កាហ្វេ​ច្រើន​បែរជា​មានការ​ប្រឈម​នឹង​ការស្លាប់​តិចជាងគេ ជាពិសេស​ទាក់ទង​នឹង​ជំងឺ​ឈាម​រត់ និង​ជំងឺ​រំលាយ​អាហារ​»​។​

​លទ្ធផល​ស្រដៀង​គ្នា ក៏ត្រូវ​បាន​រកឃើញ​តាមរយៈ​ការសិក្សា​មួយ​របស់​សាកលវិទ្យាល័យ​អាមេរិក University of Southern California https://www.eurekalert.org/multimedia/pub/144907.php ផងដែរ​។ ជនជាតិ​អាមេរិក​ដែល​ផឹក​កាហ្វេ​មួយ​ពែង​ជា​រៀងរាល់ថ្ងៃ ប្រឈម​នឹង​ការស្លាប់​តិចជាង​អ្នក​មិន​ផឹក​កាហ្វេ​១២​ភាគរយ​។

​មិន​ខុសគ្នា​ឡើយ សាកលវិទ្យាល័យ​អាមេរិក​ដែល​បាន​សិក្សា​លើ​ជនជាតិ​អាមេរិក ១៨០ ០០០​នាក់ ក៏បាន​រកឃើញ​ដែរ​ថា អ្នក​ដែល​ផឹក​កាហ្វេ​៣​ពែង​ក្នុង​មួយថ្ងៃ មាន​១៨​ភាគរយ ដែល​អាច​រួច​ផុតពី​ការ​ឆាប់​ស្លាប់ បើ​ប្រៀបធៀប​ទៅនឹង​អ្នក​មិន​ផឹក​កាហ្វេ​។ ក្រុម​អ្នកស្រាវជ្រាវ បាន​រកឃើញ​ជារួម​ថា អ្នក​ផឹក​កាហ្វេ​មាន​សុខភាព​ថ្លើម​ល្អ និង​គ្រប់គ្រង​ជាតិ​ស្ករ​ប្រសើរ​ជាង​អ្នក​មិន​ផឹក​កាហ្វេ​។​

​ជាការ​សិក្សា​ដែល​អាច​យកទៅអនុវត្ត​បាន​? លោក Gunter ឆ្លើយតប​ថា ក្រុម​អ្នកស្រាវជ្រាវ​មិន​ហ៊ាន​ផ្តល់យោបល់​ឲ្យ​មនុស្ស​ផឹក ឬ​មិន​ផឹក​កាហ្វេ​នោះឡើយ ប៉ុន្តែ​លទ្ធផល​ទាំងនេះ បាន​បង្ហាញថា បើ​មនុស្ស​ផឹក​កាហ្វេ​ដោយមាន​ការកំណត់​ច្បាស់ វា​ជា​ប្រយោជន៍​ដ៏​ល្អ​សម្រាប់​សុខភាព​។​

​វេជ្ជបណ្ឌិត Veronica Setiawan នៃ​សាកលវិទ្យាល័យ University of Southern California ក៏បាន​រួម​យោបល់​ផងដែរ​ថា​៖ «​យើង​មិនអាច​និយាយថា ផឹក​កាហ្វេ​ធ្វើ​ឲ្យ​អាយុ​វែង​នោះឡើយ ប៉ុន្តែ​យើង​អាច​មើលឃើញ​ធាតុ​រួមផ្សំ​មួយចំនួន​។ ប្រសិនបើ​អ្នក​ចូលចិត្ត​ផឹក​កាហ្វេ  អ្នក​អាច​បន្ត​ការផឹក ប៉ុន្តែ​បើ​មិនមែនជា​អ្នក​ផឹក​កាហ្វេ ហើយ​ចង់​ផឹក វា​ក៏​មិនមែនជា​បញ្ហា​នោះដែរ​»៕


Tag:
 កាហ្វេ
© រក្សាសិទ្ធិដោយ thmeythmey.com