ជាតិ
ថ្ងៃនេះ កាលពី៥ឆ្នាំមុន គណបក្សសង្គ្រោះជាតិ បានកើតឡើង
× ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២0១៣ គណបក្សសង្គ្រោះជាតិ បានកើតឡើងពីការច្របាច់បញ្ចូលគ្នារវាងគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស។ រហូតមកពេលនេះ ការបន្តជីវិតនយោបាយរបស់គណបក្សសង្គ្រោះជាតិ មានរយៈពេល៥ឆ្នាំហើយ។
យ៉ាងណាក៏ដោយ នៅថ្ងៃនេះ គណបក្សសង្គ្រោះជាតិ ពុំបានរៀបចំពិធី ដើម្បីរម្លឹកខួប នោះទេ។ ប៉ុន្តែ ឯកឧត្តម កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បានបង្ហោះលើទំព័រហ្វេសបុក នូវសារ រួមទាំងរូបព្រះអាទិត្យ ដែលជាសញ្ញាសម្គាល់គណបក្ស និងកិច្ចព្រមព្រៀង ដែលឯកឧត្តម និងលោក សម រង្ស៊ី សម្រេចជាមួយគ្នា ដើម្បីជាការរម្លឹកដល់ថ្ងៃដែលអ្នកទាំងពីរ រួបរួមគ្នា ក្នុងការប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជា។
ប្រធានគបក្សសង្គ្រោះជាតិរូបនេះ បានសរសេរយ៉ាងដូច្នេះថា៖«ខ្ញុំសូមអំពាវនាវដល់បងប្អូនជនរួមជាតិខ្មែរទាំងអស់ សូមមេត្ដាបន្ដពង្រឹង និងពង្រីកការរួបរួមគ្នា ដោយអហិង្សា ចូលរួមជាមួយគណបក្សសង្គ្រោះជាតិឲ្យកាន់តែច្រើនឡើងថែមទៀត ដើម្បីនាំមកនូវការផ្លាស់ប្ដូរជាវិជ្ជមាន តាមរយៈការបោះឆ្នោតនៅ ឆ្នាំ២០១៨នេះ»។
កិច្ចព្រមព្រៀងនៃការបង្កើតគណបក្សសង្គ្រោះជាតិ បានសម្រេចឲ្យលោក សម រង្ស៊ី ធ្វើជាប្រធាន ហើយឯកឧត្តម កឹម សុខា ធ្វើជាអនុប្រធាន។ ប៉ុន្តែ ដោយសារតែស្ថាននយោបាយប្រែប្រួល លោក សម រង្ស៊ី ដែលហ៊ុមព័ន្ធទៅដោយបណ្តឹងពីសំណាក់សកម្មជននិងមេដឹកនាំគណបក្សប្រជាជនកម្ពុជា ក៏បានចាកចេញពីប្រទេសកម្ពុជា។ ក្រោយក្លាយជាអ្នកទោសក្រោមការកាត់ក្តីរបស់តុលាការកម្ពុជា លោក សម រង្ស៊ី ក៏សម្រេចលាលែងពីតំណែងជាប្រធានគណបក្សសង្គ្រោះជាតិ ក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២0១៧។ គណបក្សសង្គ្រោះជាតិ សម្រេចជ្រើសរើសឯកឧត្តម កឹម សុខា ជាប្រធានជំនួសលោក សម រង្ស៊ី៕
© រក្សាសិទ្ធិដោយ thmeythmey.com