ជាតិ
ថ្ងៃនេះ កាលពី​៥​ឆ្នាំមុន គណបក្ស​សង្គ្រោះ​ជាតិ បានកើត​ឡើង​
17, Jul 2017 , 10:55 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ នៅ​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២0១៣ គណបក្ស​សង្គ្រោះ​ជាតិ បានកើត​ឡើង​ពី​ការច្របាច់បញ្ចូលគ្នា​រវាង​គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស​។ រហូតមក​ពេលនេះ ការបន្ត​ជីវិត​នយោបាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ មាន​រយៈពេល​៥​ឆ្នាំ​ហើយ​។



​យ៉ាង​ណាក៏ដោយ នៅថ្ងៃនេះ គណបក្ស​សង្គ្រោះ​ជាតិ ពុំបាន​រៀបចំ​ពិធី ដើម្បី​រម្លឹក​ខួប នោះទេ​។ ប៉ុន្តែ ឯកឧត្តម កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​បុក នូវ​សារ រួមទាំង​រូប​ព្រះអាទិត្យ ដែលជា​សញ្ញា​សម្គាល់​គណ​បក្ស និង​កិច្ចព្រមព្រៀង ដែល​ឯកឧត្តម និង​លោក សម រង្ស៊ី សម្រេច​ជាមួយគ្នា ដើម្បី​ជាការ​រម្លឹក​ដល់​ថ្ងៃ​ដែល​អ្នក​ទាំងពីរ រួបរួមគ្នា ក្នុងការ​ប្រកួតប្រជែង​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​។

​ប្រធាន​គ​បក្ស​សង្គ្រោះ​ជាតិ​រូបនេះ បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​សូម​អំពាវនាវ​ដល់​បង​ប្អូន​ជនរួមជាតិ​ខ្មែរ​ទាំងអស់ សូម​មេ​ត្ដា​បន្ដ​ពង្រឹង និង​ពង្រីក​ការរួបរួម​គ្នា ដោយ​អហិង្សា ចូលរួម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​កាន់តែ​ច្រើនឡើង​ថែមទៀត ដើម្បី​នាំមក​នូវ​ការផ្លាស់ប្ដូរ​ជា​វិជ្ជមាន តាមរយៈ​ការបោះឆ្នោត​នៅ ឆ្នាំ​២០១៨​នេះ​»​។​

​កិច្ចព្រមព្រៀង​នៃ​ការបង្កើត​គណបក្ស​សង្គ្រោះ​ជាតិ បានសម្រេច​ឲ្យ​លោក សម រង្ស៊ី ធ្វើជា​ប្រធាន ហើយ​ឯកឧត្តម កឹម សុខា ធ្វើជា​អនុប្រធាន​។ ប៉ុន្តែ ដោយសារតែ​ស្ថាន​នយោបាយ​ប្រែប្រួល លោក សម រង្ស៊ី ដែល​ហ៊ុម​ព័ន្ធ​ទៅដោយ​បណ្តឹង​ពី​សំណាក់​សកម្មជន​និង​មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ក៏បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា​។ ក្រោយ​ក្លាយជា​អ្នកទោស​ក្រោម​ការកាត់ក្តី​របស់​តុលាការ​កម្ពុជា លោក សម រង្ស៊ី ក៏​សម្រេច​លាលែង​ពី​តំណែង​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុងអំឡុង​ខែកុម្ភៈ ឆ្នាំ​២0១៧​។ គណបក្ស​សង្គ្រោះ​ជាតិ សម្រេច​ជ្រើសរើស​ឯកឧត្តម កឹម សុខា ជា​ប្រធាន​ជំនួស​លោក សម រង្ស៊ី​៕


Tag:
 CNRP
  ខួប​៥​ឆ្នាំ​
© រក្សាសិទ្ធិដោយ thmeythmey.com