អត្ថបទពាណិជ្ជកម្ម
កីឡាករ​ក្រុមបាល់ទាត់ SCG Muangthong United បណ្តុះបណ្តាល និង​ជំរុញ​ទឹកចិត្ត​កុមារ​ ​ក្នុង​សកម្មភាព​ហ្វឹកហ្វឺន​បាល់ទាត់ 'Kick and Share by SCG'
17, Jul 2017 , 11:43 am         416
រូបភាព
​ព្រឹត្តិការណ៍ SCG Muangthong United ASEAN Tour ឆ្នាំ​២០១៧ កំពុង​ជា​ប្រធានបទ​ក្តៅ​នាពេល​បច្ចុប្បន្ននេះ ។ ការជួប​ប្រកួត​គ្នា​រវាង​ក្រុម K-Cement Cambodia All Stars និង​ក្រុមបាល់ទាត់​ថៃ SCG Muangthong United គឺជា​ព្រឹត្តិការណ៍​កីឡាបាល់ទាត់​ដ៏​ធំ​បំផុត​មួយ ប្រចាំឆ្នាំ ២០១៧ និង​បានធ្វើ​ឲ្យ​អ្នកគាំទ្រ​កីឡាបាល់ទាត់​រំជើបរំជួល​នៅ​ទូទាំងប្រទេស ។​

​ទោះជា​យ៉ាងនេះ​ក្តី ក្រោម​ស្មារតី​សប្បុរស កីឡាករ​ទាំងអស់​ក្នុង​ក្រុម SCG Muangthong United បាន​ចែករំលែក​ពេលវេលា​ចូលរួម​ក្នុង​វគ្គ​ហ្វឹកហ្វឺន​បាល់ទាត់ ដែល​ពួកគេ​បាន​ជួយ​បង្ហាត់បង្រៀន​ដោយផ្ទាល់​ដល់​កុមារ និង​យុវជន​កម្ពុជា ដែលមាន​ឆន្ទៈ និង​ស្រឡាញ់​កីឡាបាល់ទាត់ ហើយ​ក្រុម​កីឡាករ​បាន​លើកទឹកចិត្ត​ឲ្យ​កុមារ និង​យុវវ័យ​ចំណាយ​ពេលវេលា ចូលរួម​ក្នុង​សកម្មភាព​អត្ថប្រយោជន៍ ដូចជា​ការលេង​កីឡា​ដើម្បី​សុខភាព ជាដើម ។​

​លោក Pongdhana Dejvittayaporn ប្រធាន​ផ្នែក​លក់ និង​ទីផ្សារ ក្រុមហ៊ុន អេស ស៊ី ជី ស៊ីម៉ងត៍​-​សម្ភារៈ​សំណង់​ប្រចាំ​ប្រទេស​កម្ពុជា បាន​មានប្រសាសន៍ថា “​ក្រុមហ៊ុន អេស ស៊ី ជី ប្តេជ្ញា​លើកស្ទួយ​ការរស់នៅ​សម្រាប់​គ្រប់​សហគមន៍​ដែល​យើង​ធ្វើ​ប្រតិបត្តិការ ។ យើង​តែង​គាំទ្រ​ដល់​ការអភិវឌ្ឍន៍​ធនធានមនុស្ស ដែល​ស្របតាម​គុណ​តម្លៃ​ស្នូល​មួយ​របស់​យើង​គឺ “​ការជឿជាក់​ទៅលើ​គុណ​តម្លៃ​របស់​បុគ្គល​ម្នាក់​” ។ ដូច្នេះ សកម្មភាព​ហ្វឹកហ្វឺន​បាល់ទាត់ 'Kick and Share by SCG'  នេះ មាន​គោលបំណង​បំផុសគំនិត និង​លើកទឹកចិត្ត​ស្រឡាញ់​កីឡា​ក្នុងចំណោម​កុមារ និង​យុវជន​ខ្មែរ ។​”



​លោក​បាន​បន្ថែមទៀតថា “​ថ្ងៃនេះ​គឺជា​ឱកាស​ដ៏​ល្អ​មួយ​ដែល​ក្រុមហ៊ុន អេស ស៊ី ជី និង​ក្លឹប​បាល់ទាត់ SCG Muangthong United ជួយ​កុមារ​កម្ពុជា​ដុសខាត់​ទេពកោសល្យ​បាល់ទាត់​របស់​ពួកគេ ។ លើសពីនេះ​ទៀត សកម្មភាព​នេះ​នឹង​ជួយ​ឲ្យ​កុមារ​ប្រើប្រាស់​ពេលវេលា​ទំនេរ​ដោយមាន​ប្រយោជន៍ ដូចជា ការលេង​កីឡាបាល់ទាត់ នឹង​ជំរុញ​ទឹកចិត្ត​ពួកគេ​ឲ្យ​ស្វែងរក អនាគត​ភ្លឺស្វាង ។​”

​សកម្មភាព​ហ្វឹកហ្វឺន​នេះ ត្រូវបាន​រៀបចំឡើង​នៅ​ថ្ងៃ​១៥ កក្កដា ក្នុង​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក ដោយ​ក្នុងនោះ​កុមារ និង​យុវជន​ប្រមាណ ២០០​នាក់ ត្រូវបាន​ជ្រើសរើស​មក​ពី​គ្រប់​ទីកន្លែង​នៅ​ទូទាំងប្រទេស ។ ខ្លះ​ជា​កុមារ​ងាយ​រងគ្រោះ​ដែល​ស្នាក់​នៅតាម​វត្ត​អារាម ដែល​ធ្វើដំណើរ​មកពី​ខេត្ត​ឆ្ងាយៗ ដូចជា​ស្វាយរៀង​ជាដើម ក៏មាន ។​

​កុមារ និង​យុវជន​ត្រូវបាន​បែងចែក​ទៅជា​ក្រុម​តូចៗ ហើយ​ក្រុម​នីមួយៗ​ទទួលបាន​ការបណ្តុះបណ្តាល​ដោយផ្ទាល់ និង​ជិតស្និទ្ធ​ពី​សំណាក់​កីឡាករ និង​ក្រុមការងារ​ក្លឹប SCG Muangthong United ដោយ​ពួកគេ​រៀន​លើក​បាល់ ប៉ះបាល់ ស៊ុត​បាល់ និង​ចាប់​បាល់ ជាដើម ។​

​លោក Sarach Yooyen ដែលជា​ខ្សែបម្រើ​ឆ្នើម​ប្រចាំ​ក្រុម SCG Muangthong United បាន​និយាយថា “​សកម្មភាព​ថ្ងៃនេះ ពិត​ជាមាន​សារប្រយោជន៍​ណាស់ ខ្ញុំ​សង្ឃឹមថា​បទពិសោធ​ថ្ងៃនេះ នឹង​លើកទឹកចិត្ត​ឲ្យ​កុមារ​ទាំងនេះ​សម្រេច​ក្តី​សុបិន​ធំៗ និង​សម្រេចបាន​ជោគជ័យ​ដ៏​អស្ចារ្យ​នៅក្នុង​ជីវិត ។ កីឡាបាល់ទាត់​គឺ​ឧបករណ៍​ដ៏​មាន​ប្រយោជន៍ ក្នុងការ​បង្កើត​ទម្លាប់​ល្អ និង​មិត្ត​ភាពល្អ ។​”

​ប្អូនប្រុស ធឿន គីម​ឆាយ អាយុ​១២​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​៦ នៃ​បថ​មសិ​ក្សា​សំពៅ​មាស រាជធានី​ភ្នំពេញ បាន​និយាយថា “​ខ្ញុំ​សប្បាយចិត្ត ដែល​បានមក​ថ្ងៃនេះ ។ ខ្ញុំ​បាន​ហាត់​បាល់ និង​រៀន​បាន​ច្រើន ។ ខ្ញុំ​ចង់​ក្លាយជា​អ្នកលេង​បាល់ទាត់​ល្បី ដូច​ពួកគាត់​ដែរ ពេល​ធំ​ឡើង ។​”

​រៀបចំឡើង​ដោយ​ក្រុមហ៊ុន អេស ស៊ី ជី និង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ខ្លួន​គឺ​ក្រុមហ៊ុន K-Cement ក្រោម​កិច្ចសហការ​ជាមួយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ព្រឹត្តិការណ៍​បាល់ទាត់ SCG Muangthong United ASEAN Tour ឆ្នាំ​២០១៧ គឺជា​ការប្រកួត​បាល់ទាត់​ដ៏​សំខាន់បំផុត​មួយ​នៅ​ឆ្នាំនេះ ហើយ​បានរួម​ចំណែក​យ៉ាងច្រើន​ដល់​ការរីកចម្រើន​របស់​វិស័យ​បាល់ទាត់​នៅ​កម្ពុជា ។​

​គួរបញ្ជាក់​ផងដែរ​ថា ថវិកា​ដែល​ទទួលបាន​ពី​ការលក់​សំបុត្រ លក់​អាវយឺត​ទាំងអស់ នឹង​ប្រគល់​ទៅ​ឲ្យ​ដល់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ទាំងស្រុង ដើម្បី​បន្ត​អភិវឌ្ឍ​កីឡាករ និង​វិស័យ​កីឡាបាល់ទាត់​នៅ​កម្ពុជា ឲ្យ​ឈានឡើង​ថែម​មួយកម្រិត​ទៀត ។ អ្នកគាំទ្រ​កម្ពុជា​ជាច្រើន​សង្ឃឹមថា ព្រឹត្តិការណ៍​នេះ​នឹង​វិល​ត្រលប់​មកវិញ​ក្នុងពេល​អនាគត​ជាថ្មី​ម្តងទៀត ។​

( អត្ថបទ​ពាណិជ្ជកម្ម )

© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានចម្រុះ