អន្តរជាតិ
កូរ៉េខាងត្បូងបោះដៃរកកូរ៉េខាងជើងដោយស្នើចរចាផ្នែកយោធា អាគារ Tongilgak របស់កូរ៉េខាងជើង ដែលកូរ៉េត្បូងស្នើធ្វើជាកន្លែងចរចា
× កូរ៉េខាងត្បូង នៅថ្ងៃទី១៧ ខែកក្កដា បានស្នើឲ្យភាគីកូរ៉េខាងជើងឲ្យបើកការចរចាផ្នែកយោធាអន្តរកូរ៉េឡើងវិញ ដើម្បីបន្ថយកម្ដៅតានតឹងរវាងបងប្អូនជាសត្រូវទាំងពីរ។ កូរ៉េខាងត្បូង ក៏ស្នើឲ្យមានការបញ្ឈប់សកម្មភាពបង្ករឿងតាមព្រំដែននៃខ្សែស្របទី៣៨ ដែលខណ្ឌចែកកូរ៉េទាំងពីរ។ ជាមួយគ្នានេះ កូរ៉េខាងត្បូង ក៏ចង់ឲ្យមានការរៀបចំការជួបជុំគ្រួសារកូរ៉េដែលបែកបាក់សាច់ញាតិក្នុងសម័យសង្គ្រាមកូរ៉េផងដែរ។
បន្ទាប់ពីកូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលច្រើនលើកមក កូរ៉េខាងត្បូងបានបន្តប្រកាន់ជំហរត្រជាក់ និងបានបោះដៃទៅរកកូរ៉េខាងជើងមុន ដោយបានស្នើឲ្យមានការចរចារវាងយោធាមកពីកូរ៉េទាំងពីរនៅថ្ងៃទី២១ ខែកក្កដាខាងមុខ។ កូរ៉េខាងត្បូង ចង់ឲ្យជំនួបនេះរៀបចំនៅឯអាគារ Tongilgak របស់កូរ៉េខាងជើង ដែលមានទីតាំងក្នុងភូមិ Panmunjom ស្ថិតតាមបណ្ដោយព្រំដែនកូរ៉េទាំងពីរ។ នៅពេលនេះ កូរ៉េខាងត្បូង កំពុងរង់ចាំចម្លើយពីកូរ៉េខាងជើង។
យោងតាមទីភ្នាក់ងារព័ត៌មាន Yonhap អនុរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង Suh Choo-suk និយាយថា ជំនួបកម្រនេះមានគោលដៅបញ្ចប់រាល់ទង្វើបង្កហេតុទាំងអស់តាមព្រំដែនរវាងកូរ៉េខាងត្បូង និងខាងជើង។ កូរ៉េខាងត្បូង ក៏បានស្នើឲ្យកូរ៉េខាងជើងផ្ដល់ចម្លើយតាមរយៈបណ្ដាញទំនាក់ទំនងអន្តរកូរ៉េនៅតំបន់ខាងលិច។ សំណើនេះ ធ្វើឡើងតាមការប្រកាសរបស់ប្រធានាធិបតី មូន ចេអ៊ីន ដែលជ្រើសរើសការចរចាដោយសន្តិភាពដើម្បីបញ្ចប់ជម្លោះនៅឧបទ្វីបកូរ៉េ។
ក្នុងករណីកូរ៉េខាងជើងទទួលយកសំណើកូរ៉េខាងត្បូងមែន នោះវានឹងក្លាយជាការចរចាលើកទីមួយរវាងយោធាកូរ៉េទាំងពីរក្នុងរយៈពេលជិតបីឆ្នាំមកនេះ។ ការចរចាអន្តរកូរ៉េលើផ្នែកយោធាចុងក្រោយបំផុត ធ្វើឡើងកាលពីខែតុលា ឆ្នាំ២០១៤ ប៉ុន្តែមិនបានសម្រេចអ្វីឡើយ។ ចំណែកជំនួបលើកនេះដែលស្នើដោយកូរ៉េខាងត្បូង គេមិនទាន់ដឹងពីរបៀបវារៈនៅឡើយទេ ហើយក៏មិនដឹងថាមន្ត្រីថ្នាក់ណាត្រូវចូលរួមដែរ។
យ៉ាងណាមិញ ពេលនិយាយដល់ការបង្កហេតុតាមព្រំដែននោះ ច្បាស់ជាមានទាក់ទងនឹងការដំឡើងប្រព័ន្ធឧគ្ឃោសនសព្ទតាមព្រំដែនមិនខាន។ កូរ៉េខាងត្បូងតាមដំឡើងប្រព័ន្ធនេះជាច្រើនគ្រឿងតាមព្រំដែន ដើម្បីវាយប្រហារកូរ៉េខាងជើង ខណៈដែលសកម្មជនកូរ៉េខាងត្បូងផ្សេងទៀតក៏រៀបចំឲ្យមានការបង្ហោះប៉េងប៉ោងមានភ្ជាប់សារប្រឆាំងកូរ៉េខាងជើងឆ្លងព្រំដែនផងដែរ។ ច្បាស់ណាស់ថា កូរ៉េខាងជើងប្រាកដជាចង់ឲ្យកូរ៉េខាងត្បូងបញ្ឈប់សកម្មភាពនេះមិនខាន។
ទន្ទឹមនឹងសំណើខាងយោធា កាកបាទក្រហមកូរ៉េខាងត្បូង ក៏បានដាក់សំណើមួយដាច់ដោយឡែកទៅកាន់កូរ៉េខាងជើង ដើម្បីរៀបចំការជួបជុំគ្រួសារបែកបាក់ដោយសង្គ្រាមកូរ៉េ។ កូរ៉េខាងត្បូង ចង់ឲ្យសាច់ញាតិគ្រួសារដែលបែកបាក់ជួបជុំគ្នានៅអំឡុងខែតុលាខាងមុខ ដ្បិតការជួបជុំបែបនេះខានរៀបចំជិតពីរឆ្នាំមកហើយ។ ប៉ុន្តែ ចម្លើយស្ថិតក្នុងដៃកូរ៉េខាងជើងឯណោះ ហើយគេក៏មិនដឹងថាកូរ៉េខាងជើងព្រមឬអត់ដែរ៕
Tag:
កូរ៉េខាងជើង
កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com