កីឡាជាតិ
ជាតិ
លោក Leonardo Vitorino៖ ការប្តូរកីឡាករម្តង១០នាក់គឺដើម្បីកែប្រែស្ថានការណ៍អាក្រក់
× គ្រូបង្វឹកក្រុម Cambodia All Star លោក Leonardo Vitorino បានបង្កើតភាពភ្ញាក់ផ្អើលដល់អ្នកគាំទ្ររាប់ម៉ឺននាក់នៅពហុកីឡដ្ឋានជាតិពាក់ព័ន្ធការដោះដូរកីឡាករ១០នាក់ត្រឹមវគ្គទី១ នាជំនួបជាមួយក្រុម Muangthong United កាលពីយប់មិញ។ ការផ្លាស់ប្តូរដ៏ច្រើនសន្ធឹកសន្ធាប់របស់គ្រូបង្វឹកជនជាតិប្រេស៊ីលរូបនេះ គឺដើម្បីកែប្រែស្ថានការណ៍អាក្រក់ដែលកីឡាករជម្រើស១១នាក់ដំបូងធ្វេសប្រហែសឲ្យដៃគូទាត់បាល់បញ្ចូលទីបាន៣គ្រាប់ត្រឹមរយៈពេល២៥នាទីដំបូង។
លោក Leonardo Vitorino គ្រូបង្វឹកក្រុម Cambodia All Star បានសម្រេចផ្លាស់ប្តូរកីឡាករទ្រង់ទ្រាយធំម្តង១០នាក់ក្នុងពេលតែមួយ ក្រោយការប្រកួតដំណើរបានប្រមាណជាជាង៣០នាទីក្នុងវគ្គទី១។ ការដោះដូរកីឡាករព្រមៗគ្នានេះ បន្ទាប់ពីក្រុម Cambodia All Star បាត់បង់៣គ្រាប់ឲ្យក្រុម Muangthong United ត្រឹមរយៈពេល២៥នាទីដំបូង។
ជុំវិញការដោះដូរកីឡាករទុកតែចាំទី ស៊ូ យ៉ាទី លោក Leonardo Vitorino បានបញ្ជាក់ថា គឺដើម្បីកែប្រែស្ថានការណ៍ដ៏អាក្រក់មួយនេះឲ្យមានភាពប្រសើរឡើងវិញ ព្រោះ លោក សង្កេតឃើញទម្រង់លេងរបស់កីឡាករជម្រើសដំបូងគ្មានការសហការល្អដោយសារកីឡាករម្នាក់ៗមានកម្រិតសមត្ថភាពខុសគ្នា។ ម្យ៉ាងទៀត ដើម្បីផ្តល់ឱកាសឲ្យក្រុមជម្រើសជាតិអាយុក្រោម២៣ឆ្នាំដែលត្រៀមវគ្គជម្រុះពានរង្វាន់ AFC U23 Championship បានដកស្រង់បច្ចេកទេសជាមួយក្រុមមានសមត្ថភាពខ្លាំង។
នាសន្និសីទសារព័ត៌មានក្រោយចាញ់ក្រុម Muangthong United ៤-០ កាលពីយប់មិញ លោក Leonardo Vitorino បានបកស្រាយយ៉ាងដូច្នេះថា៖«ខ្ញុំសង្កេតឃើញថា សមត្ថភាពរបស់ក្រុមជម្រើសដំបូងមានកម្រិតខុសគ្នា ជាពិសេសខ្ញុំឃើញកីឡាករបរទេសខ្លះមានកម្រិតខ្ពស់ ជាហេតុធ្វើឲ្យការលេងមិនសូវបានល្អ។ បញ្ហានេះ ខ្ញុំបានព្យាយាមជ្រើសរើសកីឡាករដែលមានសមត្ថភាពប្រហាក់ប្រហែលគ្នាឲ្យចូលលេង ដើម្បីកែប្រែស្ថានការណ៍អាក្រក់ឲ្យមានភាពល្អប្រសើរឡើងវិញ»។
ក្រោយលោក Leonardo Vitorino ផ្លាស់ប្តូរជម្រើសថ្មីទាំងស្រុងដែលសុទ្ធសឹងជាកីឡាករជម្រើសជាតិអាយុក្រោម២៣ឆ្នាំ គេសង្កេតឃើញថា ស្ថានការណ៍មានលក្ខណល្អប្រសើរជាងមុនពោលគឺពួកគេបានដាក់សម្ពាធ និងបង្កើតឱកាសយ៉ាងច្រើនលើក្រុម Muangthong United។
ទោះបីជម្រើសថ្មីរបស់គ្រូបង្វឹកជនជាតិប្រេស៊ីលបានបាត់បង់១គ្រាប់ទៀតនៅនាទី៨០ក៏ដោយ ប៉ុន្តែពួកគេទទួលបានការកោតសរសើរពីសំណាក់ លោក Leonardo Vitorino និងគ្រូបង្វឹកក្រុម Muangthong United លោក Totchtawan Sripan ថា ជាក្រុមដែលមានទម្រង់លេងល្អ និងមានការសហការពោរពេញដោយកម្លាំងប្រយុទ្ធ៕
Tag:
Leonardo Vitorino
Cambodai All Star
Muangthong United
© រក្សាសិទ្ធិដោយ thmeythmey.com