អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ក្រុមហ៊ុន​ផលិត​នាវាចម្បាំង​ឥណ្ឌូណេស៊ី​ត្រូវប៉ាន់ បន្ទាប់ពី​លក់​នាវា​​ពីរ​គ្រឿង​ឲ្យ​ហ្វីលីពីន
17, Jul 2017 , 2:26 pm         4993
រូបភាព
​បន្ទាប់ពី​លក់​នាវា​យោធា​ផលិត​ក្នុងស្រុក​ចំនួន​ពីរ​គ្រឿង​ឲ្យ​ហ្វីលីពីន ឥណ្ឌូណេស៊ី​កាន់តែ​មានមុខ​មាត់ ហើយ​ប្រទេស​ជាច្រើន​បញ្ជា​ទិញ​នាវា​ពី​បងធំ​អាស៊ាន​មួយ​នេះ​។ អតិថិជន​ថ្មី​របស់​ឥណ្ឌូណេស៊ី​មាន​ទាំង​រដ្ឋ​ជិតខាង​ក្នុង​តំបន់​អាស៊ាន​ផង និង​បណ្តា​ប្រទេស​ជា​មិត្ត​នៅ​អាហ្វ្រិក​ថែមទៀត​។ បច្ចុប្បន្ន​ក្រុមហ៊ុន​រដ្ឋ​ឥណ្ឌូណេស៊ី​ដែល​ផលិត​នាវាចម្បាំង​នេះ​កំពុង​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​ជួយ​គាំទ្រ​បន្ថែម និង ផ្តល់​អាជ្ញា​បណ្ណ​នាំចេញ​នាវាចម្បាំង​នេះ​ទៅកាន់​ប្រទេស​អាហ្វ្រិក​ផងដែរ​។​


​ក្រុមហ៊ុន​រដ្ឋ​ឥណ្ឌូណេស៊ី PT PAL ដែល​ផលិត​នាវា​យោធា​ទទួលបាន​ការបញ្ជាទិញ​ជាច្រើន​ពី​សំណាក់​បណ្តា​ប្រទេស​អាស៊ាន​និង​ប្រទេស​តំបន់​អាហ្វ្រិក​មួយចំនួន​ផង​។ នេះ​បញ្ជាក់​ឲ្យ​ឃើញថា ឥណ្ឌូណេស៊ី កំពុង​រីកមុខ​រីក​មាត់​កាន់តែខ្លាំង និង​កំពុង​ដើរ​ឆ្ពោះទៅ​ក្លាយជា​ប្រទេស​ផលិត​និង​នាំចេញ​អាវុធ​ដ៏​សំខាន់​មួយ​ក្នុង​តំបន់​ផងដែរ​។​

 មាន​ទីស្នាក់ការ​នៅ​ក្រុង Surabaya ខេត្ត​ជា្វ​ខាងកើត កំពុង​សិក្សា​ពី​លទ្ធភាព​ក្នុង​ការផលិត​នាវាចម្បាំង​និង​នាវា​បម្រើ​ប្រយោជន៍​យោធា​ផ្សេងទៀត​ដើម្បី​នាំចេញ​ទៅកាន់​ប្រទេស​អាហ្វ្រិក​។ ប៉ុន្តែ​បច្ចុប្បន្ន​ក្រុមហ៊ុន​រដ្ឋ​នេះ​ត្រូវការ​ជំនួយ​បន្ថែម​ពី​សំណាក់​រដ្ឋាភិបាល​ដើម្បី​អាច​ធានាថា​ខ្លួន​អាចបំពេញ​តាម​តម្រូវការ​នេះ​។

​យោងតាម​សារព័ត៌មាន​ឥណ្ឌូណេស៊ី លោក Budiman Saleh នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ឧស្សាហកម្ម​យោធា​រដ្ឋ​នេះ បាន​បញ្ជាក់ថា ក្រុមហ៊ុន​លោក​នឹង​សហការ​ជាមួយ​ក្រសួងការពារជាតិ​នៅពេល​ខាងមុខ​ដើម្បី​បង្កើន​លទ្ធភាព​និង​ប្រសិទ្ធភាព​ក្នុងការ​ផលិត​។ 

​លោក Budiman Saleh បាន​អះអាងថា បច្ចុប្បន្ននេះ​ក្រុមហ៊ុន​របស់លោក​ទទួល​បាន​ការបញ្ជាទិញ​ពី​ប្រទេស​ជាច្រើន​ជា​មិត្ត​ជិតខាង​នៅ​អាស៊ីអាគ្នេយ៍​ផង និង​មកពី​តំបន់​អាហ្វ្រិក​ផងដែរ​។ នៅ​អាហ្វ្រិក ប្រទេស​ដែល​បញ្ជា​ទិញ​នាវា​យោធា​ពី​ឥណ្ឌូណេស៊ី​មាន នី​ហ្សេ​រី​យ៉ា សេ​ណេ​ហ្កា​ល់ ហ្គី​ណេ​ប៊ី​ស្សូ និង ហ្គា​បុ​ង​ផងដែរ​។

​ប្រទេស​នី​ហ្សេ​រី​យ៉ា​សុំ​ទិញ​នាវា​ដឹកជញ្ជូន​យោធា (Tarlac class) មួយគ្រឿង ខណៈដែល​សេ​ណេ​ហ្កា​ល់​ស្នើសុំ​ទិញ​នាវា​ដឹកជញ្ជូន​មួយគ្រឿង  និង​នាវាល្បឿន​លឿន​បំពាក់​មី​ស៊ី​លនាំផ្លូវ​​ចំនួន​ពីរ​គ្រឿង​ផ្សេងទៀត​ដែរ​។ ចំណែក​ហ្គា​បុ​ង និង​ហ្គី​ណេ​ប៊ី​ស្សូ ចង់​ទិញ​នាវាល្បឿន​លឿន​បំពាក់​មី​ស៊ី​ល​នាំ​ផ្លូវពីរ​គ្រឿង​ផងដែរ​។​
 
​លោក Budiman បាន​ថ្លែង​ដូច្នេះ​៖«​សេ​ណេ​ហ្កា​ល់​ចង់បាន​នាវា​បំពាក់​មី​ស៊ី​ល​នាំ​ផ្លូវ​មាន​ប្រវែង​៤៥​ម៉ែត្រ​មួយគ្រឿង និង ៦០​ម៉ែត្រ​មួយគ្រឿង​។ ចំណែក​ហ្គី​ណេ​ប៊ី​ស្សូ និង​ហ្គា​ប៉ុង​ចង់​ទិញ​នាវា​បំពាក់​មី​ស៊ី​ល​នាំ​ផ្លូវ​ប្រវែង ៦០​ម៉ែត្រ​ម្នាក់​ពីរ​គ្រឿង​ឯណោះ​។ ដូច្នេះហើយ បានជា​យើង​ត្រូវការ​ការ​គំ​ទ្រ​ពី​រដ្ឋាភិបាល​ដើម្បី​អាចមាន​អាជ្ញា​បណ្ណដើ​ម្បី​នាំ​នាវាចម្បាំង​ចេញទៅ​អាហ្វ្រិក​។​»

​ក្រៅពី​ប្រទេស​ជា​មិត្ត​នៅ​អាហ្វ្រិក ប្រទេស​តំបន់​អាស៊ីអាគ្នេយ៍​ជាពិសេស​ម៉ាឡេស៊ី​ក៏​ចាប់អារម្មណ៍​នាវា​យោធា​ផលិត​ដោយ​ក្រុមហ៊ុន​ឥណ្ឌូណេស៊ី​ដែរ​។ ម៉ាឡេស៊ី​កំពុង​ចរចា​ជាមួយ​ឥណ្ឌូណេស៊ី​ព្រោះ​ប្រទេស​នេះ​ចង់បាន​ចង់បាន​ប្រភេទ​នាវា​យោធា​ដែលមាន​ប្រវែង​វែង​រហូតដល់ ១៦៣ ម៉ែត្រ ហើយ​វា​មាន​តួនាទី​ជា​នាវា​ដឹកជញ្ជូន​ឧទ្ធម្ភាគចក្រ​ក្នុងពេល​បំពេញ​ប្រតិបត្តិការ​ផងដែរ​។ ជំហាន​ដំបូង រដ្ឋាភិបាល​ម៉ាឡេស៊ី​ចង់បាន​នាវា​ដែល​អាច​ផ្ទុក​យន្តហោះ​ចំនួន ៥​គ្រឿង​។​

​ឥណ្ឌូណេស៊ី​ល្បីឈ្មោះ​បន្ទាប់ពី​លក់​នាវាចម្បាំង​ពីរ​គ្រឿង​ឲ្យ​ហ្វីលីពីន​

​តាមពិតទៅ​ឥណ្ឌូណេស៊ី​មានឈ្មោះ​កាន់តែ​លេចមុខ​លេច​មាត់​ក្រោយ​ពេលដែល​ខ្លួន​លក់​នាវា​យោធា​ពីរ​គ្រឿង​ឲ្យ​ហ្វីលីពីន​។ បច្ចុប្បន្ននេះ​យោធា​ទាំងពីរ​គ្រឿង​ចូល​បម្រើ​វិស័យ​កងទ័ព​ហ្វីលីពីន​យ៉ាងសកម្ម​។  នាវា​ដឹកជញ្ជូន​ទីមួយ​ត្រូវបាន​ឥណ្ឌូណេស៊ី​បញ្ជូនទៅ​ឲ្យ​ហ្វីលីពីន​នៅ​ខែឧសភា​ឆ្នាំ ២០១៦​។ មួយគ្រឿង​ទៀត​ឈ្មោះ Davao Del Sur-602 ចុងក្រោយ​ត្រូវបាន​ឥណ្ឌូណេស៊ី​បញ្ជូន​ចេញពី​ក្រុង Surabaya ទៅកាន់​ហ្វីលីពីន​នៅក្នុង​ខែឧសភា​កន្លងទៅ​ដែរ​។​

​ឥណ្ឌូណេស៊ី​លក់​នាវា​ទាំងពីរ​គ្រឿង​នេះ​ឲ្យ​ហ្វីលីពីន​ក្នុងតម្លៃ​ត្រឹម ៩០​លាន​ដុល្លារ​ប៉ុណ្ណោះ​ដែល​វា​មានន័យថា​មួយគ្រឿង​វា​មានតម្លៃ ៤៥​លាន​ដុល្លារ​។ ក្នុងតម្លៃ​នេះ គេ​មិន​រាប់បញ្ចូល​ទាំង​ការបំពាក់​អាវុធ និង​គ្រឿង​បរិក្ខា​ផ្សេង​ទៀតឡើយ​។​

​បន្ទាប់ពី​បានទទួល​នាវា​ទាំងពីរ​គ្រឿង​នេះហើយ រដ្ឋាភិបាល​ហ្វីលីពីន​កំពុង​ចរចា​សុំ​ឲ្យ​ឥណ្ឌូណេស៊ី​ជួយ​សាសង់​នាវា​យោធា​ឲ្យ​ខ្លួន​ប្រាំ គ្រឿង​ថែមទៀត​ដែរ​។ ក្នុងចំណោម​នាវា​ទាំងនោះ​មាន​ពីរ គ្រឿង​ជានា​វា​ដឹកជញ្ជូន​យោធា ហើយ​មួយគ្រឿង​ជានា​វា​ដែល​ផ្លាស់ប្តូរ​ជា​មន្ទីរពេទ្យ​សម្រាប់​សង្គ្រោះ​ផង ហើយពីរ​គ្រឿង​ទៀត​ជា​នាវា​បំពាក់​មី​ស៊ី​ល​នាំ​ផ្លូវ​ដែលមាន​ប្រវែង ៦០​ម៉ែត្រ​។​

​ក្រុមហ៊ុន​សាងសង់​នាវាចម្បាំង​ឥណ្ឌូណេស៊ី​ខាងលើ​រំពឹងថា ការបញ្ជាទិញ​ផ្សេងទៀត​នឹង​កើន​ឡើងជា​លំដាប់​នៅ​ឆ្នាំ ២០១៨​ខាងមុខ ហើយ​នាវា​ដែល​ខ្លួន​ផលិត​ឲ្យ​កងទ័ព​ហ្វីលីពីន​ចំនួន​ពីរ​គ្រឿង​កន្លងមក​នោះបាន​រួមចំណែក​សំខាន់​ជួយ​ឲ្យ​អាវុធ​ខ្លួន​មាន​ទីផ្សារ​កាន់តែ​ធំ​៕

Tag:
 ឥណ្ឌូណេស៊ី​
  ហ្វីលីពីន​
  អាហ្វ្រិក
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev123next