អន្តរជាតិ
នយោបាយអន្តរជាតិ
ក្រុមហ៊ុនផលិតនាវាចម្បាំងឥណ្ឌូណេស៊ីត្រូវប៉ាន់ បន្ទាប់ពីលក់នាវាពីរគ្រឿងឲ្យហ្វីលីពីន
× បន្ទាប់ពីលក់នាវាយោធាផលិតក្នុងស្រុកចំនួនពីរគ្រឿងឲ្យហ្វីលីពីន ឥណ្ឌូណេស៊ីកាន់តែមានមុខមាត់ ហើយប្រទេសជាច្រើនបញ្ជាទិញនាវាពីបងធំអាស៊ានមួយនេះ។ អតិថិជនថ្មីរបស់ឥណ្ឌូណេស៊ីមានទាំងរដ្ឋជិតខាងក្នុងតំបន់អាស៊ានផង និងបណ្តាប្រទេសជាមិត្តនៅអាហ្វ្រិកថែមទៀត។ បច្ចុប្បន្នក្រុមហ៊ុនរដ្ឋឥណ្ឌូណេស៊ីដែលផលិតនាវាចម្បាំងនេះកំពុងស្នើសុំឲ្យរដ្ឋាភិបាលជួយគាំទ្របន្ថែម និង ផ្តល់អាជ្ញាបណ្ណនាំចេញនាវាចម្បាំងនេះទៅកាន់ប្រទេសអាហ្វ្រិកផងដែរ។
ក្រុមហ៊ុនរដ្ឋឥណ្ឌូណេស៊ី PT PAL ដែលផលិតនាវាយោធាទទួលបានការបញ្ជាទិញជាច្រើនពីសំណាក់បណ្តាប្រទេសអាស៊ាននិងប្រទេសតំបន់អាហ្វ្រិកមួយចំនួនផង។ នេះបញ្ជាក់ឲ្យឃើញថា ឥណ្ឌូណេស៊ី កំពុងរីកមុខរីកមាត់កាន់តែខ្លាំង និងកំពុងដើរឆ្ពោះទៅក្លាយជាប្រទេសផលិតនិងនាំចេញអាវុធដ៏សំខាន់មួយក្នុងតំបន់ផងដែរ។
មានទីស្នាក់ការនៅក្រុង Surabaya ខេត្តជា្វខាងកើត កំពុងសិក្សាពីលទ្ធភាពក្នុងការផលិតនាវាចម្បាំងនិងនាវាបម្រើប្រយោជន៍យោធាផ្សេងទៀតដើម្បីនាំចេញទៅកាន់ប្រទេសអាហ្វ្រិក។ ប៉ុន្តែបច្ចុប្បន្នក្រុមហ៊ុនរដ្ឋនេះត្រូវការជំនួយបន្ថែមពីសំណាក់រដ្ឋាភិបាលដើម្បីអាចធានាថាខ្លួនអាចបំពេញតាមតម្រូវការនេះ។
យោងតាមសារព័ត៌មានឥណ្ឌូណេស៊ី លោក Budiman Saleh នាយកប្រតិបត្តិក្រុមហ៊ុនឧស្សាហកម្មយោធារដ្ឋនេះ បានបញ្ជាក់ថា ក្រុមហ៊ុនលោកនឹងសហការជាមួយក្រសួងការពារជាតិនៅពេលខាងមុខដើម្បីបង្កើនលទ្ធភាពនិងប្រសិទ្ធភាពក្នុងការផលិត។
លោក Budiman Saleh បានអះអាងថា បច្ចុប្បន្ននេះក្រុមហ៊ុនរបស់លោកទទួលបានការបញ្ជាទិញពីប្រទេសជាច្រើនជាមិត្តជិតខាងនៅអាស៊ីអាគ្នេយ៍ផង និងមកពីតំបន់អាហ្វ្រិកផងដែរ។ នៅអាហ្វ្រិក ប្រទេសដែលបញ្ជាទិញនាវាយោធាពីឥណ្ឌូណេស៊ីមាន នីហ្សេរីយ៉ា សេណេហ្កាល់ ហ្គីណេប៊ីស្សូ និង ហ្គាបុងផងដែរ។
ប្រទេសនីហ្សេរីយ៉ាសុំទិញនាវាដឹកជញ្ជូនយោធា (Tarlac class) មួយគ្រឿង ខណៈដែលសេណេហ្កាល់ស្នើសុំទិញនាវាដឹកជញ្ជូនមួយគ្រឿង និងនាវាល្បឿនលឿនបំពាក់មីស៊ីលនាំផ្លូវចំនួនពីរគ្រឿងផ្សេងទៀតដែរ។ ចំណែកហ្គាបុង និងហ្គីណេប៊ីស្សូ ចង់ទិញនាវាល្បឿនលឿនបំពាក់មីស៊ីលនាំផ្លូវពីរគ្រឿងផងដែរ។
លោក Budiman បានថ្លែងដូច្នេះ៖«សេណេហ្កាល់ចង់បាននាវាបំពាក់មីស៊ីលនាំផ្លូវមានប្រវែង៤៥ម៉ែត្រមួយគ្រឿង និង ៦០ម៉ែត្រមួយគ្រឿង។ ចំណែកហ្គីណេប៊ីស្សូ និងហ្គាប៉ុងចង់ទិញនាវាបំពាក់មីស៊ីលនាំផ្លូវប្រវែង ៦០ម៉ែត្រម្នាក់ពីរគ្រឿងឯណោះ។ ដូច្នេះហើយ បានជាយើងត្រូវការការគំទ្រពីរដ្ឋាភិបាលដើម្បីអាចមានអាជ្ញាបណ្ណដើម្បីនាំនាវាចម្បាំងចេញទៅអាហ្វ្រិក។»
ក្រៅពីប្រទេសជាមិត្តនៅអាហ្វ្រិក ប្រទេសតំបន់អាស៊ីអាគ្នេយ៍ជាពិសេសម៉ាឡេស៊ីក៏ចាប់អារម្មណ៍នាវាយោធាផលិតដោយក្រុមហ៊ុនឥណ្ឌូណេស៊ីដែរ។ ម៉ាឡេស៊ីកំពុងចរចាជាមួយឥណ្ឌូណេស៊ីព្រោះប្រទេសនេះចង់បានចង់បានប្រភេទនាវាយោធាដែលមានប្រវែងវែងរហូតដល់ ១៦៣ ម៉ែត្រ ហើយវាមានតួនាទីជានាវាដឹកជញ្ជូនឧទ្ធម្ភាគចក្រក្នុងពេលបំពេញប្រតិបត្តិការផងដែរ។ ជំហានដំបូង រដ្ឋាភិបាលម៉ាឡេស៊ីចង់បាននាវាដែលអាចផ្ទុកយន្តហោះចំនួន ៥គ្រឿង។
ឥណ្ឌូណេស៊ីល្បីឈ្មោះបន្ទាប់ពីលក់នាវាចម្បាំងពីរគ្រឿងឲ្យហ្វីលីពីន
តាមពិតទៅឥណ្ឌូណេស៊ីមានឈ្មោះកាន់តែលេចមុខលេចមាត់ក្រោយពេលដែលខ្លួនលក់នាវាយោធាពីរគ្រឿងឲ្យហ្វីលីពីន។ បច្ចុប្បន្ននេះយោធាទាំងពីរគ្រឿងចូលបម្រើវិស័យកងទ័ពហ្វីលីពីនយ៉ាងសកម្ម។ នាវាដឹកជញ្ជូនទីមួយត្រូវបានឥណ្ឌូណេស៊ីបញ្ជូនទៅឲ្យហ្វីលីពីននៅខែឧសភាឆ្នាំ ២០១៦។ មួយគ្រឿងទៀតឈ្មោះ Davao Del Sur-602 ចុងក្រោយត្រូវបានឥណ្ឌូណេស៊ីបញ្ជូនចេញពីក្រុង Surabaya ទៅកាន់ហ្វីលីពីននៅក្នុងខែឧសភាកន្លងទៅដែរ។
ឥណ្ឌូណេស៊ីលក់នាវាទាំងពីរគ្រឿងនេះឲ្យហ្វីលីពីនក្នុងតម្លៃត្រឹម ៩០លានដុល្លារប៉ុណ្ណោះដែលវាមានន័យថាមួយគ្រឿងវាមានតម្លៃ ៤៥លានដុល្លារ។ ក្នុងតម្លៃនេះ គេមិនរាប់បញ្ចូលទាំងការបំពាក់អាវុធ និងគ្រឿងបរិក្ខាផ្សេងទៀតឡើយ។
បន្ទាប់ពីបានទទួលនាវាទាំងពីរគ្រឿងនេះហើយ រដ្ឋាភិបាលហ្វីលីពីនកំពុងចរចាសុំឲ្យឥណ្ឌូណេស៊ីជួយសាសង់នាវាយោធាឲ្យខ្លួនប្រាំ គ្រឿងថែមទៀតដែរ។ ក្នុងចំណោមនាវាទាំងនោះមានពីរ គ្រឿងជានាវាដឹកជញ្ជូនយោធា ហើយមួយគ្រឿងជានាវាដែលផ្លាស់ប្តូរជាមន្ទីរពេទ្យសម្រាប់សង្គ្រោះផង ហើយពីរគ្រឿងទៀតជានាវាបំពាក់មីស៊ីលនាំផ្លូវដែលមានប្រវែង ៦០ម៉ែត្រ។
ក្រុមហ៊ុនសាងសង់នាវាចម្បាំងឥណ្ឌូណេស៊ីខាងលើរំពឹងថា ការបញ្ជាទិញផ្សេងទៀតនឹងកើនឡើងជាលំដាប់នៅឆ្នាំ ២០១៨ខាងមុខ ហើយនាវាដែលខ្លួនផលិតឲ្យកងទ័ពហ្វីលីពីនចំនួនពីរគ្រឿងកន្លងមកនោះបានរួមចំណែកសំខាន់ជួយឲ្យអាវុធខ្លួនមានទីផ្សារកាន់តែធំ៕
Tag:
ឥណ្ឌូណេស៊ី
ហ្វីលីពីន
អាហ្វ្រិក
© រក្សាសិទ្ធិដោយ thmeythmey.com