ជាតិ
សេដ្ឋកិច្ច
Air Asia នឹងបើកជើងហោះហើរមកកាន់ខេត្តព្រះសីហនុ នៅខែក្រោយនេះ លោកស្រី Aireen Omar ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន Air Asia
× ម៉ាឡេស៊ី៖ បន្ទាប់ពីមានប្រតិបត្តិការនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្រុមហ៊ុនអាកាសចរ Air Asia នឹងបើកជើងហោះហើរត្រង់មកកាន់ខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី៩ខែសីហាឆ្នាំនេះ។ នេះបើតាមការឲ្យដឹងពីតំណាងជាន់ខ្ពស់របស់ក្រុមហ៊ុននេះ។
លោកស្រី Aireen Omar ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន Air Asia មានប្រសាសន៍ថា Air Asia នឹងបើកជើងហោះហើររបស់ខ្លួននៅអាកាសយានដ្ឋានខេត្តព្រះសីហនុ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារនៃការធ្វើដំណើរតាមផ្លូវអាកាស។ លោកស្រី Aireen Omar បានថ្លែងដូចនេះប្រាប់ក្រុមអ្នកការសែត និងអ្នកបង្កើតប្លុក ដែលបានធ្វើទស្សនកិច្ចនៅស្នាក់ការកណ្ដាលក្រុមហ៊ុននៅប្រទេសម៉ាឡេស៊ី នៅថ្ងៃទី១៤ខែកក្កដា ក្នុងកម្មវិធី Asean Media Bloggers Tourism Hunt ២០១៧ ។
«យើងមើលឃើញថា ខេត្តព្រះសីហនុមានសក្ដានុពល និងមានតម្រូវការពីអ្នកធ្វើដំណើរជុំវិញខេត្តនេះ។ ហើយប្រជាជនកម្ពុជាជាច្រើនបានធ្វើដំណើរកម្សាន្តមកប្រទេសម៉ាឡេស៊ី និងប្រទេសអាស៊ានផ្សេងទៀត»។ នេះជាគូសបញ្ចាក់របស់លោកស្រី Aireen Omar អំពីការសម្រេចចិត្តពង្រីកប្រតិបត្តិការមកកាន់ខេត្តព្រះសីហនុរបស់ក្រុមហ៊ុន Air Asia ។
បើតាមលោកស្រី Aireen Omar ក្រុមហ៊ុន Air Asia ក្នុងជំហានដំបូងរបស់ខ្លួន នឹងបើកជើងហោះហើរ ៤ដងក្នុងមួយសប្ដាហ៍នៅខេត្តព្រះសីហនុ៕
© រក្សាសិទ្ធិដោយ thmeythmey.com