កីឡាជាតិ
ជាតិ
AFC U23៖ FFC បង្កើត​កម្មវិធី​ពិសេស​ទិញ​ពីរ​សំបុត្រ​អាច​ទស្សនា​បាន​បី​ប្រកួត​
17, Jul 2017 , 7:39 pm        
រូបភាព
ដោយ:
​ឱកាស​ពិសេស​សម្រាប់​អ្នកគាំទ្រ និង​ស្នេហា​វិស័យ​កីឡាបាល់ទាត់ ដោយ​ចំណាយ​ថវិកា​ត្រឹមតែ​ពីរ​សំបុត្រ​ប៉ុណ្ណោះ អាច​ទស្សនា​បាន​រហូត​បី​ប្រកួត​នា​វគ្គ​ជម្រុះ​ពូ​ល J នៃ​ព្រឹត្តិការណ៍ AFC U23 Championship 2018 ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។ U23 កម្ពុជា​ត្រូវ​បើកទ្វារ​ពហុ​កីឡដ្ឋាន​ជាតិ​ស្វាគមន៍​ក្រុម ចិន ជប៉ុន និង​ហ្វីលីពីន ជា​បន្តបន្ទាប់​ចាប់ពី​ថ្ងៃទី​១៩ កក្កដា នេះ​តទៅ​។​



​ដើម្បី​អបអរ និង​ជាការ​លើកទឹកចិត្ត​ដល់​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម​២៣​ឆ្នាំ​កម្ពុជា សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​បង្កើត​កម្ម​វី​ធី​ពិសេស​ទិញ​សំបុត្រ​ពីរ​ថែម​១​សម្រាប់​អ្នកគាំទ្រ​។ រាល់​ការទិញ​សំបុត្រ​ចូលរួម​ទស្សនាការ​ប្រកួត​វគ្គ​ជម្រុះ​ពូ​ល J នៃ​ពានរង្វាន់ AFC U23 Championship ពីរ​ប្រកួត​ព្រម​គ្នា​រវាង U23 កម្ពុជា ជាមួយ ចិន នៅ​ថ្ងៃទី​១៩ កក្កដា និង​ជាមួយ ជប៉ុន នៅ​ថ្ងៃទី​២១ កក្កដា លោក​អ្នកនឹង​ទទួលបាន​សំបុត្រ​ទស្សនា​ការប្រកួត​រវាង U23 កម្ពុជា និង​ហ្វីលីពីន ដោយ​ឥតគិតថ្លៃ​។

​សំបុត្រ​ចូលរួម​ទស្សនាការ​ប្រកួត​នេះ​មាន​ពីរ​ប្រភេទ គឺ​តម្លៃ​១​ម៉ឹ​ន​រៀល​សម្រាប់​កន្លែង​មាន​ដំបូល និង​៥​ពាន់​រៀល​សម្រាប់​កន្លែង​គ្មាន​ដំបូល​។ អ្នកគាំទ្រ​ទាំងអស់​អាច​រក​ទិញ​សំបុត្រ​ទាំងនេះ នៅក្បែរ​ក្លោងទ្វារ​ច្រកចូល​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​។

​ក្រុម U23 ចិន ជប៉ុន និង​ហ្វីលីពីន បាន​ដល់​ប្រទេស​កម្ពុជា​អស់ហើយ​នៅ​រសៀល​ថ្ងៃទី​១៧ ខែកក្កដា នេះ ដើម្បី​ត្រៀម​ការប្រកួត​វគ្គ​ជម្រុះ​ពានរង្វាន់ AFC U23 Championship 2018 នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​៕  


Tag:
 AFC U23 Championship 2018
  U23 កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com