រថយន្ត
អង្គការភ្លែនអន្តរជាតិ ផ្តល់ជំនាញដំឡើងរថយន្ត ដល់យុវជនជាង១០០នាក់
× សៀមរាប៖ អង្គការភ្លែនអន្តរជាតិកម្ពុជា បានសហការជាមួយវិទ្យាស្ថានពហុបច្ចេកវិទ្យាកម្ពុជា បណ្តុះបណ្តាលជំនាញជុសជុល និងថែទាំរថយន្ត ដល់យុវជនចំនួន១១០នាក់ ដែលមកពីខេត្តចំនួន៤ រួមមានត្បូងឃ្មុំ សៀមរាប រតនគិរី និងខេត្តស្ទឹងត្រែង។ នេះបើតាម លោក យី គឹមថាន ប្រធានគ្រប់គ្រងកម្មវិធីថ្នាក់ជាតិរបស់អង្គការភ្លែនអន្តរជាតិកម្ពុជា។
យុវជនខ្មែរងាយរងគ្រោះចំនួន ១១០នាក់ បានទទួលការបណ្តុះបណ្តាលវិជ្ជាជីវៈ លើជំនាញជួសជុល និងថែទាំរថយន្ត ដែលជាគម្រោងរបស់អង្គការភ្លែនអន្តរជាតិកម្ពុជា។ ជំនាញជួសជុល និងថែទាំរថយន្ត បានបង្កើតឱកាសដល់ពួកគេ ទទួលបានការងារធ្វើដែលមានប្រាក់ខែសមរម្យ ដើម្បីជួយលើកកម្ពស់ជីវភាពគ្រួសាររបស់ពួកគេផងដែរ។
លោក យី គឹមថាន ប្រធានគ្រប់គ្រងកម្មវិធីថ្នាក់ជាតិរបស់អង្គការភ្លែនអន្តរជាតិកម្ពុជា បានមានប្រសាសន៍ក្នុងពិធី បញ្ចប់គម្រោងបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់យុវជនងាយរងគ្រោះនៅកម្ពុជា កាលពីពេលកន្លងទៅថា គម្រោងជួសជុល និងថែទាំរថយន្ត បានប្រព្រឹត្តទៅអស់ពេលជិត៣ឆ្នាំហើយ។ លោកបន្ថែមថា អង្គការភ្លែន បានសហការជាមួយវិទ្យាស្ថានពហុបច្ចេកវិទ្យាកម្ពុជា និងក្រុមហ៊ុន HYUNDAI របស់កូរ៉េខាងត្បូង ដើម្បីផ្តល់ការបណ្តុះបណ្តាល និងកន្លែងអនុវត្តសម្រាប់យុវជនទាំងនោះ។ លោក យី គឹមថាន បញ្ជាក់យ៉ាងដូច្នេះថា៖«ពួកគេរៀនរយៈពេល១ឆ្នាំក្នុងមួយវគ្គ ដោយរៀនទ្រឹស្តីផង និងអនុវត្តន៍ផ្ទាល់ផង។ ក្រោយវគ្គបណ្តុះបណ្តាល ពួកគេសុទ្ធតែទទួលបានការងារធ្វើ»។
ក្រៅពីជំនាញជួសជុស និងថែទាំរថយន្ត អង្គការ Plan International Cambodia បានបណ្តុះបណ្តាលយុវជនដែលងាយរងគ្រោះ ដូចជាយុវជនបោះបង់ការសិក្សា និងយុវជនពិការជាដើម សរុបជាង២ពាន់នាក់ ឲ្យទទួលបានជំនាញជាច្រើន ដូចជា ចុងភៅ ជុសជុសទូរសព្ទដៃ ម៉ូតូ កង់ គោយន្ត និងតុបតែងមុខ និងធ្វើសក់ និងកាត់ដេរសំលៀកបំពាក់ជាដើម។
សូមស្តាប់ប្រសាសន៍ លោក យី គឹមថាន ដូចតទៅ ៖
Tag:
យុវជន
ការងារ
រថយន្ត
© រក្សាសិទ្ធិដោយ thmeythmey.com