ជាតិ
សម្តេច ហ៊ុន សែន ចង់ពង្រីកវិសាលភាព ICC ទៅដល់តំបន់ប្រាសាទសំបូរព្រៃគុក
× សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាពិធីអបអរសាទរការចុះតំបន់ប្រាសាទសំបូរព្រៃគុកក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅពហុកីឡដ្ឋានជាតិអូឡាំពិកនាល្ងាចថ្ងៃទី១៧ ខែកក្កដា នេះ បានបង្ហើបពីគោលបំណងពង្រីកវិសាលភាពគណៈកម្មាធិការអន្តរជាតិ សម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់អង្គរ (ICC) ទៅដល់តំបន់ប្រាសាទសំបូរព្រៃគុក។
សម្តេច ហ៊ុន សែន បានលើកឡើងថា សម្តេចមិនចង់ឃើញការបង្កើតយន្តការច្រើននោះឡើយ ដោយសម្តេចចង់ឃើញអាយស៊ីស៊ី (ICC) ដែលមានជប៉ុន និងបារាំង ជាសហប្រធាន ពង្រីកការងារខ្លួនលើការងារអភិរក្សតំបន់ប្រាសាទសំបូរព្រៃគុក។
អាយស៊ីស៊ី (ICC) ជាពាក្យកាត់មកពីភាសាអង់គ្លេស International Coordination Committee for the Safeguarding and Development of Historic Site of Angkor ដែលមានន័យជាភាសាខ្មែរថា គណៈកម្មាធិការអន្តរជាតិ សម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់អង្គរ។ គណៈកម្មាធិការនេះ ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៣ ក្រោយសនិ្នសីទអន្តរជាតិលើកទី១ស្តីពីអង្គរនៅទីក្រុងតូក្យូ ប្រទេសជប៉ុន តាមសំណូមពររបស់គណៈកម្មធិការ បេតិកភណ្ឌពិភពលោកពេលទទួលចុះអង្គរទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។
សម្តេច ហ៊ុន សែន បានបញ្ជាក់ថា សម្តេចនឹងលើកយកផែនការពង្រីកយន្តការអន្តរជាតិ ICC នេះ ទៅពិភាក្សាជាមួយលោកស្រីឯកអគ្គរដ្ឋទូតបារាំង និងលោកឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជា ហើយវាក៏នឹងក្លាយជាប្រធានបទនៃជំនួបរបស់សម្តេចជាមួយនាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូ អាបេ នាអំឡុងនៃដំណើរទស្សនកិច្ចរបស់សម្តេចនៅប្រទេសជប៉ុន ខែក្រោយផងដែរ៕
Tag:
តំបន់ប្រាសាទសំបូរព្រៃគុក
ICC
© រក្សាសិទ្ធិដោយ thmeythmey.com