ជាតិ
ព្រឹទ្ធសភា យល់ស្រប​ទាំងស្រុង លើ​ច្បាប់​ដែល​ហាម​គណបក្ស មិន​ឲ្យ​ពាក់ព័ន្ធ​នឹង​អ្នកទោស​
18, Jul 2017 , 10:07 am        
រូបភាព
សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា ដឹកនាំកិច្ចប្រជុំពេញអង្គព្រឹទ្ធសភា ដើម្បីអនុម័តសេចក្តីស្នើសុំធ្វើវិសោធនកម្មលើច្បាប់ស្តីពីគណបក្សនយោបាយ នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧។ រូបភាពពីហ្វេសបុកព្រឹទ្ធសភា
សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា ដឹកនាំកិច្ចប្រជុំពេញអង្គព្រឹទ្ធសភា ដើម្បីអនុម័តសេចក្តីស្នើសុំធ្វើវិសោធនកម្មលើច្បាប់ស្តីពីគណបក្សនយោបាយ នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧។ រូបភាពពីហ្វេសបុកព្រឹទ្ធសភា
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ព្រឹទ្ធសភា បាន​បើក​កិច្ចប្រជុំពេញអង្គ នៅ​ព្រឹក​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២0១៧​នេះ ដើម្បី​ពិនិត្យ​និង​ផ្តល់យោបល់​លើ​សេចក្តីស្នើសុំ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្សនយោបាយ​។ ក្រោយ​បញ្ចប់​កិច្ចប្រជុំ ព្រឹទ្ធសភា ក៏​សម្រេច​អនុម័ត​លើ​សេចក្តីស្នើ​ខាងលើ​ទាំងស្រុង ដោយ​មិន​កែ​ប្រែ​ឬ​ជំទាស់​អ្វី​ឡើយ​។



​ជា​នីតិវិធី ក្រោយ​ពិនិត្យ​និង​អនុម័ត​រួច ព្រឹទ្ធសភា ត្រូវ​ប​ញ្ចូ​ន​សេចក្តីស្នើច្បាប់​ខាងលើ ទៅ​ឲ្យ​រដ្ឋសភា​វិញ​។ នេះ​បើតាម​លោក ឡេង ប៉េងឡុង អគ្គលេខាធិការ​និង​ជា​អ្នកនាំពាក្យ​រដ្ឋសភា ដែល​ធ្លាប់​ពន្យល់ កន្លងមក​។

​លោក ឡេង ប៉េងឡុង ធ្លាប់​និយាយថា ក្រោយមកទៀត រដ្ឋសភា នឹង​ប​ញ្ចូ​ន​សេចក្តីស្នើច្បាប់​នេះ ទៅកាន់​ក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បី​ពិនិត្យ​បន្ត​។ លោក បន្ថែមថា បើ​ពិនិត្យ​ចប់សព្វគ្រប់ ដោយមិនជំទាស់​នោះទេ ក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវបញ្ជូន​សេចក្តីស្នើច្បាប់ ទៅកាន់​រដ្ឋ​សភា​វិញ​។ លោក​បញ្ចា​ក់ថា ចុងក្រោយ​រដ្ឋសភា នឹង​បញ្ជូន​សេចក្តីស្នើច្បាប់ ទៅកាន់​រដ្ឋាភិបាល ហើយ​រដ្ឋាភិបាល នឹង​បន្ត​ថ្វាយទៅ​ព្រះមហាក្សត្រ ដើម្បី​ឡាយ​ព្រះ​ហត្ថលេខា ប្រកាស​ឲ្យ​ប្រើប្រាស់​។​

​ផ្អែកលើ​ខ្លឹមសារ​ថ្មី ដែល​ត្រូវបាន​បញ្ចូល​ទៅក្នុង​ច្បាប់​ស្តីពី​គណបក្សនយោបាយ គណបក្ស​ណាក៏ដោយ មិនអាច​ពាក់ព័ន្ធ​នឹង​អ្នកទោស ដើម្បី​បាន​ផលប្រយោជន៍​ផ្នែក​នយោបាយ ឡើយ​។ ទង្វើ ដែល​ខ្លឹ​សារ​ថ្មី បានកំណត់​និង​ហាមប្រាម​មិន​ឲ្យ​គណបក្ស ប្រព្រឹត្ត ដើម្បី​បាន​ប្រយោជន៍​ផ្នែក​នយោបាយ មានដូចជា ការប្រើប្រាស់នូវរូបថត សារ​ជា​សំឡេង វីដេអូ និង​អត្ថបទ​ជា​លាយលក្ខណ៍អក្សរ របស់​បុគ្គល​ណា​ម្នាក់ ដែល​ត្រូវបាន​តុលាការ​កាត់ក្តី ឲ្យ​ក្លាយជា​អ្នកទោស។ លើសពីនេះ ខ្លឹមសារ​ថ្មី ក៏​មិន​ឲ្យ​គណបក្ស បង្ហាញ​ការគាំទ្រចំពោះសកម្មភាព​របស់​បុគ្គល​ណា​ម្នាក់ ដែលមាន​ឈ្មោះ​ជា​អ្នកទោស ដែរ។ យោងតាម​ខ្លឹមសារ​ថ្មី ប្រសិនបើ គណបក្ស​ណាមួយ បាន​ប្រព្រឹត្ត​នូវ​ទង្វើ​ខាងលើ តុលាការ អាចមាន​សិទ្ធិអំណាច ដើម្បី​រំលាយ​គណបក្ស​នោះបាន​។​

​នេះ ជា​លើក​ទី​ពីរ​ហើយ ដែល​ច្បាប់​ស្តីពី​គណបក្សនយោបាយ ត្រូវបានធ្វើ​វិសោធនកម្ម ក្នុង​ឆ្នាំ​២0១៧​។ ការធ្វើវិសោធកម្ម​លើកទីមួយ បាន​កំណត់ថា អ្នកទោស មិនអាច​ធ្វើជា​ប្រធាន​គណបក្ស ឬក៏​ធ្វើជា​សមាជិក​គណៈកម្មាធិកា​រ​នាយក​នៃ​គណបក្ស​ណាមួយ​ឡើយ​៕


Tag:
 ច្បាប់​នយោបាយ​
  ព្រឹទ្ធសភា​
  អនុម័ត​
© រក្សាសិទ្ធិដោយ thmeythmey.com