ជាតិ
សេដ្ឋកិច្ច
រដ្ឋាភិបាល​នឹង​ទម្លាក់​កញ្ចប់​ថវិកា​សម្រាប់​ផ្ដល់​កម្ចី​ប្រមូល​ទិញ​ពោត និង​ធ្វើ​ឃ្លាំង​ស្តុក​
18, Jul 2017 , 1:58 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ រដ្ឋាភិបាល​គ្រោង​ទម្លាក់​កញ្ចប់​ថវិកា​ពិសេស​ដែល​អាចមាន​ទំហំ​ដល់ ៥០​លាន​ដុល្លារ សម្រាប់​ផ្ដល់​ឥណទាន​ដល់​វិស័យ​ឯកជន ដើម្បី​ប្រមូល​ទិញ​ពោត និង​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ពាក់ព័ន្ធ​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​របស់​ប្រធាន​ធនាគារ​អភិវឌ្ឍន៍ជនបទ នៅក្នុង​កិច្ចប្រជុំ​ដោះស្រាយ​បញ្ហា​ទីផ្សារ​ផលិតផល​ពោត នៅ​ថ្ងៃទី​១៧​ខែកក្កដា​។



​លោក កៅ ថាច អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍ជនបទ (RDB) បាន​ថ្លែងប្រាប់​អ្នកកាសែត​នៅក្រោយ​កិច្ចប្រជុំ​ថា រដ្ឋាភិបាល​បង្វែរ​កញ្ចប់​ថវិកា​សង្គ្រោះ​វិស័យ​ស្រូវ​អង្ករ​ចំនួន ២៧​លាន​ដុល្លា ទៅជា​ថវិកា​សម្រាប់​វិស័យ​ពោត​វិញ​។ លោក​បញ្ជាក់ថា នេះ​ជា​ថវិកា​ជាក់ស្ដែង​ដែល​អាច​ប្រើ​ជា​បណ្ដោះអាសន្ន រីឯ​ថវិកា​សរុប​សម្រាប់​វិស័យនេះ​អាចឈាន​ដល់ ៥០​លាន​ដុល្លារ​ឯណោះ តែ​ត្រូវ​រង់ចាំ​ការសម្រេច​ពី​រដ្ឋាភិបាល​។

RDB នឹង​ផ្ដល់​កម្ចី​ទឹកប្រាក់​ដែល​ស្ថិតក្រោម​កញ្ចប់​ថវិកា​ពិ​សេស​នេះ ដោយ​គិត​អត្រា​ការប្រាក់​មិន​លើសពី​៧​ភាគរយ​។ លោក កៅ ថាច ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖«​ឆ្នាំមុន​សម្រាប់​ស្រូវ គិត​អត្រា​ការប្រាក់ ៧​ភាគរយ តែ​លើក​នេះ​សម្រាប់​ពោត​មិន​ហ៊ាន​សន្យាថា​ប៉ុន្មាន​ភាគរយ​ទេ ប៉ុន្តែ​ដឹង​តែ​ក្រោម​៧​ភាគរយ​»​។ លោក​បញ្ជាក់ថា យន្តការ​នៃ​ការផ្ដល់​ឥណទាន គឺ​ដូចនឹង​យន្តការ​អនុវត្ត​លើ​វិស័យ​ស្រូវ​ដែរ ដែល​យក​ពោត​ជា​វត្ថុ​ធានា ហើយ​អ្នក​ខ្ចី​ត្រូវមាន​កន្លែង​ស្តុក​ទុក​ឲ្យ​បាន​ត្រឹមត្រូវ​។​

​បើតាម​លោក កៅ ថាច ថវិកា​នេះ​ត្រូវ​បើ​ប្រាស់​សម្រាប់​កម្ចី​មូលធន ដើម្បី​អាច​ឲ្យ​វិស័យ​ឯកជន​ប្រមូល​ទិញ​ពោត និង​វិនិយោគ​លើ​ឃ្លាំង​ស្តុក ឡស​ម្ងួ​ត ។ លោក​បន្ថែមថា ការចាប់ផ្ដើម​អនុវត្ត​កញ្ចប់​ថវិកា​ពិសេស​នេះ ត្រូវ​រង់ចាំ​ការសម្រេច​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នាពេល​ឆាប់ៗ​ខាងមុខ​។ លោក​បន្តថា សម្រាប់​កម្ចី​យកទៅ​ទិញ​ពោត RDB នឹង​កំណត់​រយៈពេល​ក្រោម​មួយឆ្នាំ​សម្រាប់​ការសង​ត្រឡប់ ប៉ុន្តែ​បើក​ម្ចី​សម្រាប់​វិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​នឹងមាន​ការកំណត់​រយៈពេល​សង​ដល់ ៥​ទៅ​៧​ឆ្នាំ​។​

​បើ​ទោះ​មានការ​បញ្ចេញ​ថវិកា​របស់​រដ្ឋាភិបាល​ដល់​វិស័យ​ឯកជន ប៉ុន្តែ​លោក កៅ ថាច នៅតែ​បារម្ភ​ថា​តម្រូវការ​ថវិកា​ជាក់ស្ដែង​អាច​ខុសពី​ការលើកឡើង​របស់​ផ្នែក​ឯកជន​។  លោក​និយាយ​យ៉ាងដូច​នេះ​ថា​៖«​ការខ្វះ​ទុន​ដូច​មិន​ច្រើន​ប៉ុន្មាន គឺ​ដូច​វិស័យ​ស្រូវ​ឆ្នាំមុន​យើង​បញ្ចេញ​ទឹកប្រាក់​តែ ៣,៥​លាន​ដុល្លារ​នៃ​ថវិកា ២៧​លាន​ដុល្លារ យើង​មិនដឹងថា​យ៉ាងម៉េច​?»​។​

​គម្រោង​ទម្លាក់​កញ្ចប់​ថវិកា​ពិសេស​របស់​រដ្ឋាភិបាល​នៅពេលនេះ គឺ​ស្រប​ពេលដែល​ផលិតផល​ពោត​ជួប​បញ្ហា​ទីផ្សារ​។  អ្នក​ក្នុង​វិស័យនេះ​អះអាងថា តម្រូវការ​ទាំង​ក្នុងស្រុក និង​ក្រៅប្រទេស​បាន​ធ្លាក់ចុះ​ខ្លាំង ដែល​ធ្វើ​កសិករ​ខ្វះ​ទីផ្សារ និង​លក់​ពោត​បាន​តម្លៃថោក​។ អ្នក​ទាំងនេះ​បន្ថែមថា បញ្ហា​នាំចូល​ជ្រូក​យ៉ាងគំហុក​ពី​ប្រទេសជិតខាង បានធ្វើ​ឲ្យ​អ្នក​ផលិត​ចំណី​សត្វ​ក្នុងស្រុក​បន្ថយ​ការទិញ​ពោត​។

​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរ​សក្ដិ មានប្រសាសន៍ថា ថវិកា​នេះ​នឹង​ជួយ​ដល់​វិស័យ​ពោត ព្រោះថា​ឈ្មួញ​នឹងមាន​ទុន​បន្ថែម​ដើម្បី​ប្រមូល​ទិញ​ពី​កសិករ និង​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​។ លោក​បន្ថែមថា កង្វះ​ឃ្លាំង​ស្តុក និង​ឡស​ម្ងួ​ត ជា​កត្តា​មួយ​ដែល​តម្លា​ក់ត​ម្លៃ​ពោត​។ ទិន្នផល​ពោត​នៅ​ខេត្ត​ផលិត​ពោត​សំខាន់​ទាំងបី គឺ ខេត្តបាត់ដំបង ប៉ៃលិន និង​ខេត្តបន្ទាយមានជ័យ មាន​ចំនួន​សរុប​ប្រមាណ ១​លាន​តោន ដែល​នាំ​ចេញទៅ​ក្រៅប្រទេស​ជាង ១០​ម៉ឺន​តោន​។ នេះ​បើតាម​លោក ប៉ាន សូរ​សក្ដិ ៕


Tag:
 ពោត
© រក្សាសិទ្ធិដោយ thmeythmey.com