ជាតិ
រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ឲ្យ​តាម​មន្ទីរ​រៀន​ធ្វើ​ទូរទស្សន៍​អន​ឡាញ​ដើម្បី​ប្រកួតប្រជែង​ផ្នែក​ព័ត៌មាន​
18, Jul 2017 , 7:19 pm        
រូបភាព
«លោក ខៀវ កាញារីទ្ធ ក្នុងពិធីសំណេះសំណាលជាមួយមន្រ្តីនៃមន្ទីរព័ត៌មានខេត្តសៀមរាប។ រូបថត៖ អ៊ីសា រ៉ហានី
«លោក ខៀវ កាញារីទ្ធ ក្នុងពិធីសំណេះសំណាលជាមួយមន្រ្តីនៃមន្ទីរព័ត៌មានខេត្តសៀមរាប។ រូបថត៖ អ៊ីសា រ៉ហានី
​សៀមរាប​៖ រដ្ឋមន្ត្រីក្រសួង​ព័ត​មាន មាន​សុទិដ្ឋិនិយម​ខ្ពស់ ចំពោះ​គម្រោង​រៀបចំ​ឲ្យ​មាន​ទូរទស្សន៍​អន​ឡាញ នៅតាម​បណ្តា​មន្ទីរ​ព័ត៌មាន​ខេត្ត​-​ក្រុង​។ លោក​បញ្ជាក់ថា គោលបំណង​សំខាន់​នៃ​គម្រោង​ទូរទស្សន៍​អន​ឡាញ​នេះ គឺ​ដើម្បី​ជាការ​ប្រកួតប្រជែង​ផ្នែក​ព័ត​មាន​ផង និង​ជាការ​បង្កើត​ចំណូល​បន្ថែម​ដល់​បណ្តា​មន្ទីរ​ព័ត៌មាន​ទាំងនោះ​ផង​។​



​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ ថ្លែងថា វា​ជា​រឿង​ដ៏​សំខាន់ ដែល​គេ​ត្រូវ​ជ្រើស​រើសយក​ជម្រើស​ណាមួយ ដែល​មហាជន​គាំទ្រ និង​ងាយស្រួល​ក្នុងការ​ទស្សនា​។ ត្រង់ចំណុច​នេះ លោក​ចង់​សំដៅ​ដល់​ការបង្កើត​ទូរទស្សន៍​អន​ឡាញ​តាម​បណ្តា​មន្ទីរ​ព័ត៌មាន និង​ការចាក់ផ្សាយ​នៅតាម​ទូរទស្សន៍​ខ្សែកាប ដែលជា​ជម្រើស​ដ៏​ល្អ​សម្រាប់​ប្រជាជន​រស់នៅក្នុង​ទីក្រុង​។

​តាម​លោក​រដ្ឋមន្ត្រី ការរៀបចំ​គម្រោង​នេះ​ឡើង គឺ​ក្នុង​បំណង​សំខាន់ ទីមួយ កាត់បន្ថយ​ចំណាយ (​ដោយ​មិនបាច់ចាំ​មាន​ស្ទូឌីយូ​, និង​ដំឡើង​អង់​តែ​ន​ជាដើម​) ទី​ពីរ ជាការ​សាកល្បង​ការរៀនសូត្រ និង​ទី​បី ដើម្បី​បង្កើត​ចំណូល​បន្ថែម​ដល់​មន្ទីរ​ព័ត៌មាន​មួយៗ​។ ក្នុងដំណាក់កាល​នេះ តាម​លោក​រដ្ឋមន្ត្រី ការផ្សាយ​នឹង​ចាប់ផ្តើម​ពី​ការផ្សាយ​តាម​អន​ឡាញ និង​ជួល​ម៉ោង​ចាក់ផ្សាយ​តាម​ទូរទស្សន៍​ខ្សែកាប ដែល​ក្នុង​មួយថ្ងៃ ចាប់ពី​៤​ទៅ​៥​ម៉ោង​សិន​។​

​យ៉ាងណា ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​មន្ត្រី​នៃ​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី​១៨ កក្កដា​នេះ លោក ខៀវ កាញារីទ្ធ បញ្ជាក់ថា ការរៀបចំ​នេះ​អាច​ជោគជ័យ​ទៅបាន គឺ​អាស្រ័យ​លើ​ឆន្ទៈ និង​ការច្នៃប្រឌិត​របស់​ប្រធាន​មន្ទីរ​មួយៗ​។ តាម​រដ្ឋមន្ត្រី គម្រោង​នេះ​បាននិងកំពុង​ដំណើរកា​រ​ដោយ​ជោគជ័យ​នៅតាម​ខេត្ត​មួយចំនួន រួមមាន ខេត្តកំពង់ចាម កំពង់ធំ ព្រៃវែង និង​ខេត្តក្រចេះ​៕


Tag:
 ខៀវ កាញារីទ្ធ​
  ក្រសួង​ព័ត៌មាន
© រក្សាសិទ្ធិដោយ thmeythmey.com