ជាតិ
ច្បាប់​បក្សនយោបាយ​ថ្មី ហាម​ដាក់ «​ឈ្មោះ ឬ​រូបភាព​រូបវន្តបុគ្គល​» ធ្វើជា​សញ្ញា​សម្គាល់​បក្ស
18, Jul 2017 , 4:09 pm        
រូបភាព
ដោយ:
​មាត្រា​សំខាន់​មួយ​ក្នុងចំណោម​សេចក្តីស្នើ​វិសោធនកម្ម​ច្បាប់​គណបក្សនយោបាយ បានកំណត់​មិន​ឲ្យ​គណបក្សនយោបាយ​ទាំងអស់ ដាក់ឈ្មោះ ឬ​រូបភាព​របស់​រូបវន្ត​បុគ្គល ដើម្បី​ធ្វើជា​ស្លាក​សញ្ញា​សម្គាល់​គណបក្ស​ឡើយ​។



​នៅពេលដែល​សេចក្តីស្នើ​វិសោធនកម្ម​ច្បាប់​គណបក្សនយោបាយ​ថ្មី ចូល​ជា​ធរមាន គណបក្ស​ណា ដែលមាន​ឈ្មោះ ឬ​រូបភាព​រូបវន្តបុគ្គល សម្រាប់​ធ្វើជា​ស្លាក​សម្គាល់​គណបក្ស ត្រូវ​ដកចេញ​ជាបន្ទាន់​។ មាត្រា ៤៨ ថ្មី  ដែល​ស្នើឡើង​ដោយ​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា បានចែង​យ៉ាងនេះ​ថា​៖ «​ចំពោះ​គណបក្សនយោបាយ​ណា ដែលមាន​ឈ្មោះ ឬ​សញ្ញា​សម្គាល់​របស់​គណបក្ស​ជា​ឈ្មោះ  ឬ​រូបភាព​របស់​រូបវន្ត​បុគ្គល ត្រូវ​ផ្លាស់ប្តូរ​ឈ្មោះ  ឬ​សញ្ញា​សម្គាល់ ឲ្យ​ស្របតាម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​នេះ ក្នុង​រយៈពេល ៩០ ថ្ងៃ យ៉ាងយូរ គិត​ចាប់​ពីថ្ងៃ​ដែល​ច្បាប់​នេះ​ចូល​ជា​ធរមាន​»​។​

​បច្ចុប្បន្ន​គណបក្សនយោបាយ ដែល​កំពុង​ប្រើ​ឈ្មោះ​រូបវន្តបុគ្គល គឺ​គណបក្ស សម រង្ស៊ី ដែលជា​ឈ្មោះ​របស់លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។ បច្ចុប្បន្ន​គណបក្ស​នេះ មាន​លោក ទៀវ វ​ណ្ណុល ជា​ប្រធាន និង​មាន​សមាជិក​ព្រឹទ្ធសភា​ចំនួន ១១ រូប​។ ចំណែក​គណបក្ស​ដែល​ដាក់​រូបភាព​រូបវន្តបុគ្គល សម្រាប់​សម្គាល់​គណបក្ស​វិញ គឺ​គណបក្ស​ហ្វ៊ុន​ស៊ិន​ប៉ិច ដែល​ដាក់​រូប​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ​។

​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ពន្យល់​បាប់​សារព័ត៌មាន​ថ្មីៗ​ថា ការស្នើ​បញ្ញត្តិ​មិនឲ្យ​យកឈ្មោះ ឬរូបភាពរូប​វន្តបុគ្គលសម្រាប់សម្គាល់បក្សនេះឡើង​ ខាង​តំណាងរាស្ត្រ​គណបក្ស​បក្ស​ប្រជាជន​កម្ពុជា មិនមាន​ចេតនា​ធ្វើបាប​គណបក្ស​ណាមួយ​ទេ តែ​ធ្វើឡើង​ដើម្បី​ប្រយោជន៍​សង្គម​ទូទៅ​។ 

​ជាមួយគ្នានេះ អ្នកនាំពាក្យ​គណបក្ស​បក្ស​ប្រជាជន​កម្ពុជា​ខាងលើ បន្ថែមថា សម្រាប់​រូបភាព​រូបវន្តបុគ្គល​នៅលើ​ផ្ទាំង​ផ្សព្វផ្សាយ​បក្ស​(​ក្រៅពី​ស្លាក់​សញ្ញា​សម្គាល់​បក្ស​) មិន​ចោទ​ជា​បញ្ហា​នោះទេ បើសិនជា​ឈ្មោះ​ឬ​រូបភាព​រូបវន្តបុគ្គល​នោះ មិនមែនជា​ទណ្ឌិត​។ « ដូច​រូប​សម្តេច ហ៊ុន សែន និង​សម្តេច ហេង សំរិន នៅលើ​ផ្ទាំង​ផ្សព្វផ្សាយ​បក្ស​ប្រជាជន​កម្ពុជា មិន​ខុស​នោះទេ​»​។ នេះ​ជាការ​បរិយាយ​ចុងក្រោយ​របស់លោក ឥសាន​។​



​សូមបញ្ជាក់ថា សេចក្តីស្នើ​របស់​តំណាងរាស្ត្រ​គណបក្សកាន់អំណាច ដើម្បី​វិសោធនកម្ម​គណបក្សនយោបាយ​ថ្មី ត្រូវបាន​ព្រឹទ្ធសភា​បានអនុម័ត​រួចរាល់​ហើយ នៅ​ថ្ងៃទី ១៨ ខែកក្កដា​។ នេះ​ជា​លើក​ទី ២ ហើយ​ដែល​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ស្នើ​ឲ្យ​វិសោធនកម្ម​គណបក្សនយោបាយ នៅក្នុង​ឆ្នាំ ២០១៧ នេះ​។ លើក​ទី ១ តំណាងរាស្ត្រ​បក្ស​ប្រជាជន​កម្ពុជា បានស្នើ​វិសោធនកម្ម​ច្បាប់​នេះ ដោយមាន​ខ្លឹមសារ ហាម​អ្នកទោស​មិន​ឲ្យ​ធ្វើជា​ប្រធាន​គណបក្ស និង​ធ្វើជា​សមាជិក​គណៈកម្មាធិកា​រ​នាយក​នៃ​គណបក្សនយោបាយ​៕


Tag:
 ច្បាប់​បក្សនយោបាយ​
  គណបក្ស​
  រដ្ឋ​សភា​
  ព្រឹទ្ធសភា
  សុខ ឥសាន
© រក្សាសិទ្ធិដោយ thmeythmey.com