អន្តរជាតិ
អាមេរិក​ជំទាស់​គំនិត​របស់​កូរ៉េខាងត្បូង​ដែល​ចង់​ចរចា​ជាមួយ​កូរ៉េខាងជើង​
18, Jul 2017 , 8:39 pm        
រូបភាព
​អាមេរិក បង្ហាញ​ជំហរ​ជំទាស់​បំណង​កូរ៉េខាងត្បូង​ដែល​ចង់​ចរចា​ផ្នែក​យោធា និង​កាកបាទក្រហម​ជាមួយ​កូរ៉េខាងជើង​។ អាមេរិក យល់ឃើញថា ស្ថានការណ៍​សព្វថ្ងៃនេះ​មិន​អំណោយផល​ដល់​ការចរចា​ណាមួយ​ជាមួយ​រដ្ឋ​ក្បាលរឹង​មួយ​នេះឡើយ​។ កូរ៉េខាងត្បូង បានដាក់​សំណើ​ចរចា​ក៏​កម្រ​ចំនួន​ពីរ​ទៅកាន់​កូរ៉េខាងជើង​នៅ​ថ្ងៃទី​១៧ ខែកក្កដា ហើយ​ពេលនេះ​កំពុង​រង់ចាំ​ចម្លើយ​ពី​កូរ៉េខាងជើង​។​



​រដ្ឋាភិបាល​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន បានដាក់​សំណើ​ពីរ​ទៅកាន់​កូរ៉េខាងជើង​ដើម្បី​ជួបចរចា​លើ​ផ្នែក​យោធា និង​កាកបាទក្រហម​។ កូរ៉េខាងត្បូង​ចង់​ជួបចរចា​យោធា​នៅ​ថ្ងៃទី​២១ ខែកក្កដា និង​ជំនួប​រវាង​ស្ថាប័ន​មនុស្សធម៌​នៅ​ថ្ងៃទី​១ ខែសីហា​។ គេ​នៅ​មិនទាន់​ឃើញ​មានការ​ឆ្លើយតប​ណាមួយ​របស់​កូរ៉េខាងជើង​នៅឡើយ​ទេ ប៉ុន្តែ​គេ​ឃើញ​មានការ​ជំទាស់​ពី​អាមេរិក​ដែល​ប្រកាន់​ជំហរ​តឹងតែង​ដាក់​កូរ៉េខាងជើង​ទៅវិញ​។ 

​ក្រុង​វ៉ាស៊ីនតោន បានប្រកាស​ហើយ​ថា​ការអត់ធ្មត់​របស់ខ្លួន​បាន​អស់​ទៅហើយ ព្រោះ​កូរ៉េខាងជើង​នៅតែ​បន្ត​ផ្គើន​អន្តរជាតិ និង​ចេះតែ​សាកល្បង​មី​ស៊ី​ល​មិន​ឈប់ឈរ​។ រដ្ឋបាល​អាមេរិក​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ក៏​ធ្លាប់​គំរាម​ប្រើ​កម្លាំងបាយ​បង្ខំ​ឲ្យ​កូរ៉េខាងជើង​ផ្អាក​កម្មវិធី​នុយក្លេអ៊ែរ​។ ជំហរ​របស់លោក ត្រាំ គឺ​ផ្ទុយគ្នា​ពី​ជំហរ​របស់លោក មូ​ន ទោះជា​អ្នក​ទាំងពីរ​ចង់​បញ្ចប់​បញ្ហា​នេះ​ដូចគ្នា​។ ផ្ទុយគ្នា​ត្រង់ លោក មូ​ន ប្រកាន់​ជំហរ​ត្រជាក់ ជ្រើសរើស​ផ្លូវ​ចរចា​សន្តិភាព​ដើម្បី​ដោះស្រាយ​វិបត្តិ​នៅ​ឧបទ្វីប​កូរ៉េ​។​

​ខណៈដែល​ស្ថានការណ៍​នៅ​ឧបទ្វីប​កូរ៉េ​នៅតែ​តានតឹង​ព្រោះ​កូរ៉េខាងជើង​ទើប​សាកល្បង​មី​ស៊ី​ល​រំលង​ទ្វីប អាមេរិក​មិនសូវ​សប្បាយ​ចិត្តនឹង​សំណើ​របស់​កូរ៉េខាងត្បូង​ឡើយ ហើយ​អាមេរិក​ក៏​ហាក់ដូចជា​មិនបាន​ដឹង​ពី​រឿង​ចរចា​នេះឡើយ​។ ក្នុង​សន្និសីទកាសែត​ថ្ងៃទី​១៧ ខែកក្កដា រដ្ឋមន្ត្រី​ព័ត៌មាន​អាមេរិក Sean Spicer ក៏​បញ្ជាក់ដែរថា អាមេរិក​មិនបាន​ដាក់​លក្ខខណ្ឌ​អ្វី​ឡើយ​លើ​ការចរចា​នេះ ហើយ​លោក​បាន​ឲ្យ​ទៅ​សួរ​កូរ៉េខាងត្បូង​វិញ ព្រោះ​កូរ៉េខាងត្បូង​ជា​អ្នកស្នើ​ចរចា​។​

​ការចរចា​ឡើងវិញ​ជាមួយ​កូរ៉េខាងជើង គឺជា​ជំហរ​របស់​រដ្ឋាភិបាល​កូរ៉េខាងត្បូង​ថ្មី ទោះជា​លោក មូ​ន ចេ​អ៊ី​ន នៅតែ​ប្រកាន់​ជំហរ​បន្ត​ដាក់ទណ្ឌកម្ម​ក្ដី​។ លោក មូ​ន ចេ​អ៊ី​ន ដែលជា​ប្រធានាធិបតី​មាន​និន្នាការ​សេរីនិយម ក៏​ធ្លាប់​ប្រកាសថា​លោក​អាច​ទៅកាន់​ក្រុង​ព្យុងយ៉ាង​ដើម្បី​ចរចា ក្នុងករណី​ចាំបាច់​ទៀតផង​។ យ៉ាងណាក្ដី បញ្ហា​ដែល​មិនគួរ​មើលរំលង គឺ​ជំហរ​របស់​អាមេរិក​ដែលមាន​ទ័ព​ច្រើន​ម៉ឺន​នាក់​នៅ​កូរ៉េខាងត្បូង​។​

​ក្នុងការ​ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង​នោះ អាមេរិក​ដាក់​ការយកចិត្តទុកដាក់​ខ្លាំង​លើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ចិន ទាំង​ការដាក់​សម្ពាធ​បន្ថែម និង​ទាំង​ការដាក់ទណ្ឌកម្ម​លើ​កូរ៉េខាងជើង​។ ក្រោយ​ការសាកល្បង​មី​ស៊ី​ល​ថ្ងៃទី​៤ ខែកក្កដា អាមេរិក និង​ចិន​កំពុង​រៀបចំ​ទណ្ឌកម្ម​ថ្មី ដែល​លើក​នេះ​សំដៅលើ​ក្រុមហ៊ុន​បរទេស​រកស៊ី​ជាមួយ​កូរ៉េខាងជើង​។ ប៉ុន្តែ​ចិន​ក៏​ព្រួយបារម្ភ​ដែរ ព្រោះ​ក្រុមហ៊ុន​របស់ខ្លួន​ច្រើន​នៅ​បន្ត​រកស៊ី​ជាមួយ​កូរ៉េខាងជើង​ក្នុង​ក្របខណ្ឌ​ទំនាក់ទំនង​ទ្វេភាគី​៕


Tag:
 អាមេរិក​
  កូរ៉េខាងត្បូង​
  កូរ៉េខាងជើង​
© រក្សាសិទ្ធិដោយ thmeythmey.com