ជាតិ
សង្គ្រោះ​ជាតិ ចាប់ផ្តើម​ដក​រូបលោក សម រង្ស៊ី​ចេញពី​ផ្ទាំង​ផ្សព្វផ្សាយ​នៅ​ទូទាំងប្រទេស​
18, Jul 2017 , 9:19 pm        
រូបភាព
សង្គ្រោះជាតិ ប្តូរស្លាកសញ្ញា។ រូបភាពពីគណនីហ្វេសប៊ុកឈ្មោះ Kong Mas
សង្គ្រោះជាតិ ប្តូរស្លាកសញ្ញា។ រូបភាពពីគណនីហ្វេសប៊ុកឈ្មោះ Kong Mas
​ភ្នំពេញ​៖ គណបក្ស​សង្គ្រោះ​ជាតិ ត្រូវតែ​ដក​រូបលោក សម រង្ស៊ី  ដែលមាន​ឈ្មោះ​ជា​អ្នកទោស ចេញពី​ផ្ទាំង​ផ្សព្វផ្សាយ​នានា​របស់​គណបក្ស​។ លោក ប៉ុល ហំ​ម អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ លើកឡើងថា ការដក​រូបលោក សម រង្ស៊ី យ៉ាងនេះ គឺ​ដោយសារ​ខ្លឹមសារ​ថ្មី​នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ​។​



​លោក ប៉ុល ហំ​ម បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា គណបក្ស​សង្គ្រោះ​ជាតិ បានចាប់ផ្តើម​ដក​រូប​លោក សម រង្ស៊ី  ចេញពី​ផ្ទាំង​ផ្សព្វផ្សាយ​នានា​ជា​បណ្តើរៗ​ហើយ​។ អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ​រូបនេះ និយាយ​ដូច្នេះ​ថា​៖«​ឲ្យ​តែ​ស្លា​កណា ដែលមាន​រូបគាត់ [​លោក សម រង្ស៊ី​] គឺ​យើង​ដកចេញ​។ យើង​ធ្វើ​ម៉េច កុំ​ឲ្យ​ខុសច្បាប់ ដែល​គេ​ទើបនឹង​ចែង​។ យើង ត្រូវ​ប្តូរ​ស្លាក​ថ្មី នៅ​ទូទាំងប្រទេស​តែម្តង​»​។​

​លោក ប៉ុល ហំ​ម អះអាងថា សូម្បីតែ​រូប​ឯកឧត្តម កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក៏ត្រូវ​ដកចេញ​ពី​ស្លាក​សញ្ញា​ដែរ​។ លោក​លើកឡើងថា ថ្មីៗ​នេះ គណបក្ស​សង្គ្រោះ​ជាតិ បាន​បើក​កិច្ចប្រជុំ​ក្នុង​គណៈកម្មាធិការ​អចិន្ត្រៃយ៍ ហើយ​មិនបាន​កំណត់​ឲ្យ​ដាក់​រូប​ឯកឧត្តម កឹម សុខា តែម្នាក់ឯង ក្នុង​ផ្ទាំង​ផ្សព្វផ្សាយ​នោះទេ​។
​បើតាម​លោក ប៉ុល ហំ​ម អំណឹះតទៅ ស្លាក​សញ្ញា​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ទូទាំងប្រទេស គឺមាន​តែ​រូប​ព្រះអាទិត្យ ប៉ុណ្ណោះ​។

​លោក ប៉ុល ហំ​ម មិន​និយាយ​នោះទេ ថា​ការកែប្រែ​ច្បាប់​បែបនេះ ផ្តល់​ផល​លំបាក និង​សំពាធ​ប៉ុនណា​នោះទេ ខណៈ​ការបោះឆ្នោត​ថ្នាក់ជាតិ នា​អាណត្តិ​ទី​៦ ក្នុង​ឆ្នាំ​២0១៨ កាន់តែ​ខិតជិត​មកដល់​។ លោក យល់ថា គោលបំណង​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា ដែល​កែប្រែ​ច្បាប់​បែបនេះ គឺ​ប្រជាពលរដ្ឋ សុទ្ធតែ​ដឹងឮ​អស់ហើយ​។ ម្យ៉ាងទៀត លោក ទុក​ឲ្យ​ប្រជាពលរដ្ឋ វិនិច្ឆ័យ​ចុះ ចំពោះ​ការកែប្រែ​ច្បាប់​ខាងលើ​។

​ពីមុន ស្លាក​សញ្ញា​របស់​គណបក្ស​សង្គ្រោះ​ជាតិ មាន​រូប​ព្រះអាទិត្យ​ជា​សញ្ញា​សម្គាល់​។ នៅ​ខាងក្រោម​រូប​ព្រះអាទិត្យ គឺ​គណបក្ស​សង្គ្រោះ​ជាតិ បាន​បន្ថែម​រូប​ឯកឧត្តម កឹម សុខា និង​លោក សម រង្ស៊ី ដែល​ចាប់ដៃ​ជាមួយគ្នា​លើកឡើង​លើ​។

​យ៉ាងណា​ក៏ដោយចុះ គណបក្ស​សង្គ្រោះ​ជាតិ សម្រេច​ដក​រូបលោក សម រង្ស៊ី ចេញពី​ស្លាក​សញ្ញា​ហើយ ដើម្បី​ជៀសវាង​ការ​ប្រឈម​នឹង​ផ្លូវច្បាប់ ដែល​ទើបនឹង​កែប្រែ​។​

​ផ្អែកលើ​ខ្លឹមសារ​ថ្មី ដែល​ត្រូវបាន​បញ្ចូល​ទៅក្នុង​ច្បាប់​ស្តីពី​គណបក្សនយោបាយ គណបក្ស​ណាក៏ដោយ មិនអាច​ពាក់ព័ន្ធ​នឹង​អ្នកទោស ដើម្បី​បាន​ផលប្រយោជន៍​ផ្នែក​នយោបាយ ឡើយ​។ ទង្វើ ដែល​ខ្លឹមសារ​ថ្មី បានកំណត់​និង​ហាមប្រាម​មិន​ឲ្យ​គណបក្ស​ប្រព្រឹត្ត មានដូចជា ការយក​រូបថត សារ​ជា​សំឡេង វីដេអូ និង​អត្ថបទ​ជា​លាយលក្ខណ៍អក្សរ របស់​បុគ្គល​ណា​ម្នាក់ ដែល​ត្រូវបាន​តុលាការ​កាត់ក្តី ឲ្យ​ក្លាយជា​អ្នកទោស ទៅ​ផ្សព្វផ្សាយ ដើម្បី​បាន​ប្រយោជន៍​ផ្នែក​នយោបាយ​។ លើសពីនេះ ខ្លឹមសារ​ថ្មី ក៏​មិន​ឲ្យ​គណបក្ស បង្ហាញ​ការគាំទ្រ​ចំពោះ​សកម្មភាព​របស់​បុគ្គល​ណា​ម្នាក់ ដែលមាន​ឈ្មោះ​ជា​អ្នកទោស នោះដែរ​។ យោងតាម​ខ្លឹមសារ​ថ្មី ប្រសិនបើ គណបក្ស​ណាមួយ បាន​ប្រព្រឹត្ត​នូវ​ទង្វើ​ខាងលើ តុលាការ អាចមាន​សិទ្ធិអំណាច ដើម្បី​រំលាយ​គណបក្ស​នោះបាន​។​

​នេះ ជា​លើក​ទី​ពីរ​ហើយ ដែល​ច្បាប់​ស្តីពី​គណបក្សនយោបាយ ត្រូវបានធ្វើ​វិសោធនកម្ម ក្នុង​ឆ្នាំ​២0១៧​។ ការធ្វើវិសោធកម្ម​លើកទីមួយ បាន​កំណត់ថា អ្នកទោស មិនអាច​ធ្វើជា​ប្រធាន​គណបក្ស ឬក៏​ធ្វើជា​សមាជិក​គណៈកម្មាធិកា​រ​នាយក​នៃ​គណបក្ស​ណាមួយ​ឡើយ​។

​សូមបញ្ជាក់ថា ការកែប្រែ​ច្បាប់​ស្តីពី​គណបក្សនយោបាយ​ទាំងពីរ​លើក​នេះ គឺ​សុទ្ធតែ​ធ្វើឡើង​តាម​សំណើ​របស់​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​។ ចំណែកឯ គណបក្ស​សង្គ្រោះ​ជាតិ មិនដែល​គាំទ្រ​នឹង​ការកែប្រែ​ច្បាប់​ទាំង​ពីរលើក​នេះឡើយ​៕


Tag:
 ច្បាប់​នយោបាយ​
  CNRP
  សម រង្ស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com