កីឡាជាតិ
ជាតិ
AFC U23៖ កម្ពុជា​ប៉ះ​ចិន​ស្អែក ខណៈ មុន្នី​ឧ​ត្ត​ម​, វឌ្ឍនាកា​, សុខ​ផេង​, ឈឿន និង​ឌី​ណា សុទ្ធតែ​ផុត​អាយុ​
18, Jul 2017 , 9:59 pm        
រូបភាព
ដោយ:
​ក្រុម​កីឡាករ​ជម្រើសជាតិ​អាយុ​ក្រោម​២៣​ឆ្នាំ​កម្ពុជា នឹង​បើកទ្វារ​ពហុ​កីឡដ្ឋាន​ជាតិ​ស្វាគមន៍​ក្រុម ចិន នា​ជំនួប​បើកឆាក​វគ្គ​ជម្រុះ​ពូ​ល J នៃ​ពានរង្វាន់ AFC U23 Championship 2018 នា​វេលា​ម៉ោង​៦:៣០​នាទី​ល្ងាច​ថ្ងៃទី​១៩ កក្កដា ស្អែក​នេះ​។ គ្រូបង្វឹក U23 កម្ពុជា ហាក់​សម្តែង​អារម្មណ៍​សោកស្តាយ​ចំពោះ​កីឡាករ​ជើង​ខ្លាំង​៥​រូប​ដែល​មិនអាច​ចូលរួម​ជាមួយ U23 កម្ពុជា​។ តែ​យ៉ាងណា លោក នៅតែ​រំពឹង​ទទួលបាន​លទ្ធផល​ល្អ បើ​កីឡាករ​ទាំងអស់​ប្រឹងប្រែង​អស់ពី​សមត្ថភាព​។​



​ពុំមាន​ឡើយ​វត្តមាន​កីឡាករ​ជើង​ខ្លាំង ប្រាក់ មុន្នី​ឧ​ត្ត​ម​, ចាន់ វឌ្ឍនាកា​, ឈិន ឈឿន​, កែវ សុខ​ផេង និង ទិ​ត្យ ឌី​ណា ក្នុង​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​២៣​ឆ្នាំ​កម្ពុជា បន្ទាប់ពី​ពួកគេ​ទាំងនេះ​ផុត​អាយុ​ចូលរួម​។ ការ​គ្មាន​វត្ត​កីឡាករ​ទាំង​៥​នេះ ហាក់​ធ្វើ​ឲ្យ​គ្រូបង្វឹក U23 កម្ពុជា​លោក Leonardo Vitorino មានការ​ព្រួយបារម្ភ​សម្រាប់​ការធ្វើ​ម្ចាស់ផ្ទះ​ស្វាគមន៍ ចិន ជប៉ុន និង​ហ្វីលីពីន​។

«​ខ្ញុំ​បានមក​រស់នៅ​លើទឹក​ដី​កម្ពុជា​ប្រមាណ​ជា​៤​ខែ ហើយ​ពួកយើង​បានរៀបចំ និង​ចាប់ផ្តើម​ជាមួយ​ក្រុម​ដែល​អាច​និយាយថា​ជា​ក្រុម​ថ្មី​មួយ ព្រោះ​មាន​កីឡាករ​ជើង​ខ្លាំង​មួយចំនួន​បាន​ផុត​អាយុ​ដូចជា ប្រាក់ មុន្នី​ឧ​ត្ត​ម​, ឈិន ឈឿន​, ចាន់ វឌ្ឍនាកា​, ទិ​ត្យ ឌី​ណា និង កែវ សុខ​ផេង​។ ក្រុម U23 យើង​ពុំមាន​កីឡាករ​អាយុ​២២​ឆ្នាំ ឬ​២១​ឆ្នាំ​ទេ គឺ​ភាគច្រើន​ជា​យុវជន​អាយុ​ក្រោម​២០​ឆ្នាំ​»​។ នេះ​ជាការ​បង្ហាញ​ក្តីបារម្ភ​របស់លោក Leonardo Vitorino ចំពោះ​គម្លាត​អាយុ​របស់​កីឡាករ​ក្នុង​ក្រុម U23 កម្ពុជា​។​



​ទន្ទឹមនឹងនេះ លោក Leonardo Vitorino នៅតែ​មានការ​ជឿជាក់ថា កូនក្រុម​របស់លោក​នឹងធ្វើ​បានល្អ ទោះបី​ជួប​ជាមួយ​ក្រុម​ខ្លាំងៗ​យ៉ាងណាក៏ដោយ​ប្រសិនបើ​ពួកគេ​ប្រឹងប្រែង​លេង​ឲ្យ​អស់ពី​សមត្ថភាព​។ ការ​ប៉ះ ចិន ជប៉ុន ហ្វីលីពីន ដែលជា​ក្រុម​ខ្លាំង​នៅ​តំបន់​អាស៊ី លោក គិតថា វា​ជា​ឱកាស​មួយ​ដ៏​ល្អ​ក្នុងការ​ដកស្រង់​បទពិសោធ ដើម្បី​អភិវឌ្ឍន៍​សមត្ថភាព​ស​ម្រា​ប់​ក្រុម U23 កម្ពុជា​។ លោក ជឿជាក់ថា ទោះបី កម្ពុជា មិនអាច​បង្កើត​ឱកាស​នៅ​តំបន់​គ្រោះថ្នាក់​របស់ ចិន ឬ​ជប៉ុន​ក៏ដោយ តែ​វា​បានផ្តល់​ការរីកចម្រើន​ថ្មី​ដល់ U23 កម្ពុជា​។    

​នៅ​ថ្ងៃទី​១៩ ខែកក្កដា ស្អែក​នេះ U23 កម្ពុជា​នឹង​បើកទ្វារ​ពហុ​កីឡដ្ឋាន​ជាតិ​ស្វាគមន៍​ក្រុម​ចិន នា​ការប្រកួត​បើកឆាក​ពូ​ល J នៃ​ពានរង្វាន់ AFC Championship 2018 នា​វេលា​ម៉ោង​៦:៣០​នាទី បន្ទាប់ពី ជប៉ុន ជួ​ម​ជាមួយ​ហ្វីលីពីន​នា​វេលា​ម៉ោង​១៥:៣០​នាទី​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ដូចគ្នា​៕     


Tag:
 AFC U23 Championship 2018
  Leonardo Vitorino
  U23 កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com