អន្តរជាតិ
រដ្ឋមន្ត្រីការបរទេស​៖​សិង្ហ​បុរី​តូច​មែន​តែ​មិន​ឲ្យ​គេ​សំឡុត គំរាម ឬ​ដាក់​ជា​សាមន្តរដ្ឋ​ឡើយ​...
18, Jul 2017 , 10:39 pm        
រូបភាព
ដោយ: ថ្មីៗ
​រដ្ឋមន្ត្រីការបរទេស​សិង្ហ​បុរី​លោក Vivian Balakrisnan បានលើកឡើង​ក្នុងជំនួប​ជាមួយ​មន្ត្រី​ការ​ថា​រដ្ឋ​តូចៗ​ដូចជា​សិង្ហ​បុរី​ត្រូវមាន​គោលនយោបាយ​ដែល​អាច​ធានាបាន​នូវ​ទំនាក់ទំនង​ល្អជា​មួយ​ប្រទេស​ទាំងអស់ ដោយ​អាច​រក្សាបាន​នូវ​ឯករាជភាព និង​អធិបតេយភាព​របស់ខ្លួន​ផងដែរ ។ ដើម្បី​សម្រេច​បែបនេះ គោលនយោបាយ​ការបរទេស​សិង្ហ​បុរី​ប្រកាន់ខ្ជាប់​ខ្ជួន​នូវ​គោលការណ៍​ស្នូល​មួយចំនួន​ដូចជា ត្រូវមាន​សេដ្ឋកិច្ច​ខ្លាំង​, មាន​ឯកភាព​ជាតិ​,​រក្សា​ស្ថិរភាព​នយោបាយ​, ធ្វើជា​មិត្ត​ជាមួយ​ប្រទេស​ទាំងអស់ តែ​មិន​លះបង់​ប្រយោជន៍​ជាតិ​,​មិន​អនុញ្ញាត​ឲ្យ​គេ​ទិញ សំឡុត​គំរាម ឬ​ធ្វើជា​ចំណុះ​ឲ្យ​គេ និង​ចុងក្រោយ​ត្រូវ​យល់ច្បាស់​លាស់​ក្នុង​ការរក្សា​ប្រយោជន៍​រយៈពេល​វែង​។



​ក្នុងជំនួប​ជាមួយ​មន្ត្រី​ក្រសួងការបរទេស​ថ្ងៃ​ចន្ទ រដ្ឋមន្ត្រីការបរទេស​សិង្ហ​បុរី​លោក Vivian Balakrisnan បាន​រំលឹក​មន្ត្រី​រដ្ឋការ​ស្ថាប័ន​ខ្លួន​ថា សិង្ហ​បុរី​មាន​ស្ថិរភាព​និង​សន្តិភាព​ដូច​បច្ចុប្បន្ន​ក៏ដោយ​សារ​គុណ​បំណាត់​មេដឹកនាំ​និង​អ្នកការទូត​ជំនាន់​មុន​និង​សម័យ​បច្ចុប្បន្ន​ដែរ​។

 ប៉ុន្តែ​លោក​ឆ្លៀត​ដាស់តឿន​ដល់​មន្ត្រីក្រោមឱវាទ​រប​ស់លោក​ផងដែរ​ថា សិង្ហ​បុរី​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​ស្នូល​មួយចំនួន​ដើម្បី​ធានាថា គោលនយោបាយ​ការបរទេស​សិង្ហ​បុរី​ការពារ​ឯករាជ្យ និង​អធិបតេយ្យ​និង​ការពារ​ប្រយោជន៍​ជាតិ​ជាធំ​។

​ប្រមុខ​ការទូត​សិង្ហ​បុរី​ខាងលើ​បាន​ពន្យល់ថា ៖ «​ការទូត​គឺជា​មិន​ត្រឹម​តែមាន​ទំនាក់ទំនង​ល្អប្រសើរ​ជាមួយ​គេឯង​ឡើយ​។ វា​ជាការ​លើកស្ទួយ​ទំនាក់ទំនង​ល្អជា​មួយ​ប្រទេស​ជា​មិត្ត ដែល​អាច​រក្សា​ការពារ​ប្រយោជន៍​របស់​យើង​បាន​ផងដែរ​»​។​

​លោក​បន្ថែមថា​៖ «​ពេលណា​ប្រទេស​ដទៃ​ទាមទារ​អ្វីដែល​មិន​សមរម្យ​និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​ជាតិ​របស់​យើង យើង​ត្រូវតែ​បង្ហាញ​ជំហរ​របស់​យើង​ឲ្យ​ច្បាស់លាស់ និង​រក្សា​ជំហរ​នោះ​ឲ្យ​បាន​រឹងមាំ​ប្រកបដោយ​សីលធម៌​»​។

​រដ្ឋមន្ត្រី​រូបនេះ​បានបញ្ជាក់​ផងដែរ​ថា ស្រប​ពេលដែល​ភូមិសាស្ត្រ​នយោបាយ​ប្រែប្រួល​រហ័ស និង​ស្ថិតក្នុង​ស្ថាន​ភាពមិនច្បាស់លាស់ សិង្ហ​បុរី​ត្រូវ​ប្រឹងប្រែង​ដើម្បី​ធានាថា​គោល​យោ​បាយ​ខ្លួន​ឆ្លើយតប​ស្ថានភាព​ជាក់ស្តែង និង​នៅ​អាច​ធានា​ប្រយោជន៍​ជាតិ​បាន​។​

​សម្រាប់​លោក Vivian Balakrisnan ដើម្បី​សម្រេចបាន​គោលនយោបាយ​ដែល​អ​ព្យា​ក្រឹត្យ​មិន​រណប​អ្នក​ណាមួយ​ក្នុង​បរិបទ​អន្តរជាតិ​និង​អាច​ធានា​ប្រយោជន៍​ជាតិ​បាន សិង្ហ​បុរី​ត្រូវមាន​ជំហរ​ច្បាស់លាស់​រឹងមាំ មិនអាច​ឲ្យ​គេ​ទិញ ឬ​គំរាមកំហែង​ឬ​សំឡុត​បានឡើយ ហើយ​គេ​ត្រូវតែ​ប្រាកដថា​ខ្លួន​មិនមែនជា​សាមន្តរដ្ឋ​ឬ​រដ្ឋ​ចំណុះ​ឲ្យ​ប្រទេស​ណាមួយ​ឡើយ​។

​ជារួម​លោក​បដិសេធថា ប្រទេស​តូច​មិនត្រូវ​ធ្វើ​រឿង​ដែល​តូចតាច ធ្វើ​ឥរិយាបថ​កោតខ្លាច​ប្រទេស​ធំ​ឡើយ ព្រោះ​វា​ជា​បច្ច័យ​ដែល​ធ្វើ​ឲ្យ​ប្រទេស​ធំ​គំរាមកំហែង​ឬ​ប្រើប្រាស់​បាន​តាមចិត្ត​ឡើយ​។ ថ្វីបើ​ខ្លួន​តូចក្តី តែ​សិង្ហ​បុរី​ហ៊ាន​ក្រោកឈរ​ដើម្បី​ការពារ​ជំហរ​ខ្លួន​ជានិច្ច​ទោះបីជា​ស្ថិតក្នុង​ស្ថានភាព​លំបាក​យ៉ាងណាក៏ដោយ​។​

​គោលការណ៍​មួយទៀត​ដែល​ជួយ​ឲ្យ​សិង្ហ​បុរី​មាន​គោលនយោបាយ​ការបរទេស​រឹងមាំ គឺ​សិង្ហ​បុរី​មាន​សក្តានុពល​សេដ្ឋកិច្ច​ខ្លាំង មាន​ឯកភាព​សង្គម មាន​ស្ថិរភាព​នយោបាយ ហើយ​និង​ការគោរព​និង​គាំទ្រ​ច្បាប់​អន្តរជាតិ​ជា​ផ្លូវ​តែមួយគត់​ដែល​អនុវត្ត​ឲ្យ​សិង្ហ​បុរីរ​ស់បាន​។

«​វា​ជា​រឿង​សំខាន់​សម្រាប់​រដ្ឋ​តូចៗ​ដូចជា​សិង្ហ​បុរី នៅក្នុង​ប្រព័ន្ធ​មួយ​ដែល​អ្នកខ្លាំង​ឈ្នះ ហើយ​ច្បាប់​ព្រៃ​នៅតែ​ត្រូវគេ​អនុវត្ត ប្រទេស​ដូច​សិង្ហ​បុរី​ពិបាក​មានឱកាស​រស់​ស្រួល​ណាស់​។ នេះហើយ​ជា​មូលហេតុ​ដែល​សិង្ហ​បុរី​តែងតែ​ធ្វើជា​សមាជិក​សកម្ម​នៃ​អង្គការសហប្រជាជាតិ​»​។​    ​

​ក្រៅពី​គោរព​ច្បាប់​អន្តរជាតិ ប្រមុខ​ការទូត​សិង្ហ​បុរី​បាន​ពន្យល់​បន្ថែមថា គោលនយោបាយ​ការបរទេស​សិង្ហ​បុរី​គួរ​ឲ្យ​ទុកចិត្តបាន នៅពេលដែល​សង្គម​សិង្ហ​បុរី​ទាំងមូល​អាច​រក្សាបាន​នូវ​ការ​ឯកភាពគ្នា​ក្នុងស្រុក និង​គ្មាន​ការ​បែក​បែក​ឬ​ទាស់ទែង​ខ្វែងគំនិត​គ្នា​ផ្នែក​នយោបាយ​។

​លោក Balakrisnan បានបញ្ជាក់​ដូច្នេះ​៖ «​គោលនយោបាយ​ការបរទេស​អាច​នឹង​គួរ​ឲ្យ​ទុកចិត្តបាន ប្រសិនបើ​យើង​អាច​ធានាបាន​នូវ​ការ​ឯកភាពគ្នា​ក្នុងស្រុក​ពាក់ព័ន្ធ​ប្រយោជន៍​ស្នូល​សិង្ហ​បុរី​និង​ចំណុច​អាទិភាព​នៃ​គោលនយោបាយ​ការបរទេស​យើង​នោះ​។ លើសពីនេះ វា​ចាំបាច់​ណាស់​ដែល​នយោបាយ​របស់​យើង​មិន​បែកខ្ញែក​គ្នា​នោះ​»​។​

​បន្ថែម​ពីនេះ សិង្ហ​បុរី​ត្រូវ​ធ្វើជា​មិត្ត​ជាមួយ​អ្នក​គ្រប់គ្នា ហើយ​មិន​យក​អ្នក​ណាមួយ​ជាស​ត្រូវ​ឡើយ​។ ក្នុង​ន័​នេះ វា​ក៏​មិនមែន​មានន័យថា សិង្ហ​បុរី​ត្រូវយក​ប្រយោជន៍​ខ្លួន​ទៅ​ប្តូរ​ដើម្បី​បាន​ទំនាក់ទំនង​ល្អប្រសើរ​ជាមួយ​ប្រទេស​ឯទៀត​ដែរ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ សិង្ហ​បុរី​ខ្លួនឯង​ត្រូវ​សម្រេចចិត្ត​ដោយ​ពឹងផ្អែក​សំខាន់​លើ​ការគិតគូរ​របស់ខ្លួន​ឲ្យ​បាន​ដិត​ដិត ជាពិសេស​ការគិតគូរ​ពីអ្វី​ដែលជា​ប្រយោជន៍​រយៈពេល​វែង​របស់ខ្លួន​ផង​៕


Tag:
 Vivian Balakrisnan
  សិង្ហ​បុរី
© រក្សាសិទ្ធិដោយ thmeythmey.com