អន្តរជាតិ
ចិន​ស្នើ​ឲ្យ​មានការ​ពង្រឹង​ទំនាក់ទំនង​ជាមួយ​អាស៊ាន​ឲ្យ​ស៊ីជម្រៅ​ដើម្បី​សម្រេចប្រយោជន៍​រួម​
19, Jul 2017 , 9:27 am        
រូបភាព
រូបភាព៖ កិច្ចប្រជុំអាស៊ាន-ចិនលើកទី ១៩ នៅក្នុងទីក្រុងចន្ទន៍ប្រទេសឡាវ ឆ្នាំ ២០១៦
រូបភាព៖ កិច្ចប្រជុំអាស៊ាន-ចិនលើកទី ១៩ នៅក្នុងទីក្រុងចន្ទន៍ប្រទេសឡាវ ឆ្នាំ ២០១៦
ដោយ:
​ចិន​បានស្នើ​ឲ្យ​អាស៊ាន​ពង្រឹង​កិច្ចសហការ​បន្ថែម​ឲ្យ​កាន់តែ​ស៊ីជម្រៅ​ទៀត​ដើម្បី​សម្រេចបាន​ការរីកចម្រើន​ទាំងអស់គ្នា​។ ចិន​ចង់​ឲ្យ​មានការ​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ការផ្សាភ្ជាប់ និង​ដោះស្រាយ​បញ្ហា​រួមគ្នា ដើម្បី​ពង្រឹង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ និង​ជួយ​កសាង​សហគមន៍​អាស៊ាន​ផង​។​



​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​អាស៊ាន​លោក XU BU បានស្នើ​ឲ្យ​អាស៊ាន​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ ចិន​ឲ្យ​បាន​ស៊ីជម្រៅ​ជាង​មុន ក្នុងពេល​លោក​ចូលរួម​ពិធី​រម្លឹក​ខួប​៥០​ឆ្នាំ​នៃ​ការកកើត​អាស៊ាន​។

​ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ិន​ហួរ បាន​ស្រង់​សម្តី​របស់​ឯកអគ្គរដ្ឋទូត​រូបនេះ​ថា​៖«​យើង​មិនត្រូវ​ចំណាយពេល​យូរ​ទៀត​ទេ យើង​គួរតែ​ឆ្លៀតឱកាស​ពង្រឹង​សម្ព័ន្ធភាព​ទ្វេភាគី​ដោយ​ជំរុញ​កិច្ចសហការ​ឈ្នះៗ​ក្នុង ការផ្សាភ្ជាប់ ផលិតភាព និង​លើកស្ទួយ​ការវិនិយោគ និង​ពាណិជ្ជកម្ម រួមទាំង​ទាញយក​ប្រយោជន៍​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន​-​ចិន​កម្រិត​ថ្មី​ផង​»​។​

​តំណាង​ក្រុង​ប៉េកាំង​រូបនេះ​បន្តទៀតថា ភាគី​ទាំងពីរ​គួរតែ​ដាក់បញ្ចូល​គ្នា​នូវ​ភាពខ្លាំង​និង​សក្ដានុពល​សេដ្ឋកិច្ច​ខ្លួន​ដើម្បី​ធានា​បា​នូវ​ការរីកចម្រើន​នៃ​គោលនយោបាយ​ចិន​«​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវ៉ាត់​មួយ​វិថី​មួយ​»​និង​«​ចក្ខុវិស័យ​អាស៊ាន​ឆ្នាំ​២០២៥»​។​

​លោក XU បាន​បន្ថែមថា ការកំណត់​អាទិភាព​កិច្ចសន្ទនា​ទ្វេភាគី​ជុំវិញ​ការដោះស្រាយ​បញ្ហា​ក្នុង​តំបន់ និង​យល់​ពី​ទុក្ខ​កង្វល់​គ្នា​ទៅវិញទៅមក​ក៏​ជា​ផ្នែក​មួយ​ចាំបាច់​ដើម្បី​ជួយ​អភិវឌ្ឍ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​អាស៊ាន​-​ចិន​ឲ្យ​កាន់តែ​ល្អប្រសើរ​ដែរ​។​

​ចិន​ក៏បាន​ត្រៀមខ្លួន​រួចរាល់​ក្នុងការ​លើកកម្ពស់ និង​គាំទ្រ​គម្រោង​តូចៗ​ក្នុង​តំបន់​ដូចជា​កិច្ចសហការ មេគង្គ​ឡាន​ឆាង (Lancang-Mekong) និង​គម្រោង​តំបន់​អភិវឌ្ឍន៍​អាស៊ាន​ខាងកើត​។ ចិន​ក៏បាន​សន្យា​ជួយ​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ក្នុងចំណោម​សមាជិក​អាស៊ាន​ដើម្បី​លើ​ស្ទួយ​ការកសាង​សហគមន៍​អាស៊ាន​។​

​ដោយឡែក អគ្គលេខាធិការរង​អាស៊ាន​លោក AKP Mochtan ដែល​ទទួលបន្ទុក​សហ​គម​ន៍ និង​កិច្ចការ​សហប្រតិបត្តិកា​រ​ក៏បាន​គាំទ្រ​ការលើកឡើង​របស់លោក XU BU ផងដែរ ហើយ​លោក​យល់ថា​ការពង្រីក​ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ​រ​វាង​សហគមន៍​សេដ្ឋកិច្ច​ទាំងពីរ​ចិន​និង​អាស៊ាន​ពិតជា​គំនិត​អស្ចារ្យ​៕


Tag:
 ចិន​
  អាស៊ាន​
  Xu Bu
© រក្សាសិទ្ធិដោយ thmeythmey.com