កីឡាជាតិ
ជាតិ
AFC U23៖ កម្ពុជាស្វាគមន៍ចិន បន្ទាប់ពីហ្វីលីពីន ប៉ះ ម្ចាស់ការពារជើងឯកជប៉ុន
× ក្រុមកីឡាករជម្រើសជាតិអាយុក្រោម២៣កម្ពុជាត្រូវជួបប្រកួតបើកឆាកវគ្គជម្រុះពូល J ពានរង្វាន់ AFC Championship 2018 ជាមួយ U23 ចិននាវេលាម៉ោង៦:៣០នាទីល្ងាចថ្ងៃពុធ ទី១៩ កក្កដា នៅពហុកីឡដ្ឋានជាតិ។ នៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតកាលពីម្សិលមិញទាំងគ្រូបង្វឹក U23 កម្ពុជា និងចិនសុទ្ធតែបានអះអាងដូចគ្នាថា លេងដើម្បីយកឈ្នះរៀងៗខ្លួន ខណៈគ្រូបង្វឹកចិននិយាយថា លោកមិនហ៊ានមើលស្រាលសមត្ថភាពក្រុមក្រោមការដឹកនាំរបស់លោក Leonardo Vitorino ឡើយ។
គ្រូបង្វឹកក្រុមជម្រើសជាតិអាយុក្រោម២៣ឆ្នាំកម្ពុជា លោក Leonardo Vitorino ទោះបីដឹងថា U23 កម្ពុជាមានកម្រិតទាបជាងចិនក៏ដោយ ប៉ុន្តែលោកនៅតែរំពឹងទទួលបានលទ្ធផលល្អក្នុងជំនួបបើកឆាកជាមួយចិន បើសិនពួកគេប្រឹងប្រែងលេងឲ្យអស់ពីសមត្ថភាព។ ហើយ លោក បានបញ្ជាក់ថា អ្វីៗក៏អាចកើតមាននៅក្នុងការប្រកួតបាល់ទាត់ ពោលគឺមិនអាចព្យាករណ៍ទុកមុនបាននោះទេ។
នាសន្និសីទសារព័ត៌មានមុនការប្រកួតនៅសណ្ឋាគារភ្នំពេញកាលពីម្សិលមិញលោក Leonardo Vitorino បានបង្ហាញពីទំនុកចិត្តយ៉ាងដូច្នេះថា៖«សម្រាប់ការប្រកួតបាល់ទាត់យើងនៅតែមានសង្ឃឹមឈ្នះជានិច្ចបើយើងលេងឲ្យអស់ពីចិត្ត តែបើយើងប្រឹងហើយនៅតែមិនអាចទទួលបានលទ្ធផលល្អ យើងនឹងទទួលបានបទពិសោធបន្ថែមថ្មីមួយដើម្បីអភិវឌ្ឍន៍សមត្ថភាព ព្រោះយើងមានគោលដៅទៅឆ្នាំ២០២៣។ ដូច្នេះយើងត្រូវតែខំប្រឹង និងលេងឲ្យអស់ពីចិត្ត គឺយើងលេងដើម្បីឈ្នះ»។
ជាមួយគ្នានេះ គ្រូបង្វឹកក្រុម U23 ចិន លោក Massiniliano Maddaloni បានអះអាងថា ទោះបីក្រុមលោកទទួលបានកៅអីឡើងទៅកាន់ជុំផ្តាច់ព្រ័ត្រដោយស្វ័យប្រវត្តិក៏ដោយ តែលោកមិនបន្ធូរដៃឲ្យក្រុមណានោះឡើយ ពោលគឺលោកនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព។ ហើយលោករំពឹងថា ក្រុមលោកនឹងទទួលបានបទពិសោធន៍ថ្មីពីការប្រកួតនេះដើម្បីអភិវឌ្ឍន៍ក្រុមសម្រាប់ត្រៀមនៅជុំផ្តាច់ព្រ័ត្រលើទឹករបស់ខ្លួន។
លោកបានបញ្ជាក់ថា៖«សម្រាប់ការជួបក្រុម U23 កម្ពុជាក្នុងជំនួបដំបូង យើងមិនអាចមើលស្រាលក្រុមក្រោមការដឹកនាំរបស់ លោក Leonardo Vitorino នោះឡើយ ប៉ុន្តែយើងនឹងលេងដើម្បីឈ្នះ សម្រាប់បន្ថែមការរីកចម្រើនដល់ក្រុមទាំងមូល ដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះជុំផ្តាច់ព្រ័ត្រនៅឆ្នាំ២០១៨»។
ក្រុម U23 កម្ពុជា ត្រូវជួប ចិន នាជំនួបបើកវគ្គជម្រុះពូល J នៃពានរង្វាន់ AFC U23 Championship 2018 នាវេលាម៉ោង៦:៣០នាទីល្ងាចថ្ងៃពុធនេះនៅពហុកីឡដ្ឋានជាតិ បន្ទាប់ពីក្រុម U23 ហ្វីលីពីន ប៉ះអតីតម្ចាស់ជើងឯក ជប៉ុន នាវេលាម៉ោង៣ និង៣០នាទីរសៀល៕
Tag:
AFC U23 Championship 2017
U23 កម្ពុជា
U23 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com