អន្តរជាតិ
រដ្ឋបាល ត្រាំ ដាក់ទណ្ឌកម្ម​ថ្មី​ទៀត​លើ​អ៊ីរ៉ង់ ទោះ​អ៊ីរ៉ង់​អនុវត្ត​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​បានល្អ​ក្ដី​
19, Jul 2017 , 11:28 am        
រូបភាព
រដ្ឋមន្ត្រីរតនាគារអាមេរិក Steven Mnuchin (រូបភាព Xinhua)
រដ្ឋមន្ត្រីរតនាគារអាមេរិក Steven Mnuchin (រូបភាព Xinhua)
​រដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បានដាក់​ទណ្ឌកម្ម​ថ្មី​ទៀត​លើ​បណ្ដា​ក្រុមហ៊ុន និង​បុគ្គល​ដែលមាន​ជាប់​ពាក់ព័ន្ធ​កម្មវិធី​មី​ស៊ី​ល​បាលី​ស្ទិ​ករ​បស់​អ៊ីរ៉ង់​។ ទណ្ឌកម្ម​ថ្មី​នេះ មិន​ជាប់ទាក់ទង​កម្ម​វិធី​អភិវឌ្ឍ​នុយក្លេអ៊ែរ​របស់​ក្រុង​តេ​ហេ​រ៉ង់​ឡើយ ប៉ុន្តែ​ធ្វើឡើង​បន្ទាប់​អាមេរិក​ទើប​និយាយថា​អ៊ីរ៉ង់​គោរព​កិច្ចព្រមព្រៀង​ផ្អាក​កម្មវិធី​នុយក្លេអ៊ែរ​ជាមួយ​អន្តរជាតិ​បាន​ត្រឹមត្រូវ​។



​ក្រសួង​រតនាគារ​អាមេរិក នៅ​ថ្ងៃទី​១៨ ខែកក្កដា បានសម្រេច​ដាក់ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​អ៊ីរ៉ង់​និង​ជនជាតិ​អ៊ីរ៉ង់ ដោយ​ចោទថា​បាន​បាន​គាំទ្រ​សកម្មភាព​ខុសច្បាប់​បង្ក​ដោយ​ជនជាតិ​អ៊ីរ៉ង់ និង​សកម្មភាព​ឧក្រិដ្ឋកម្ម​ឆ្លងដែន​។ ទណ្ឌ​កម្មនេះ ធ្វើឡើង​តែមួយ​ថ្ងៃក្រោយ​រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ ទើប​សរសើរ​អ៊ីរ៉ង់​ថា​អនុវត្តតាម​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥ បាន​ត្រឹមត្រូវ ទោះជា​លោក ត្រាំ មិន​ពេញចិត្ត​កិច្ចព្រមព្រៀង​នេះ​ក្ដី​។​

​បើតាម​ការប្រកាស​ព័ត៌មាន​របស់​ក្រសួង​រតនាគារ ក្រុមហ៊ុន​ចំនួន​៧ និង​ជនជាតិ​អ៊ីរ៉ង់​ចំនួន​៥​នាក់ ត្រូវ​រង​ទណ្ឌ​កម្មនេះ ព្រោះ​ពួកគេ​ចូលរួម​គាំទ្រ​សកម្មភាព​របស់​កង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់ ក៏ដូចជា​គាំទ្រ​អង្គការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​មាន​មូលដ្ឋាន​នៅ​អ៊ីរ៉ង់ និង​បុគ្គល​ពាក់ព័ន្ធ​ផ្សេងទៀត​។ ក្រុមហ៊ុន និង​បុគ្គល​ទាំងនេះ ត្រូវ​រកឃើញថា​ជាប់ទាក់ទង​នឹង​ការទិញ​សម្ភារ​សង្គ្រាម​ទំនើបៗ និង​លួច​យក​ប្រព័ន្ធ Software ដែល​បស្ចិមប្រទេស​លក់​ឲ្យ​រដ្ឋាភិបាល​អ៊ីរ៉ង់​ទៀតផង​។​

​រដ្ឋមន្ត្រី​រតនាគារ​អា​មេ​រិ​ក លោក Steven T. Mnuchin និយាយថា ទណ្ឌកម្ម​លើក​នេះ គឺជា​សារ​ផ្ញើ​ទៅកាន់​អ៊ីរ៉ង់​ដើម្បី​បញ្ជាក់​ពី​ជំហរ​របស់​អាមេរិក​ដែល​មិន​អត់ទ្រាំ​នឹង​សកម្មភាព​បង្ក​ហេ​ត និង​បង្ក​អស្ថិរភាព​របស់​អ៊ីរ៉ង់​ឡើយ​។ លោក​បន្តថា អាមេរិក​នឹង​បន្ត​ដាក់ទណ្ឌកម្ម​លើ​កង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់ និង​ដាក់​សម្ពាធ​ឲ្យ​អ៊ីរ៉ង់​បោះបង់​កម្មវិធី​មី​ស៊ី​ល​បាលី​ស្ទិ​ក​របស់ខ្លួន ក៏ដូចជា​បញ្ឈប់​សកម្ម​ភាព​ដែល​ធ្វើ​ឲ្យ​មជ្ឈិមបូព៌ា​ធ្លាក់​ទៅក្នុង​ស្ថានភាព​គ្រោះថ្នាក់​។​

​យ៉ាងណាមិញ ការចាត់ទុក​កងទ័ព​អ៊ីរ៉ង់​ជា​ក្រុម​ភេរវកម្ម នឹង​បង្ក​ជា​បញ្ហា​មិន​ខាន​។ ប្រមុខ​កង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់ លោក​ឧ​ត្ត​ម​សេនីយ៍ Mohammad Baqeri បាន​ព្រមាន​ទុក​ហើយ​ថា បើ​អាមេរិក​នៅតែ​មានះ​ចង់​ដាក់​កងទ័ព​អ៊ីរ៉ង់​ក្នុង​បញ្ជី​ភេរវកម្ម អាមេរិក​នឹង​ប្រឈមមុខ​គ្រោះថ្នាក់ ហើយ​មូលដ្ឋាន និង​កងទ័ព​អាមេរិក​ដែល​ពង្រាយ​នៅក្នុង​តំបន់​ក៏ត្រូវ​ប្រឈមមុខ​ហានិភ័យ​ដែរ​។ ប៉ុន្តែ​លោក​មិនបាន​បញ្ជាក់ថា​អ៊ីរ៉ង់​នឹង​ឆ្លើយតប​ដោយ​របៀប​ណា​ឡើយ​។

​សូម​បញ្ជាក់ដែរថា កាលពី​សប្ដាហ៍​មុន រដ្ឋបាល​លោក ត្រាំ ទើបតែ​ព្យួរ​ទណ្ឌកម្ម​អ៊ីរ៉ង់​ពាក់ព័ន្ធ​កម្មវិធី​នុយក្លេអ៊ែរ ដោយ​អនុលោម​តាម​កិច្ចព្រមព្រៀង​ឆ្នាំ​២០១៥ ដែល​បន្សល់ទុក​ដោយ​អតីត​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា ។ លោក ត្រាំ បាន​ហៅ​កិច្ចព្រមព្រៀង​នេះ​ជា​កិច្ចព្រមព្រៀង​អាក្រក់​បំផុត ប៉ុន្តែ​លោក​នៅ​អាច​កែប្រែ​បានទេ​៕


Tag:
 អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
  អ៊ីរ៉ង់​
  នុយក្លេអ៊ែរ
© រក្សាសិទ្ធិដោយ thmeythmey.com