ជាតិ
នយោបាយជាតិ
នៅពេលដែលតំណាងរាស្ត្រ CPP ដង្ហែទៀនវស្សាជាមួយមេឃុំ CNRP!
× អ្នកលេងហ្វេសប៊ុកច្បាស់ជាប្លែកអារម្មណ៍ ហើយរំភើប នៅពេលដែលឃើញអ្នកនយោបាយខុសនិន្នាការបានធ្វើប្រយោជន៍អ្វីរួមគ្នាមួយ។ លោក ស សុខា តំណាងរាស្ត្រខេត្តព្រៃវែងនៃគណបក្សប្រជាជនកម្ពុជា និងកញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត ចៅសង្កាត់អូរចារ ខេត្តបាត់ដំបងនៃគណបក្សសង្គ្រោះជាតិ ទទួលបានការអញ្ជើញរួមគ្នាពីសំណាក់ លោក ស រដ្ឋា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង ក្នុងកម្មវិធីដង្ហែទៀនវស្សាទៅកាន់វត្តមួយ។
ទាំងលោក ស សុខា ទាំងកញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត តាមរយៈគណនីហ្វេសប៊ុករបស់ខ្លួន កាលពីថ្ងៃទី១៨ ខែកក្កដា បានបង្ហោះសកម្មភាពប្រគេនទៀនវស្សារួមគ្នាដល់ព្រះសង្ឃនៅវត្តសាមគ្គីរស្មី ហៅវត្តទួលដូនប៉ុក ដែលស្ថិតនៅក្នុងសង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
សកម្មភាពបែបនេះ ទទួលបាននូវការបញ្ចេញមតិល្អច្រើនជាងការរិះគន់។ អ្នកខ្លះបានសរសើលោក ស សុខា ថាជាគម្រូល្អដល់អ្នកដទៃ ហើយសកម្មភាពបែបនេះទទួលបាននូវការគាំទ្រ១០០ភាគរយ។ អ្នកខ្លះបានសរសេរថា សកម្មភាពរបស់លោក ស សុខា បង្ហាញថា អ្នកណា ក្រុមណា បក្សណាក៏អាចរស់នៅជាមួយគណបក្សប្រជាជនកម្ពុជាបានដែរ។
នៅលើគណនីហ្វេសប៊ុករបស់កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត ឯណោះវិញ អ្នកចូលរួមយោបល់ បានលើកឡើងថា បក្សណាក៏ខ្មែរដែរ សំខាន់សប្បាយរីករាយ មានគ្រប់យ៉ាងតាមតម្រូវការ។ ទន្ទឹមដែលអ្នកខ្លះ ចង់ឃើញការបន្តវប្បធម៌បែបនេះ មនុស្សមួយចំនួនបែរជាបង្កប់ន័យភ័យខ្លាចថា មានការទិញទឹកចិត្តមន្ត្រីបក្សប្រឆាំង។
ទោះបីជាយ៉ាងណាក៏ដោយ បក្សខុសគ្នា និន្នាការខុសគ្នា ប៉ុន្តែរស់នៅលើទឹកដីកម្ពុជារួមគ្នា ដូច្នេះគ្មានអ្វីដែលរារាំងមនុស្សមិនឲ្យធ្វើអំពើល្អរួមគ្នានោះឡើយ៕
Tag:
ទៀនវស្សា
ស សុខា
ស៊ិន ចាន់រ៉ូហ្សែត
© រក្សាសិទ្ធិដោយ thmeythmey.com