ជាតិ
smart ថា គ្មាន​ការទាញយក​ទិន្នន័យ​ដោយ​លេខ​ទូរ​សព្ទ​ប្លែកៗ​ក្រៅប្រទេស​ឡើយ​
19, Jul 2017 , 7:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ កាលពីពេល​ថ្មីៗ​នេះ និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា (TRC) បានស្នើ​ឲ្យ​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរ​សព្ទ​ចល័ត​បកស្រាយ​លក្ខណៈ​បច្ចេកទេស​ចំពោះ​ការហៅ​ចូល​យ៉ាង​ចម្លែក​ពី​លេខ​ទូរ​សព្ទ​ក្រៅប្រទេស​។ ជាការ​ឆ្លើយតប ក្រុមហ៊ុន smart អះអាងថា ពុំមាន​លក្ខខណ្ឌ​បច្ចេកទេស អនុញ្ញាត​ឲ្យ​ជន​ដែល​ហៅចូល​ពី​ក្រៅប្រទេស​នោះ​អាច​ថតចម្លង​យក​ទិន្នន័យ លេខ​ទូរ​សព្ទ​របស់​អតិថិជន​ក្នុងស្រុក​បានឡើយ​។



​បើ​ទោះ​គ្មាន​ការ​លួច​ទិន្នន័យ ប៉ុន្តែ​ក្រុមហ៊ុន smart តាមរយៈ​លិខិត​ដែល​ផ្ញើមក TRC ចុះ​ថ្ងៃទី​១៣​ខែកក្កដា បាន​ឲ្យ​ដឹង​ទៀតថា អតិថិជន​ក្នុងស្រុក​ពិតជា​ត្រូវ​បង់​ចំណាយ​តាម​ចំនួន​នាទី និង​អត្រា​តម្លៃ​នៃ​ប្រទេស​នីមួយៗ ក្នុងករណី​អតិថិជន​ហៅ​ទៅកាន់​លេខ​បរទេស​ប្លែកៗ​នោះ​វិញ​។​

​ក្រុមហ៊ុន smart បន្ថែមថា ក្រុមហ៊ុន​បាន​បិទ​លេខ​ទូរ​សព្ទ​ពី​អន្តរជាតិ​ទាំងនោះ​ភ្លាម បន្ទាប់ពី​មាន​លិខិត​ពី​និយ័ត​ករ​។ ជាមួយគ្នានេះ ក្រុមហ៊ុន​កំពុង​តាមដាន​លេខ​ដែល​ហៅចូល​ពី​អន្តរជាតិ ដោយ​នឹង​បិទ​ភ្លាម​ចំពោះ​លេខ​ដែលមាន​ឥរិយាបថ​ស្រដៀង​នឹង​លេខ​ដែល​បាន​បិទ​រួចហើយ​។​

​លេខ​ទូរ​សព្ទ​ដែល​ហៅចូល​យ៉ាង​ចម្លែក​ពី​ក្រៅប្រទេស​ទាំងនោះ​មានដូចជា ប្រទេស Vanuatu មាន​លេខ +៦៧៨ ៥៥៩ ៤៥២៣/ +៦៧៨ ៥៥៩ ៤៥៨៩ និង​លេខ​ទូរ​សព្ទ​ដែលមាន​កូដ​ប្រទេស​, ប្រទេស​អា​ហ្វ​ហ្គា​នី​ស្តង់ +៣៧៥ ប្រទេស​ឡា​ទី​វ៉ា +៣៧១ ប្រទេស​ស៊ែ​ប៊ី +៣៨១ ប្រទេស Valparaiso +៥៦៣ ប្រទេស Vilnuis +៣៧០ ប្រទេស​តង់​ហ្សា​នី +២៥៥ ។ និយ័ត​ករ​ប្រាប់ថា ការហៅ​បក​ទៅវិញ​ជា​លក្ខណៈ​សន្ទនា​ទូរ​សព្ទ​អន្តរជាតិ ជាធម្មតា​ត្រូវ​បង់ខាត​ថវិកា ២៥​សេន​ក្នុង​មួយ​នាទី តែបើ​តាម​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស ការខាតបង់​នេះ​មាន​ចំនួន ១៥ ទៅ​៣០​ដុល្លារ​ក្នុង​មួយ​នាទី​។ ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​ក៏បាន​ចេញ​សារ​ដែលមាន​ចម្ងល់​ចំពោះ​ការ​ហៅចូល​នេះដែរ​។​

​និយ័ត​ករ តាមរយៈ​សារ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ពីថ្ងៃ​ម្សិលមិញ បាន​ណែនាំ​ឲ្យ​អ្នកប្រើប្រាស់​ចៀស​វា​ការលើក​ទរ​សព្ទ​សន្ទនា និង​ហៅ​ចេញ​ត្រឡប់​ទៅ​លេខ​ទាំងនោះ​វិញ ដើម្បី​កុំ​ឲ្យ​ខាតបង់​ថវិកា​៕


Tag:
 ទូរ​សព្ទ​ចល័ត​
© រក្សាសិទ្ធិដោយ thmeythmey.com