អន្តរជាតិ
បង់​ក្លា​ដែ​ស​៖ បុរស​ម្នាក់​កាត់​ម្រាមដៃ​ភរិយា​ដើម្បី​រារាំង​កុំ​នាង​រៀន​បាន​ខ្ពស់ជាង​ខ្លួន​
19, Jul 2017 , 7:39 pm        
រូបភាព
នាង Hawa Akhter សម្រាកព្យាបាល​ដៃរបស់ខ្លួន។ រូបថត Daily Mail
នាង Hawa Akhter សម្រាកព្យាបាល​ដៃរបស់ខ្លួន។ រូបថត Daily Mail
ដោយ: ធីតា
​បុរស​បង់​ក្លា​ដែ​សម្នាក់ បានកើត​ក្តី​ច្រណែន​ភរិយា​ដែល​រៀន​ខ្ពស់​។ ដើម្បី​រារាំង​ភរិយា​កុំ​ឲ្យ​មានឱកាស​សិក្សា​បន្ត បុរស​ឈ្មោះ Rafiqul Islam បាន​កាត់​ម្រាមដៃ​ស្តាំ​ទាំង​៥​របស់​ភរិយា​។ នេះ​បើតាម​ការផ្សាយ​របស់ Daily Mail កាលពី​ថ្ងៃទី​១១ ខែកក្កដា​។



Rafiqul Islam អាយុ​៣០​ឆ្នាំ សិក្សា​បាន​ត្រឹម​ថ្នាក់​ទី​៨​ប៉ុណ្ណោះ ហើយ​គេ​បាន​ទៅធ្វើជា​ពលករ​នៅ​ប្រទេស​អារ៉ាប់​រួម​អេ​មី​រ៉េត ខណៈ​នាង Hawa Akhter ជា​ភរិយា​រៀន​ចប់​កម្រិត​ទូទៅ ហើយ​ត្រៀមខ្លួន​រៀន​បន្ត​នៅ​មហាវិទ្យាល័យ​។ ក្រោយ​ដឹង​ពី​បំណង​របស់​ភរិយា Islam មាន​ក្តី​ច្រណែន​យ៉ាងខ្លាំង ហើយ​បាន​ព្រមាន​ថា ខ្លួន​នឹងធ្វើ​សកម្មភាព​អ្វី​ធ្ងន់ធ្ងរ​ប្រសិនបើ​នាង​នៅតែ​រឹងរូស​ចង់​រៀន​បន្ត​។​

​នាង Akhter បាន​រៀបរាប់​ប្រាប់​អ្នកសារព័ត៌មាន​ថា​៖ «​ពេល​គាត់​មកដល់​បង់​ក្លា​ដែ​ស គាត់​បាន​ប្រាប់ថា មានរឿង​ចង់​ពិភាក្សា​ជាមួយ​ខ្ញុំ​។ ភ្លាមនោះ គាត់​បាន​បិទ​ភ្នែក​ខ្ញុំ ចងដៃ​ខ្ញុំ និង​បិទមាត់​ខ្ញុំ ដោយ​និយាយថា គាត់​មាន​កាដូ​ដ៏​ភ្ញាក់ផ្អើល​។ ប៉ុន្តែ​ផ្ទុយទៅវិញ គាត់​បាន​កាត់​ម្រាមដៃ​ទាំងអស់​របស់ខ្ញុំ​»​។

​តាម​ព័ត៌មាន​ដែល​ដកស្រង់​ដោយ Daily Mail ម្រាម​ដៃស្តាំ​ទាំងអស់​របស់ Akhter ត្រូវបាន​បោះចោល​ក្នុង​ធុងសំរាម ពីព្រោះ Islam មិន​ចង់​ឲ្យ​ពេទ្យ​រកឃើញ ហើយ​ត​ភ្ជាប់​វិញ បាន​ទាន់ពេលវេលា​។​

​មេ​ប៉ូលិស​ប្រទេស​បង់​ក្លា​ដែ​ស លោក Mohammed Saluddin បាន​អះអាង​ពី​ការចាប់ខ្លួន ស្វាមី​នាង Akhter នៅ​ទីក្រុង​ដា​កា ហើយ​មន្ត្រី​សិទ្ធិមនុស្ស​ទាមទារ​ឲ្យ​មានការ​ដាក់ទោស​ជាប់ពន្ធនាគារ​អស់​មួយជីវិត​។​

​បច្ចុប្បន្ន Akhter បាន​វិលត្រឡប់​ទៅ​រស់នៅ​ជាមួយ​ឪពុកម្តាយ​របស់ខ្លួន​វិញ ហើយ​ព្យាយាម​រៀន​សរសេរ​ដៃ​ឆ្វេង ដើម្បី​បន្ត​សម្រេច​ឲ្យ​បាន​នូវ​ក្តី​សុបិន​សិក្សា​ថ្នាក់​មហាវិទ្យាល័យ​របស់​ខ្លួន​៕

Tag:
 ប្លែកៗ​
  អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com