ជាតិ
ទោច​ម្កុដ​កម្រ​មួយ​ក្បាល​ទៀត​បានចាប់កំណើត​នៅ​រមណីយដ្ឋាន​អង្គរ​
19, Jul 2017 , 8:19 pm        
រូបភាព
ដោយ: ថ្មីៗ
​សៀមរាប​៖ ជា​ព័ត៌មាន​ដែល​គួរ​អបអរសាទរ ចំពោះ​ការចាប់​កំណើត​របស់​សត្វ​ទោច​ម្កុដ (Pileated Gibbon) ដែលជា​ប្រភេទ​សត្វ​កម្រ ដែល​បានកើត​នៅ​រមណីយដ្ឋាន​អង្គរ​។ នេះ​ជា​ទោច​ម្កុដ​ទី​៣​ហើយ  ក្រោយ​ប្រភេទ​សត្វ​ជិត​ផុត​ពូជ​មួយ​នេះ ត្រូវបាន​យកមក​ព្រលែង​ក្នុង​ឧទ្យាន​អង្គរ​កាលពី​ឆ្នាំ​២០១៣​។​



​យោងតាម​ព័ត៌មាន​ដែល​ផ្សាយ​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា ផ្សាយ​នៅ​ថ្ងៃទី​១៩ កក្កដា ទោច​ម្កុដ ដែល​ទើប​ចាប់កំណើត​នៅ​ថ្ងៃទី​៧ កក្កដា ឆ្នាំ​២០១៧​នោះ មាន​ទីតាំង​នៅក្នុង​បរិវេណ​ប្រាសាទ​តា​នៃ  មាន​សម្បុរ​ស តែ​មិនទាន់​កំណត់​ភេទ​បាន​នៅឡើយ​។ តាម​អ្នកជំនាញ គេ​អាច​មើល​ភេទ​ទោច​ម្កុដ​បាន រហូត​ទាល់តែ​វា​មាន​អាយុ​ប្រហែល​មួយឆ្នាំ​។​

​អាជ្ញាធរ​ជាតិ​អប្សរា បាន​បញ្ជាក់ថា គិត​ត្រឹម​ដើមខែ​កក្កដា មាន​សត្វ​ទោច​ម្កុដ​ចំនួន​២​គូ​ហើយ ដែល​ត្រូវបាន​ព្រលែង​ក្នុងព្រៃ​នៃ​ឧទ្យាន​អង្គរ ដែល​គម្រោង​នេះ មាន​កិច្ចសហការ​ជាមួយ​អង្គការ​សម្ព័ន្ធ​សត្វព្រៃ ហៅថា Wildlife Alliance និង​និង​ក្រុមហ៊ុន​ខ្សែ​យោង​អេកូ​ទេសចរណ៍ (Angkor Zip line) និង​បាន​បង្កើតកូន​បាន​ចំនួន​៣​ក្បាល​រួចមកហើយ​ដែរ​។​



​ផ្អែក​តាម​របាយការណ​ណ៍​របស់​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ដីព្រៃ និង​សត្វព្រៃ ក្នុង​ឆ្នាំ​២០១៦ បានចាត់ទុក​សត្វ​ទោច​ម្កុដ នៅក្នុង​បញ្ជី​ក្រហម​របស់​អង្គការ​អភិរក្ស​សត្វព្រៃ​ពិភពលោក (IUCN) ជា​ប្រភេទ​សត្វ​ជិត​ផុត​ពូជ​។ សត្វ​ដ៏​កម្រ​មួយ​នេះ មាន​វត្ត​មាននៅ​លើទឹក​ដី​កម្ពុជា​មិន​ដល់ ១​ម៉ឺន​ក្បាល​ទេ​។​

​ដើម្បី​អភិរក្ស​ប្រភេទ​សត្វ​កម្រ​នេះ ការ​ព្រលែង​ទោច​ម្កុដ​មួយគូ​ដំបូង​គេ នៅក្នុង​ឧទ្យាន​អង្គរ​ធ្វើឡើង​នៅ​ខែមិថុនា ឆ្នាំ​២០១៣ នៅ​តំបន់​ប្រាសាទ​តា​នៃ និង​មួយគូ​ទៀត នៅ​ខ្លោងទ្វារ​ខ្មោច ខាងកើត​ប្រាសាទបាយ័ន កាលពី​ថ្ងៃទី​៣០ មិថុនា ឆ្នាំ​២០១៥​។ ហើយ​សត្វ​ទោច​ដែល​ទើប​ចាប់កំណើត​នោះ គឺជា​កូន​ទី​២ នៃ​គូ​ដែល​ព្រលែង​នៅ​ប្រាសាទ​តា​នៃ ដែល​កូន​ទី​១ កើត​ក្នុងអំឡុង​ខែ កញ្ញា ឆ្នាំ​២០១៥​។​

​អាជ្ញាធរ​ជាតិ​អប្សរា​បាន​បញ្ជាក់ថា តាម​ការធ្វើជំរឿន​នៅក្នុង​ឧទ្យាន​អង្គរ ធ្លាប់មាន​សត្វព្រៃ​ច្រើន​ប្រភេទ​រស់នៅ ក្នុងនោះ​ក៏មាន​វត្តមាន​សត្វ​ទោច​ម្កុដ​នេះ​ផងដែរ ប៉ុន្តែ​ដោយសារ​សង្គ្រាម ធ្វើ​សត្វ​ទាំងនោះ ស្លាប់ និង​ខ្លះ​ផុត​ពូជ​។ ដូច្នេះ​ការនាំ​ប្រភេទ​សត្វព្រៃ​កម្រ មកកាន់​ឧទ្យាន​អង្គរ​នៅពេលនេះ គឺ​ក្នុង​បំណង​ដើម្បី​អភិរក្ស និង​ធ្វើ​ឲ្យ​រមណីយដ្ឋាន​មួយ​នេះ មាន​ព្រៃឈើ និង​សត្វព្រៃ​ជាច្រើន​រស់នៅ ក៏ដូចជា​ដើម្បី​ជាការ​ទាក់ទាញ​ដល់​ភ្ញៀវទេសចរ​ផងដែរ​៕


Tag:
 ​ទោច​ម្កុដ
© រក្សាសិទ្ធិដោយ thmeythmey.com