អន្តរជាតិ
ប្រមុខ​កងទ័ព​បារាំង​លាលែង​ពី​តំណែង ក្រោយ​ទាស់ទែង​ជាមួយ​ប្រធានាធិបតី ម៉ា​ក្រុង
19, Jul 2017 , 4:31 pm        
រូបភាព
ប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង និងប្រមុខកងទ័ពឧត្តមសេនីយ៍ Pierre de Villiers
ប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង និងប្រមុខកងទ័ពឧត្តមសេនីយ៍ Pierre de Villiers
​ប្រមុខ​កងទ័ព​បារាំង ឧ​ត្ត​ម​សេនីយ៍ Pierre de Villiers បានដាក់​ពាក្យ​លាលែង​ពី​តំណែង​ហើយ​នៅ​ថ្ងៃទី​១៩ ខែកក្កដា បន្ទាប់ពី​ទាស់សម្ដី​ជាមួយ​ប្រធានាធិបតី​ថ្មីថ្មោង អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង កាលពី​សប្ដាហ៍​មុន​។ លោក Pierre de Villiers មិន​ពេញ​ចិត្តនឹង​ចំណាត់ការ​កាត់បន្ថយ​ការចំណាយ​សម្រាប់​វិស័យ​យោធា​របស់លោក ម៉ា​ក្រុង ប៉ុន្តែ​លោក​ក៏​មិន​អាចធ្វើ​អ្វី​លោក ម៉ា​ក្រុង បានដែរ ខណៈ​លោក ម៉ា​ក្រុង ក៏បាន​ព្រមាន​ធ្ងន់ៗ​ថា លោក​មិន​អត់ឱន​ឲ្យ​មានការ​រិះគន់​ពី​សំណាក់​យោធា​ដែរ​។​



​ទំនងជា​មិន​ពេញចិត្ត​គោលនយោបាយ​កាត់បន្ថយ​ថវិកា​សម្រាប់​យោធា​របស់​ប្រធានាធិបតី​វ័យក្មេង អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង ឧ​ត្ត​ម​សេនីយ៍ Pierre de Villiers នាយសេនាធិការ​កងទ័ព​បារាំង បានប្រកាស​ចុះចេញ​ពី​តំណែង​កំពូល​ក្នុង​ជួរ​កងទ័ព​ហើយ​។ លោក Pierre de Villiers បានចេញ​សេចក្ដីថ្លែងការណ៍​មួយ​ប្រកាស​ពី​ការលាលែង​តំណែង​នេះ​នៅ​ថ្ងៃទី​១៩ ខែកក្កដា ដោយ​បញ្ជាក់ថា លោក ម៉ា​ក្រុង បាន​យល់ព្រម​តាម​សំណើ​របស់លោក​ហើយ​។  

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters សេចក្ដីប្រកាស​របស់លោក de Villiers បញ្ជាក់ថា លោក​បាន​ព្យាយាម​ការពារ​កងទ័ព​បារាំង​ពី​ផលប៉ះពាល់​នៃ​ការកាត់បន្ថយ​ការចំណាយ​ដែល​បានស្នើ​ដោយ​លោក  ម៉ា​ក្រុង ទៅតាម​សមត្ថភាព​ដែល​លោក​មាន​។ ដោយ​ចាត់ទុក​នេះ​ជាការ​ងារ​ក៏​លំបាក​មួយ ឧ​ត្ត​ម​សេនីយ៍​វ័យ​៦០​ឆ្នាំ​រូបនេះ ក៏​ប្រកាសថា​លោក​មិនអាច​ទ្រាំទ្រ​បាន​ទៀត​ទេ ហើយក៏​សម្រេចចិត្ត​ចាកចេញ​តែម្ដង​។​

​លោក de Villiers សង្កត់ធ្ងន់ថា ក្នុង​កាលៈទេសៈ​បច្ចុប្បន្ន លោក​មិនអាច​ធានា​ពី​ភាពរឹងមាំ​របស់​កងទ័ព​ដែល​លោក​ជឿថា​ចាំបាច់​ក្នុងការ​ការពារ​បារាំង និង​ប្រជាជន​បារាំង​ទាំង​នៅពេលនេះ និង​នៅពេល​អនាគត​បាន​ទៀតឡើយ​។ លោក​និយាយ​ដូចនេះ ដោយ​សំដៅ​ដល់​ការកាត់បន្ថយ​ថវិកា​យោធា​ប្រចាំឆ្នាំ​២០១៧ ក្នុង​ទំហំ​ទឹកប្រាក់​ដល់​ទៅ​៩៧៩​លាន​ដុល្លារ​ឯណោះ​។ រដ្ឋបាល​លោក ម៉ា​ក្រុង កាត់បន្ថយ​ការចំណាយ​យោធា​ដើម្បី​តម្រឹម​ថវិកាជាតិ​កុំ​ឲ្យ​ខ្ពស់​ពេក​។

​ដោយសារ​រឿងនេះ ឧ​ត្ត​ម​សេនីយ៍ de Villiers បាន​ប្រើប្រាស់​ពាក្យសម្ដី​ខ្លាំង​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​សភា ក្នុង​គោលដៅ​ប្រឆាំង​គោលនយោបាយ​ប្រធានាធិបតី ប៉ុន្តែ​ក៏​រង​ការព្រមាន​ខ្លាំង​វិញ​ពី​លោក ម៉ា​ក្រុង ។ លោក ម៉ា​ក្រុង ក៏​មិន​សប្បាយចិត្ត​ដែរ ពេល​ឃើញ​មានការ​រិះគន់​ចេញពី​មាត់​មេទ័ព​កំពូល​របស់លោក​។ លោក បាន​ឆ្លើយ​ទៅវិញ​ថា លោក​បានសម្រេច​ចិត្ត​រួចហើយ​រឿង​កាត់បន្ថយ​ការចំណាយ របស់​យោធា​នេះ​។​

​បន្ទាប់ពី​មានរឿង​បែបនេះ លោក ម៉ា​ក្រុង និង​លោក​ឧ​ត្ត​ម​សេនីយ៍ de Villiers បាន​បង្ហាញមុខ​រួមគ្នា​នៅ​កម្មវិធី​ព្យុហយាត្រា​កងទ័ព​នៅ​ថ្ងៃ​បុណ្យជាតិ (Bastille Day) កាលពី​ថ្ងៃទី​១៤ ខែកក្កដា ដែល​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ជា​ភ្ញៀវ​កិ​ត្ត​យស​ដែរនោះ​។ យ៉ាងណាក្ដី ប្រមុខ​កងទ័ព​បារាំង​រូបនេះ នៅតែ​មិនអាច​ធ្វើការ​ជាមួយ​ប្រធានាធិបតី ដែលជា​អគ្គមេបញ្ជាការ​ជាន់ខ្ពស់​របស់​កងទ័ព​បាន​ដដែល​៕


Tag:
 បារាំង​
  អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង​
  Pierre de Villiers
© រក្សាសិទ្ធិដោយ thmeythmey.com