Jose Mourinho និយាយថាលោកនឹងស្នាក់នៅជាមួយ Manchester United រយៈពេល១៥ឆ្នាំទៀតដើម្បីស្តាក្រុមឡើងវិញ និងល្បីល្បាញឲ្យដូចសម័យកាលលោក Sir Alex Ferguson នៅដឹកនាំ។
នៅក្នុងបទសម្ភាសជាមួយ ESPN អ្នកចាត់ការទូទៅក្រុមបិសាចក្រហម Jose Mourinho បានប្រាប់ថា លោកចង់ដឹកនាំ Manchester United ១៥ឆ្នាំទៀត ហើយស្ដារឡើងវិញនូវភាពខ្លាំងរបស់ក្រុម ដូចការគ្រប់គ្រងរបស់លោក Sir Alex Ferguson។
អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់ វ័យ៥៤ឆ្នាំ បានចូលមកដឹកនាំ Manchester United នៅដើមរដូវកាលមុន ដើម្បីជំនួសតំណែងអ្នកចាត់ការចាស់លោក Louis Van Gaal។ សម្រាប់ការដឹកនាំក្នុងរដូវកាលដំបូង Mourinho បានជួយក្រុមឈ្នះជើងឯក EFL Cup និង Europa League និងបានកៅអី UEFA Champion League រដូវកាលនេះថែមទៀត។
នេះជារដូវកាលទី២ហើយក្នុងនាមជាអ្នកដឹកនាំក្រុមម្ចាស់ជើងឯក Premier League ២០សម័យកាល ហើយអតីតគ្រូរបស់ Chelsea នេះ មានមហិច្ចតាចង់ក្លាយជាអ្នកចាត់ការរយៈពេលយូរនិងជោគជ័យដូច Ferguson និង Arsene Wenger អ្នកចាត់ការ Arsenal អ៊ីចឹងដែរ។
«ខ្ញុំត្រៀមខ្លួនរួចរាល់សម្រាប់ការប្រកួតរដូវកាលថ្មីខាងមុខ ហើយខ្ញុំក៏ត្រៀមខ្លួនរួចរាល់ដែរសម្រាប់រយៈពេល ១៥ឆ្នាំខាងមុខទៀតដើម្បីដឹកនាំក្រុមនេះ។ ខ្ញុំទទួលស្គាល់ថាការមកដល់ទីនេះវាពិតជាពិបាកណាស់ដោយសារសម្ពាធជុំវិញការងាររបស់យើង។ អ្នកទាំងអស់គ្នាដាក់សម្ពាធលើអ្នកគ្រប់គ្រង ព្រោះដើម្បីចង់ឈ្នះពាន។ យើងត្រូវតែឈ្នះប៉ុន្តែវាពិបាកណាស់ដើម្បីឈ្នះពានរាល់ឆ្នាំនោះ»។ នេះជាការលើកឡើងរបស់ The Special One។
សូមបញ្ជាក់ថា បច្ចុប្បន្ន Mourinho កំពុងដឹកនាំក្រុម Man Utd ដើម្បីប្រកួតជាលក្ខណទេសចរណ៍កំដៅសាច់ដុំមុនបើករដូវកាលថ្មី ក្នុងទឹកដីអាមេរិក។ ពីរប្រកួតដំបូងនៅទីនោះគឺឈ្នះទាំងពីរប្រកួត ហើយប្រកួតបន្ទាប់នឹងត្រូវជួបក្រុម Manchester City នៅថ្ងៃទី២១ ខែកក្កដាខាងមុខនេះ៕