ជាតិ
សង្គមជាតិ
រដ្ឋាភិបាល បង្កើតមណ្ឌលសំចតផ្តល់ព័ត៌មាន និងសេវាចាំបាច់ដល់ពលករ ចៀសវាងការឆ្លងដែនខុសច្បាប់ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ
× រាជរដ្ឋាភិបាល គ្រោងបង្កើតមណ្ឌលសំចតសម្រាប់ពលករឆ្លងដែនទៅស្រុកថៃ ក្នុងពេលឆាប់ៗនេះ ដើម្បីសម្រួលដល់ការទទួលបានសេវាកម្មចាំបាច់ និងព័ត៌មាននានាដល់អ្នកដែលមានបំណងចំណាកស្រុក ដើម្បី ចៀសវាងការចាកស្រុកដោយខុសច្បាប់។
រាជរដ្ឋាភិបាល គ្រោងបង្កើតមណ្ឌលសំចតសម្រាប់ពលករឆ្លងដែនទៅស្រុកថៃ ក្នុងពេលឆាប់ៗនេះ នៅក្នុងក្បែរច្រកព្រំដែនប៉ោយប៉ែត ដើម្បីផ្តល់ព័ត៌មាន និងសេវាចាំបាច់មួយចំនួនដល់ពលករ។ លោកស្រី ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បាន ប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា មណ្ឌលសំចតនេះមានស្នាក់ការរបស់មន្ត្រីនៃស្ថាប័នពាក់ព័ន្ធដូចជា មន្ត្រីក្រសួងការងារ ក្រសួងសង្គមកិច្ច នគរបាលប្រឆាំងការជួញដូរមនុស្ស មន្ត្រីសុខាភិបាល និងអង្គការសង្គមស៊ីវិលជាដើម ដែលរង់ចាំផ្តល់ព័ត៌មាននានាដល់ពលករ ។
ជារដ្ឋលេខាធិការក្រសួងមហាផ្ទៃផង លោកស្រី ជូ ប៊ុនអេង បញ្ជាក់ទៀតថា កិច្ចការងារបន្ទាន់ចំពោះមុខ គឺការផ្តល់ព័ត៌មាននានាពាក់ព័ន្ធនឹងការធ្វើចំណាកស្រុកដោយសុវត្ថិភាព ផ្តល់កន្លែងសម្រាកសម្រាប់ពលករ ផ្តល់អាហារ ឬកន្លែងស្នាក់នៅបណ្តោះអាសន្នសម្រាប់ពលករដែលពលកររង់ចាំសាច់ញាតិមកទទួលជាដើម។
បើទោះជាភាគីថៃមិនចាប់បញ្ជូនពលករត្រឡប់មកវិញ និងទុករយៈពេលមួយដើម្បីផ្តល់ភាពស្របច្បាប់ដល់ពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃ កម្ពុជាក៏ត្រូវរឹតបន្តឹងកុំឲ្យមានពលករខ្មែរ លួចឆ្លងដែនទៅថៃដោយខុសច្បាប់បន្តទៀត។ នេះជាការបញ្ជាក់របសលោកស្រី ជូ ប៊ុន អេង។
រាជរដ្ឋាភិបាលថៃ កាលពីពេលថ្មីៗបាន អនុវត្តព្រះរាជក្រឹត្យថ្មីមួយ សំដៅពង្រឹង និងរឹតបន្តឹងទៅលើពលករ និងជនអន្តោប្រវេសន៍ ដែលឆ្លងដែនទៅធ្វើការនៅប្រទេសថៃ ដោយគ្មានច្បាប់អនុញ្ញាត និងដាក់ទោសទណ្ឌចំពោះនិយោជកណា ដែលទទួលពលករខុសច្បាប់ឲ្យធ្វើការផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com