ជាតិ
រដ្ឋមន្ត្រី​វប្បធម៌ ជំរុញ​បង្កើត​អង្គភាព​គ្រប់គ្រង​សិទ្ធិ​រួម​នៅ​កម្ពុជា​ឲ្យ​បាន​ឆាប់រហ័ស​
19, Jul 2017 , 10:39 pm        
រូបភាព
​ភ្នំពេញ​៖ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ជំរុញ​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ឲ្យ​បង្កើត​អង្គភាព​គ្រប់គ្រង​សិទ្ធិ​រួម​ឲ្យ​បាន​ឆាប់រហ័ស​។ ការបង្កើត​អង្គភាព​គ្រប់គ្រង​សិទ្ធិ​រួម​នេះ សំដៅ​ដល់​អង្គភាព ដែល​តំណាង​ឲ្យ​អ្នកនិពន្ធ ម្ចាស់​សិទ្ធិ ឬ​ម្ចាស់​សិទ្ធិ​ប្រហាក់ប្រហែល ដោយ​ស្របច្បាប់​ក្នុង​កិច្ចការពារ និង​គ្រប់គ្រង សិទ្ធិ​បេតិកភណ្ឌ និង​សិទ្ធិ​សីលធម៌​។



​ការបង្កើត​អង្គភាព​គ្រប់គ្រង​សិទ្ធិ​រួម សំដៅ​ដល់​អង្គភាព ដែល​តំណាង​ឲ្យ​អ្នកនិពន្ធ ម្ចាស់​សិទ្ធិ ឬ​ម្ចាស់​សិទ្ធិ​ប្រហាក់ប្រហែល ដោយ​ស្របច្បាប់​ក្នុង​កិច្ចការពារ និង​គ្រប់គ្រង សិទ្ធិ​បេតិកភណ្ឌ និង​សិទ្ធិ​សីលធម៌​។ គោលដៅ ដែល​បង្កើត​អង្គភាព​នេះ គឺ​ការពារ​សិទ្ធិ​អ្នកនិពន្ធ និង​សិទ្ធិ​ប្រហាក់ប្រហែល នៅ​កម្ពុជា និង​ដើម្បី​ធានា​ការធ្វើ​អាជីវកម្ម​ស្របច្បាប់​លើ​ស្នាដៃ អ្នកនិពន្ធ និង​ម្ចាស់​សិទ្ធិ​ប្រហាក់ប្រហែល​។ ការបង្កើត​អង្គភាព​នេះ ក៏​ជាការ​លើកទឹកចិត្ត និង​ជំរុញ​ការបង្កើត​ស្នាដៃ​ថ្មីៗ  និង​លើកកម្ពស់​សេដ្ឋកិច្ច រួមទាំង​សង្គមកិច្ច​ផងដែរ​។ ជាពិសេស បំពេញ​កាតព្វកិច្ច​រប​ស់​កម្ពុជា នៅក្នុង​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​លើ​វិស័យ​កម្មសិទ្ធិបញ្ញា​។



​ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់ ស្ដីពី​នីតិវិធី​បង្កើត​អង្គភាព​គ្រប់គ្រង​សិទ្ធិ​រួម​នៅ​កម្ពុជា  រដ្ឋមន្ត្រីក្រសួង​វប្បធម៌ លោកស្រី ភឿង ស​កុ​ណា បាន​មានប្រសាសន៍ថា ការបង្កើត​អង្គភាព​នេះ គឺជា​ការប្រមូលផ្ដុំ​អ្នកមាន​វិជ្ជាជីវៈ និង​អ្នកបង្កើត​ស្នាដៃ​ថ្មីៗ​រួមគ្នា​ជា​ក្រុម​មួយ តាមដាន និង​ជួយ​គ្នា​ទៅវិញទៅមក ចំពោះ​ការ​លួច​ស្នាដៃ​សមាជិក​ក្រុម​របស់ខ្លួន​។ ជាពិសេស​ធានា​ការបែងចែក​ភាគ​ផល ដែល​កើតឡើង​ពី​ស្នាដៃ​មាន​អាយុ​យូរអង្វែង​។

​រដ្ឋមន្ត្រី​រូបនេះ បាន​ជំរុញ​ឲ្យ​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ ធ្វើយ៉ាងណា​បង្កើត​អង្គភាព​នេះ​ឲ្យ​បាន​ឆាប់រហ័ស ត្រឹម​ឆ្នាំ​២០១៧ ឬ​ដើមឆ្នាំ​២០១៨ ។ លោកស្រី ភឿង ស​កុ​ណា បានលើកឡើង​ដូច្នេះ​ថា​៖«​ការបង្កើត​អង្គភាព​គ្រប់គ្រង​សិទ្ធិ​រួម​នេះ មាន​រយៈពេល ១​អាណត្តិ​ហើយ ហើយ​មិនទាន់បាន​បង្កើត​ទៀត​»​។

​លោកស្រី ភឿង ស​កុ​ណា សង្ឃឹមថា ក្រោយពី​ចេញប្រកាស និង​ឆ្លងតាម​សិក្ខាសាលា​ដែលមាន​អ្នកជំនាញ​មកពី​ក្រៅប្រទេស​នេះ   អាចធ្វើ​ឲ្យ​ភាគី​ពាក់ព័ន្ធ​កំណត់​គោលដៅ​ថា​បង្កើតឡើង​នៅពេលណា បាន ឬ​មិនបាន​។ ម្យ៉ាងទៀត មិនមែន​តែ​ក្រសួង​វប្បធម៌ តែមួយ​នោះទេ​ដែលជា​អ្នកបង្កើត​នោះ គឺមាន​ការចូលរួម​ច្រើន​ពី​ភាគី​ពាក់ព័ន្ធ​ផ្សេងៗ​។

​កាលពី​ឆ្នាំ​២០១៥ នាយកដ្ឋាន​សិទ្ធិ​អ្នកនិពន្ធ និង​សិទ្ធិ​ប្រហាក់ប្រហែល នៃ​ក្រសួង​វប្បធម៌ បានចេញ​ប្រកាស​មួយ ដើម្បី​ឲ្យ​អ្នកនិពន្ធ និង​ម្ចាស់​សិទ្ធិ​ប្រហាក់ប្រហែល​រួមគ្នា បង្កើត​អង្គភាព​គ្រប់គ្រង​សិទ្ធិ​រួម​។ យ៉ាងណាក៏ដោយ លោក ស៊ិន សា​រ៉ា​ឌី ប្រធាន​នាយកដ្ឋាន​សិទ្ធិ​អ្នកនិពន្ធ និង​សិទ្ធ​ប្រហាក់ប្រហែល បញ្ជាក់ថា ជាង​២​ឆ្នាំ​ហើយ អ្នកពាក់ព័ន្ធ​មិនទាន់​យល់ថា អង្គភាព​គ្រប់គ្រង​សិទ្ធិ​រួម​នេះ​មាន​ប្រយោជន៍​ប៉ុណ្ណា​ដល់​ពួកគាត់​។ លោក សា​រ៉ា​ឌី សង្ឃឹមថា នៅ​ឆ្នាំនេះ ឬ​ដើមឆ្នាំ​២០១៨  អ្នកនិពន្ធ និង​ម្ចាស់​សិទ្ធិ​ប្រហាក់ប្រហែល​ទាំងអស់ អាច​រួមគ្នា​បង្កើត​អង្គភាព​គ្រប់គ្រង​សិទ្ធិ​រួម​នេះ​បាន​។



​ប្រធាន​នាយកដ្ឋាន​សិទ្ធិ​អ្នកនិពន្ធ​រូបនេះ បញ្ជាក់ថា​៖«​អ្នកនិពន្ធ និង​ម្ចាស់​សិទ្ធិ​ប្រហាក់ប្រហែល​ខ្លះ ពួកគាត់​អាច​ខាត​ប្រយោជន៍ នៅពេលដែល​បង្ហាញ​លើ​បណ្ដាញ​អ៊ីនធឺណិត ដោយ​មិនដឹង​ពី​សិទ្ធិ​របស់ខ្លួន​»​។ លោក បន្តថា ប្រសិនបើ​ពួកគាត់ បង្កើត​អង្គភាព​របស់​ពួកគាត់ គឺ​អាចជួយ​ការពារ​ស្របច្បាប់​នូវ​រាល់​ស្នាដៃ​របស់​អ្នកនិពន្ធ និង​ម្ចាស់​សិទ្ធិ​ប្រហាក់ប្រហែល​។​

​សិក្ខាសាលា​ពិគ្រោះ​យោបល់ ស្ដីពី​នីតិវិធី​បង្កើត​អង្គភាព​គ្រប់គ្រង​សិទ្ធិ​រួម​នៅ​កម្ពុជា​នេះ នឹង​រៀបចំ​រយៈពេល​២​ថ្ងៃ នៅ​ថ្ងៃទី​១៩ និង​ទី​២០ ខែកក្កដា នៅ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ដោយមាន​ការចូលរួម​ពី​សំណាក់​តំណាង​អង្គការ​កម្មសិទ្ធិបញ្ញា​ពិភពលោក​ប្រចាំ​ប្រទេស​សិង្ហ​បុរី​ផងដែរ​៕


Tag:
 ក្រសួង​វប្បធម៌​
 ​ សិទ្ធិ​រួម​
 ​ សិទ្ធិ​អ្នកនិពន្ធ​
 ​ សិទ្ធ​ប្រហាក់ប្រហែល
© រក្សាសិទ្ធិដោយ thmeythmey.com