ជាតិ
ធនាគារពិភពលោក​ផ្តល់​ថវិកា​៥៤០​លាន​ដុល្លារ​ដល់​កម្ពុជា​សម្រាប់​កិច្ចសហប្រតិបត្តិការ​ដ​ល់​ឆ្នាំ​២០២១
19, Jul 2017 , 5:26 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ធនាគារពិភពលោក​(World Bank) បានផ្តល់​ថវិកា​ចំនួន​៥៤០​លាន​ដុល្លារ​សហរដ្ឋអាមេរិក ដល់​កម្ពុជា សម្រាប់​កិច្ចសហប្រតិបត្តិការ​រ​វាង​ធនាគារពិភពលោក និង​រដ្ឋាភិបាល​កម្ពុជា ពី​ឆ្នាំ​២០១៨​ដល់​ឆ្នាំ​២០២១​។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។



​ការផ្តល់​ថវិកា​នេះ គឺធ្វើឡើង​នៅក្នុង​ជំនួប​រវាង អ្នកស្រី Ellen Goldstein ដែល​ទើប​ឡើងកាន់ដំណែង​ជានា​យក​ប្រចាំ​ប្រទេស​របស់​ធនាគារពិភពលោក​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ អាស៊ី​ខាងកើត និង​ប៉ា​ស៊ី​ហ្វិ​ច និង លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅ​ទីស្តីការក្រសួង​កាលពី​ថ្ងៃទី​១៨ កក្កដា​។ 

​អ្នកស្រី Ellen Goldstein មានប្រសាសន៍ថា ធនាគារពិភពលោក បាន​ប្តេជ្ញា​រួមចំណែក​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ឲ្យ​កម្ពុជា​សម្រេចបាន​គោលដៅ ដែល​ចង់​ក្លាយជា​ប្រទេស​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០​។ 

​លោក​រដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បាន​មានប្រសាសន៍ថា ការចូលរួមចំណែករ​បស់​ធនាគារពិភពលោក បាន​បាន​ឆ្លុះបញ្ចាំង​របស់​ដៃគូ​អភិវឌ្ឍន៍ ដែល​បាន​ជឿជាក់​លើ​រដ្ឋាភិបាល​។ ក្រៅពី​អរគុណ ធនាគារពិភពលោក លោក​រដ្ឋមន្ត្រី បាន​អះអាងថា រដ្ឋាភិបាល​កម្ពុជា​ក៏មាន​មហិច្ឆតា​ថ្មី​មួយ ដោយ​ចង់ ក្លាយ​ប្រទេស​អ្នកផ្តល់​វិភាគទាន​ដល់​សហគមន៍​អភិវឌ្ឍន៍​អន្តរជាតិ​របស់​ធនាគា​រ​ពិភពលោក​(IDA) ដើម្បី​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍន៍​ដល់​ប្រទេស​ក្រីក្រ​ផ្សេងទៀត ដូចដែល​កម្ពុជា​បាន​ឆ្លងកាត់​កន្លងមក​៕   


Tag:
 World Bank
 ​ ថវិកា​
© រក្សាសិទ្ធិដោយ thmeythmey.com