អន្តរជាតិ
ជប៉ុនប្រកាសជួយលុយ ១ពាន់លានដុល្លារទ្រទ្រង់កុមារ និងយុវជនលើពិភពលោក រូបភាព៖ Inter Press Service
× ជប៉ុនបានប្រកាសផ្តល់ជំនួយថវិកា មួយពាន់លានដុល្លារដើម្បីទ្រទ្រង់កុមារនិងយុវជនទូទាំងពិភពលោកក្នុងរយៈពេល ពីរឆ្នាំ។ ជំនួយនេះនឹងត្រូវប្រើប្រាស់ក្នុងគម្រោងលើកកម្ពស់ការអប់រំ, សុខាភិបាល កាត់បន្ថយផលប៉ះពាល់បង្កដោយគ្រោះមហន្តរាយនិងបញ្ហាសមភាពភេទជាដើម។ វាជាការបង្ហាញឆន្ទៈមួយដ៏សំខាន់របស់មហាអំណាចអាស៊ីមួយនេះក្នុងការរួមចំណែកជួយឲ្យការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពបានជោគជ័យឆ្នាំ ២០៣០ខាងមុខ។
រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Fumio Kishida បានប្រកាសក្នុងកិច្ចប្រជុំអង្គការសហប្រជាជាតិសប្តាហ៍នេះថា រដ្ឋាភិបាលជប៉ុននឹងផ្តល់ជំនួយហិរញ្ញវត្ថុទំហំ ១ពាន់លានដុល្លារក្នុងរយៈពេលពីរឆ្នាំ ដើម្បីទ្រទ្រង់កុមារនិងយុវជន។ វាក៏ជាការរួមចំណែករបស់ជប៉ុនក្នុងការជំរុញការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ឲ្យកាន់តែមានប្រសិទ្ធភាពដែរ។
យោងតាមទីភ្នាក់ងារព័ត៌មាន AFP រដ្ឋមន្ត្រីការបរទេសជប៉ុនខាងលើបានលើកឡើងថា ជប៉ុនផ្តោតសំខាន់លើគោលនយោបាយដែលអាចជួយត្រួសត្រាយផ្លូវសម្រាប់មនុស្សជំនាន់ក្រោយ។ បើតាមសម្តីរបស់អ្នកការទូតរូបនេះ ជំនួយហិរញ្ញវត្ថុទំហំ មួយពាន់លានដុល្លារនេះនឹងត្រូវប្រើប្រាស់ទ្រទ្រង់គម្រោងជាច្រើនដែលពាក់ព័ន្ធការអប់រំ សុខាភិបាល ការកាត់បន្ថយគ្រោះថ្នាក់បង្កឡើងដោយគ្រោះមហន្តរាយ និងសមភាពភេទជាដើម។
ឧទាហរណ៍ដូចជា នៅស៊ីរី ជប៉ុននឹងសហការជាមួយអង្គការអន្តរជាតិនានាដើម្បីឧបត្ថម្ភជាថវិកាជួយកសាងសាលារៀនឡើងវិញ កសាងសមត្ថភាពគ្រូបង្រៀន និងជួយលើកកម្ពស់ចំណេះដឹងនិងការអប់រំពាក់ព័ន្ធសុខភាពនិងការសិក្សាសម្រាប់ប្រជាជនដែលបាត់បង់ជម្រកជាដើមផង។ វានឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហាប្រឈមរបស់ស៊ីរី ស្របពេលក្តីសង្ឃឹមថា សង្គ្រាមស៊ីវិលស៊ីរីនឹងឈានដល់ទីបញ្ចប់មានកាន់តែច្រើនឡើងនាពេលបច្ចុប្បន្ន។
កាលពីចុងឆ្នាំ ២០១៦ ជប៉ុនក៏បានប្រកាសផ្តល់ជំនួយហិរញ្ញវត្ថុសម្រាប់ជួយដល់ជនភៀសខ្លួនចំនួន ៥០០លានដុល្លារផងដែរ។ នាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូ អាបេ បានលើកឡើងថា ការផ្តល់ជំនួយដោះស្រាយបញ្ហាជនភៀសខ្លួននេះគឺជាផ្នែកមួយនៃការប្រឹងប្រែងរបស់ជប៉ុនក្នុងការចូលរួមសម្រេចឲ្យបាននូវគោលដៅអភិវឌ្ឍន៍ជាចីរភាពរបស់អង្គការសហប្រជាជាតិឆ្នាំ ២០៣០ផងដែរ។
ក្រៅពីប្តេជ្ញាផ្តល់ជំនួយហិរញ្ញវត្ថុជួយលើកស្ទួយកុមារនិងយុវជន ជប៉ុនក៏នឹងបន្តរួមចំណែកជួយគាំទ្ររាល់ក្រុមហ៊ុនឯកជនទាំងឡាយណាដែលជួយរួមចំណែកក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ដោយចីរភាព។ ទីភ្នាក់ងារជប៉ុនដើម្បីកិច្ចសហប្រតិបត្តិការអន្តរជាតិ (JICA) នឹងទទួលបន្ទុកកិច្ចការនេះ។
លោក Fumio Kishida ក៏បានបង្ហើបផងដែរថា រដ្ឋាភិបាលក្រុងតូក្យូនឹងចាប់ផ្តើមជួយលើកកម្ពស់និងបញ្ជ្រាបការយល់ដឹងពាក់ព័ន្ធគោលដៅអភិវឌ្ឍន៍ជាចីរភាពនេះដែរ ក្នុងនោះមានការសហការជាមួយបណ្តាក្រុមហ៊ុនផ្សព្វផ្សាយនិងកម្សាន្តដូចជា Yoshimoto Kogyo Co និងអ្នកចម្រៀងល្បីល្បាញ Pikotaro ម្ចាស់បទ « Pen Pineapple Apple Pen»។
តាមពិតទៅគោលដៅអភិវឌ្ឍន៍ជាចីរភាពត្រូវបានអនុម័តឡើងក្នុងខែកញ្ញាឆ្នាំ ២០១៥ ដែលផែនការកម្រិតសាកលនេះមានគោលដៅសរុបចំនួន ១៧ ដែលគេត្រូវសម្រេចឲ្យបាននៅឆ្នាំ ២០៣០។ ក្នុងចំណោមគោលដៅទាំងអស់នោះមានចំណុចដែលត្រូវសម្រេចបានផ្សេងៗគ្នាដែលវាគ្របដណ្តប់លើការកាត់បន្ថយភាពក្រីក្រ, បន្ថយវិសមភាពសង្គម ការពារបរិស្ថាន រួមទាំងកសាងវិបុលភាពសម្រាប់ប្រជាជនទាំងអស់គ្នាទូទាំងពិភពលោក។
ជប៉ុនចេញមុខជួយពេលអាមេរិកកាត់ជំនួយសម្រាប់ UN?
ជប៉ុនប្រកាសផ្តល់ជំនួយសម្រាប់ជួយកុមារនិងយុវជននៅប្រទេសឬតំបន់ដែលរងគ្រោះដោយសង្គ្រាម ជម្លោះឬភាពក្រីក្រនោះ កើតឡើងស្របពេលដែលបណ្តាភ្នាក់ងារមនុស្សធម៌អង្គការសហប្រជាជាតិប្រឈមបញ្ហា។ បញ្ហានោះគឺ ការគំរាមកាត់បន្ថយលុយជំនួយច្រើនសន្ធឹកសន្ធាប់ដែលសហរដ្ឋអាមេរិកផ្តល់ជូនអង្គការសហប្រជាជាតិជារៀងរាល់ឆ្នាំនោះ។
តាំងពីស្បថចូលកាន់តំណែងខែមករា លោកដូណាល់ ត្រាំ បានគំរាមកាត់បន្ថយលុយសម្រាប់ជួយទ្រទ្រង់អង្គការសហប្រជាជាតិខណៈដែលមហាអំណាចអាមេរិកជាប្រទេសដែលផ្តល់វិភាគទានច្រើនជាងគេដល់អង្គការសហប្រជាជាតិកន្លងមក។ អាមេរិកបានទាមទារឲ្យមានការកែទម្រង់មួយទ្រង់ទ្រាយធំនៅអង្គការសហប្រជាជាតិផងដើម្បីធានាប្រសិទ្ធភាពនៃអង្គការពិភពលោកមួយនេះ។
កាលពីសប្តាហ៍មុន គណៈកម្មាធិការសភាពអាមេរិកបានអនុម័តសេចក្តីព្រាងច្បាប់ដែលមានគោលដៅកាត់បន្ថយថវិកាដែលប្រើប្រាស់ផ្គត់ផ្គងដល់ទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកការងារមនុស្សធម៌។ សេចក្តីព្រាងច្បាប់នោះនឹងកាត់បន្ថយជំនួយសម្រាប់កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP), ទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកបរិស្ថាន (UNEP), ទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់ស្ត្រី (UN Women), ការិយាល័យអង្គការសហប្រជាជាតិសម្រាប់សម្របសម្រួលកិច្ចការងារមនុស្សធម៌ (OCHA) និងទីភ្នាក់ងារសំខាន់ៗមួយចំនួនទៀតដែរ៕
Tag:
ជប៉ុន
Fumio Kishida
SDGs
អង្គការសហប្រជាជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com