អន្តរជាតិ
មី​យ៉ាន់​ម៉ា ថា​ការស៊ើបអង្កេត UN រឿង​បំពាន​សិទ្ធិមនុស្ស​កាន់តែ​ធ្វើ​ឲ្យ​ស្ថានភាព​អាក្រក់​ឡើង​
19, Jul 2017 , 10:59 pm        
រូបភាព
រូបភាព៖ Press TV
រូបភាព៖ Press TV
ដោយ:
​ក្រោយ​មានការ​រាយការណ៍​ពី​ការ​ធ្វើទុក្ខបុកម្នេញ​លើ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ពី​សំណាក់​ក្រុម​សន្តិសុខ​មី​យ៉ាន់​ម៉ា អង្គការសហប្រជាជាតិ​ចាត់​ឲ្យ​មានការ​ស៊ើបអង្កេត​ស្ថានភាព​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ក្នុង​រដ្ឋ Rakhine​។ ប៉ុន្តែ​មី​យ៉ាន់​ម៉ា​បដិសេធ ហើយ​អះអាងថា​បេសកកម្ម​នេះ​ធ្វើ​ឲ្យ​ស្ថានភាព​រដ្ឋ Rakhine កាន់តែ​អាក្រក់​។



​កាលពី​ថ្ងៃ​អង្គារ​ទី​១៨​ខែកក្កដា ទីប្រឹក្សា​ស​និ្ត​សុខ​របស់​អ្នកស្រី អ៊ុង​សាន ស៊ូ​ជី​លោក Thaung Tun បាន​ប្រាប់​មន្ត្រី​អង្គការសហប្រជាជាតិ និង​ឯកអគ្គរដ្ឋទូត​អាមេរិក​លោក Scot Marciel ថា មី​យ៉ាន់​ម៉ា​មិន​ផ្ដល់​ទិដ្ឋាការ​ដល់​អ្នកស៊ើប​អង្កេត​រឿង​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ឡើយ​។ លោក​បញ្ជាក់ថា បេសកកម្ម​នេះ​នឹងធ្វើ​ឲ្យ​ស្ថានភាព​រដ្ឋ Rakhine កាន់តែ​យ៉ាប់យ៉ឺន​។​

​ទីប្រឹក្សា​សន្តិសុខ​មី​យ៉ាន់​ម៉ា​រូបនេះ​បាន​បន្ថែមទៀតថា​៖«​ពួកយើង​ដកខ្លួន​ចេញពី​សេចក្ដីសម្រេច​ព្រោះ​យល់ថា នេះ​មិនមែនជា​គំនិត​ដែល​ធ្វើ​ឲ្យ​ស្ថានភាព​ធូរស្រាល​ឡើយ​។​ម្យ៉ាងវិញទៀត ការសម្រេចចិត្ត​របស់​រដ្ឋ​ផ្សេងៗ​រួមមាន​ចិន​និង​ឥណ្ឌា​ដូច​មី​យ៉ាន់​ម៉ា ដោយ​ដកខ្លួន​ចេញពី​សេចក្ដីសម្រេច​នេះ​គឺជា​គោលការណ៍​មួយ​ដ៏​ត្រឹមត្រូវ​»​។​

​លោក Thaung Tun​ក៏បាន​បញ្ជាក់ដែរថា ការស៊ើបអង្កេត​ពី​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​ដែល​ដឹកនាំ​ដោយ​លោក​អនុ​ប្រធានាធិបតី Myint Swe គឺ​វា​គ្រប់គ្រាន់​ហើយ មិនចាំបាច់​មានការ​លូកលាន់​ពី​ក្រៅ​ឡើយ​។​

​លើសពីនេះ​ទៀត បេសកកម្ម​ចុះទៅ​កាន់​រដ្ឋ Rakhine​ដឹកនាំ​ដោយ​អតីត​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក Kofi Annan​ផ្ដោត​សំខាន់​តែ​លើ​ការជួយជ្រោមជ្រែង​កង្វះខាត​តម្រូវការ​ចាំបាច់​ប៉ុណ្ណោះ មិនមែន​ស៊ើបអង្កេត​សិ​ទិ្ធ​មនុស្ស​នោះទេ​។​

​ទីភ្នាក់ងារ​ព័ត៌មាន​Reuter បាន​ចុះ​ទៅដល់​កន្លែង​ផ្ទាល់​រួច​ស្រង់​សម្ដី​ស្ដ្រី​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ម្នា​ក់ថា កងសន្តិសុខ​មី​យ៉ាន់​ម៉ា​ឃុំខ្លួន បាន​បាញ់​ព្រមទាំង​សម្លាប់​កូន​និង​ស្វាមី​របស់ខ្លួន​ដែល​ពួកគេ​យល់ថា​ជា​ជនភៀសខ្លួន​ពី​បង់​ក្លា​ដែ​ស​។​

​ទោះជា​យ៉ាងនេះ​ក្ដី មី​យ៉ាន់​ម៉ា​បាន​បដិសេធ​ការចោទប្រកាន់ ហើយ​ចា​តើ​ទុក​ថា វា​ជាការ​ភូតកុហក​។ មី​យ៉ាន់​ម៉ា អះអាងថា ខ្លួន​មាន​សិ​ទិ្ធ​ការពារ​ប្រទេស​ខ្លួន​យ៉ាង​ស្របច្បាប់​។ ប៉ុន្តែ​គេ​មើលឃើញថា ដំណោះស្រាយ​មី​យ៉ាន់​ម៉ា​កំពុង​ប្រើប្រាស់​កំពុង​បង្កើត​បញ្ហា និង​រួមចំណែក​បង្កើន​សកម្មភាព​ភេរវកម្ម​ប៉ុណ្ណោះ​។​

​តាមពិតទៅ​ប្រជាជន​រ៉ូ​ហ៊ីង​យ៉ា​ជា​ជនជាតិភាគតិច​កាន់សាសនា​ឥស្លាម​រង​ការ​ធ្វើទុក្ខបុកម្នេញ​ពី​សំណាក់​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​ដែល​ដឹកនាំ​ដោយ​ក្រុម​ប្រជាជន​ភូមា​ជា​ក្រុម​ភាគច្រើន​កាន់សាសនា​ព្រះពុទ្ធ​នោះ​។ ពួកគេ​មិន​ទទួលបាន​សញ្ជាតិ ហើយក៏​ត្រូវគេ​ចាត់​ចូល​ជា​ក្រុម​ជនអន្តោប្រវេសន៍​ខុសច្បាប់​ឆ្លងដែន​មកពី​បង់​ក្លា​ដែ​ស​ប៉ុណ្ណោះ​។ ក្រោយ​មាន​អំពើហិង្សា​កន្លងមក មី​យ៉ាន់​ម៉ា​បាន​ថ្កោលទោស​សកម្មភាព​ធ្វើទុក្ខបុកម្នេញ​លើ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ដែរ ប៉ុន្តែ​គ្មាន​ចំណាត់ការ​ជា​ដុំកំភួន​ជួយ​បញ្ចប់​បញ្ហា​ឡើយ​៕


Tag:
 មី​យ៉ាន់​ម៉ា​
  UN
  រ៉ូ​ហ៊ីង​យ៉ា​
  Rakhine
© រក្សាសិទ្ធិដោយ thmeythmey.com