ជាតិ
មន្ត្រីរាជបណ្ឌិត្យសភា និងរដ្ឋាភិបាល ថាខ្លឹមសារថ្មីនៃច្បាប់នយោបាយមានភាពស្អាតស្អំ តែគណបក្សប្រឆាំងមិនគាំទ្រ
× ភ្នំពេញ៖ បញ្ហាខ្លឹមសារច្បាប់ស្តីពីគណបក្សនយោបាយ ដែលហាមអ្នកទោសមិនឲ្យមានសកម្មភាពជាមួយអ្នកនយោបាយនោះ បានក្លាយប្រធានបទសំខាន់ ក្នុងវេទិការតុមូលមួយ ដែលរៀបចំឡើងដោយក្រុមរាជ្យបណ្ឌិត្យសភា នៅព្រឹកថ្ងៃទី១៩ កក្កដានេះ។ តំណាងគណបក្សប្រជាជនកម្ពុជា និងវាគ្មិននៃរាជ្យបណ្ឌិត្យសភា សុទ្ធតែគាំទ្រខ្លឹមសារច្បាប់នេះ ខណៈដែលតំណាងបក្សក្រៅរដ្ឋាភិបាល ចាត់ទុកខ្លឹមសារថ្មីនេះច្បាប់នេះ រឹតត្បិតសេរីភាពនយោបាយ និងមិនផ្ដល់ប្រយោជន៍អ្វីដល់ប្រទេសជាតិឡើយ។
គណបក្សប្រជាជនកម្ពុជា ដែលស្នើសុំវិសោធនកម្មខ្លឹមសារច្បាប់ស្តីពីគណបក្សនយោបាយ ចេញមុខការពារថា ខ្លឹមសារនៃច្បាប់នេះ គ្មានគោលបំណងរិតត្បិតសេរីភាពនយោបាយ គណបក្សណាមួយឡើយ ពោលគឺដើម្បីថែរក្សាសណ្ដាប់ធ្នាប់សង្គមប៉ុណ្ណោះ។ អ្នកនាំពាក្យគណបក្សប្រជាជនលោក ឈឹម ផលវរុណ បាននិយាយថា បើមិនបង្កើច្បាប់នេះឡើងទេ នោះគណបក្សនយោបាយដែលមានទំនងទំនាក់ជាមួយទណ្ឌិត នឹងបង្កឲ្យមានចលាចលក្នុងសង្គមជាក់ជាមិនខាន។
សូមស្ដាប់សំឡេងលោក ឈឹម ផលវរុណ៖
បើនិយាយពីទិដ្ឋភាពច្បាប់វិញ ខ្លឹមសារថ្មីនៃច្បាប់ស្តីពីគណបក្សនយោបាយនេះ គ្មានចំណុចណាធ្វើឲ្យអ្នកនយោបាយគួរតែព្រួយបារម្ភឡើយ។ នេះជាការលើកឡើងរបស់លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ ដែលបន្ថែមថា លក្ខខណ្ឌនៃច្បាប់នេះ ភាគច្រើនចង់ជំរុញឲ្យអ្នកនយោបាយមានភាពស្អាតស្អំ ដើម្បីជំរុញឲ្យពលរដ្ឋជ្រើសរើសបានមេដឹកនាំគណបក្សនយោបាយត្រឹមត្រូវ។ បើតាមលោក គឹម សន្តិភាព ច្បាប់នេះមិនមែនបង្កើតឡើង ដើម្បីរារាំងបុគ្គលតែម្នាក់ ឬក្រុមណាមួយឡើយ ពោលគឺតម្រូវឲ្យគណបក្សនយោបាយគោរពតាមច្បាប់ទាំងអស់គ្នា។
សូមស្ដាប់សំឡេងលោក គឹម សន្តិភាព៖
តែយ៉ាងណាគណបក្សអំណាចខ្មែរ ដែលចូលរួមវេទិកាតុមូល មិនគាំទ្រនឹងខ្លឹមសារនៃច្បាប់ស្តីពីគណបក្សនយោបាយនេះទេ។ ប្រធានគណបក្សអំណាចខ្មែរ លោក សួន សេរីរដ្ឋា បាននិយាយថា ច្បាប់ដែលបង្កើតឡើងនេះ ដោយសារចេញមកពីជម្លោះផ្ទាល់ខ្លួនរបស់អ្នកនយោបាយប៉ុណ្ណោះ ដូច្នេះវាគ្មានអ្វីដែលផ្ដល់ផលប្រយោជន៍ដល់ប្រទេសជាតិឡើយ។
សូមស្ដាប់សំឡេងលោក សួន សេរីរដ្ឋា៖
មិនខុសពីលោក សួន សេរីរដ្ឋា នោះទេ អនុប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋានលោក សាម ស៊ុនឌឿន បានចំអកថា រដ្ឋាភិបាលមានកិច្ចការជាច្រើនណាស់ ដែលត្រូវដោះស្រាយជូនប្រជាកសិករ កំពុងជួបប្រទះបញ្ហាតម្លៃទីផ្សារកសិផល ដូច្នេះពុំគួរណារដ្ឋាភិបាល បែជាយកពេលវេលាមកអនុម័តច្បាប់ ដើម្បីរឹតត្បិតសិទ្ធិសេរីភាពគណបក្សនយោបាយនោះទេ ។
សូមស្ដាប់សំឡេងលោក សាម ស៊ុនឌឿន៖
ប៉ុន្តែសម្រាប់បណ្ឌិតសភាចារ្យលោក សុខ ទូច វិញ ការដោះស្រាយបញ្ហានយោបាយ គឺជារឿងចម្បងដែលរដ្ឋាភិបាលត្រូវអនុវត្ត។ ត្រង់ចំណុចនេះលោក សុខ ទូច បន្ថែមថា បើនយោបាយក្នុងប្រទេសមានចលាចលនោះ បញ្ហាតម្លៃទីផ្សារកសិផល ក៏មិនអាចដោះស្រាយបានដែរ ។
សូមស្ដាប់សំឡេងលោក សុខ ទូច ៖
តែយ៉ាងណាលោក ឌុច ពិសិដ្ឋ តំណាងមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានអំពាវនាវឲ្យអ្នកនយោបាយពិចារណាឡើងវិញ ព្រោះខ្លឹមសារថ្មីនៃច្បាប់នេះ មានការរឹតត្បិតសិទ្ធិពលរដ្ឋក្នុងធ្វើនយោបាយ ដែលផ្ទុយពីរដ្ឋធម្មនុញ្ញប្រទេសកម្ពុជា និងច្បាប់អន្តរជាតិ។
សំឡេងលោក ឌុច ពិសិដ្ឋ៖
សូមបញ្ជាក់ថា សេចក្តីស្នើរបស់តំណាងរាស្ត្រគណបក្សកាន់អំណាច ដើម្បីវិសោធនកម្មគណបក្សនយោបាយថ្មី ត្រូវបានព្រឹទ្ធសភាបានអនុម័តរួចរាល់ហើយ កាលថ្ងៃទី ១៨ ខែកក្កដា។ ខ្លឹមសារធ្វើវិសោធនកម្មច្បាប់លើកទីពីរនេះ បានហាមអ្នកទោសមិនឲ្យធ្វើជាប្រធានគណបក្ស និងធ្វើជាសមាជិកគណៈកម្មាធិការនាយកនៃគណបក្សនយោបាយ។ បើក្រឡេកមើលច្បាប់នេះ ខាងគណបក្សសង្គ្រោះជាតិ បានរងផលប៉ះពាល់ជាងគេ ដោយសារតែពួកគេមិនអាចទាក់ទងជាមួយអតីតមេដឹកនាំបក្សលោក សម រង្ស៊ី ដែលត្រូវបានតុលាការខ្មែរកាត់ទោសជាប់ឈ្មោះជាទណ្ឌិតនោះឡើយ។
បន្ថែមពីនេះខ្លឹមសារមាត្រា ៤៨ ថ្មី ដែលស្នើឡើងដោយតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ក៏បានហាមគណបក្សនយោបាយ ដែលមានឈ្មោះ ឬសញ្ញាសម្គាល់របស់គណបក្សជាឈ្មោះ ឬរូបភាពរបស់រូបវន្តបុគ្គលឡើយ។ ទាក់ទងនឹងបញ្ហានេះ គណបក្សសង្គ្រោះជាតិ គ្រោងដាក់លិខិតទៅព្រះមហាក្សត្រ ដើម្បីជួយអន្តរាគមន៍ លើខ្លឹមសារច្បាប់ស្តីពីគណបក្សនយោបាយនេះ៕
Tag:
CPP
GDP
សួន សេរីរដ្ឋា
រាជ្យបណ្ឌិតសភា
© រក្សាសិទ្ធិដោយ thmeythmey.com