កីឡាជាតិ
ជាតិ
AFC U23៖ អ៊ូ​បេ​គី​ស្ថាន​ឡើងទៅ​វគ្គ​បន្ត​មុនគេ ខណៈ​ជំនួប​នៅ​ព្យុងយ៉ាង​មាន​អ្នកមើល​ច្រើន​
20, Jul 2017 , 10:31 am        
រូបភាព
អ្នកគាំទ្រកម្ពុជាមើលការប្រកួតក្រោមភ្លៀងធ្លាក់។ រូបថត ទេព ពិទូរ្យ
អ្នកគាំទ្រកម្ពុជាមើលការប្រកួតក្រោមភ្លៀងធ្លាក់។ រូបថត ទេព ពិទូរ្យ
​វគ្គ​ជម្រុះ​ពានរង្វាន់​ទ្វីបអាស៊ី AFC U23 Championship 2018 របស់​ពូ​ល​ទាំង​១០ បាន​បើក​ការប្រកួត​កាលពី​ថ្ងៃទី​ពុធ ទី​១៩ ខែកក្កដា លើកលែងតែ​ពូ​ល D ដែល​បាន​ឈានដល់​ការប្រកួត​ចុងក្រោយ​។ អ៊ូ​បេ​គី​ស្ថាន​ជា​ក្រុម​ទីមួយ​ដែល​ឈានទៅ​ជុំ​ចុងក្រោយ​មុនគេ​នៅ​ប្រទេស​ចិន ក្រោយ​បាន​លេខ​មួយ​ពូ​ល D ។ ការប្រកួត​ទាំងអស់​សុទ្ធតែ​មានការ​ស៊ុត​បាល់​បញ្ចូល​ទី លើកលែងតែ​ជំនួប​រវាង​កម្ពុជា និង​ចិន​ប៉ុណ្ណោះ​។ ចំពោះ​ចំនួន​អ្នកទស្សនា ដោយសារតែ​ភ្លៀង​រំខាន កម្ពុជា​បាន​បាត់បង់​កំណត់ត្រា​របស់ខ្លួន ហើយ​តួលេខ​ដែល​គួរ​ឲ្យ​កត់សម្គាល់​បំផុត​នោះ គឺ​ការ​ប្រកួតដ៏​កម្រ​ដែល​រៀបចំ​នៅក្នុង​ទីក្រុង​ព្យុងយ៉ាង ប្រទេស​កូរ៉េខាងជើង​។​



​នៅ​កីឡដ្ឋាន Dolen Omurzakov ក្រុង Bishkek អ៊ីរ៉ង់​បាន​យកឈ្នះ​ម្ចាស់ផ្ទះ​គៀរ​ហ្ស៊ី​ស្ថាន  ២-១ សម្រាប់​ការប្រកួត​បើកឆាក​ពូ​ល A​។ ក្នុង​ពូ​ល​នេះ មានតែ​បី​ក្រុម​ប៉ុណ្ណោះ ដោយ​ស្រីលង្កា បាន​ដកខ្លួន​ចេញ​។​



​នៅ​ពូ​ល B ដែល​ប្រកួត​នៅ​កីឡដ្ឋាន Prince Faisal bin Fahd ក្នុង​ក្រុង​រី​យ៉ា​ត ម្ចាស់ផ្ទះ​អា​រ៉ា​ប៊ី​សា​អូឌីត បាន​យកឈ្នះ​ប៉ា​រែ​ន ៣-១ បន្ទាប់ពី​អ៊ីរ៉ង់ លត់ អា​ហ្វ​ហ្គា​នី​ស្ថាន ៨-០ ។​



​ម្ចាស់ផ្ទះ​កាតា បាន​បើកឆាក​ជាមួយ​ជ័យជម្នះ ២-០ លើ​តួ​កមេ​នី​ស្ថាន ក្នុងការ​ប្រកួត​ពូ​ល C នៅ​កីឡដ្ឋាន Jassim Bin Hamad ក្រុង​ដូ​ហា បន្ទាប់ពី​ស៊ី​រី បាន​យកឈ្នះ​ឥណ្ឌា ក្នុង​លទ្ធផល ២-០ ដូចគ្នា​។​



​ពូ​ល D ជា​ពូ​ល​បញ្ចប់​ការប្រកួត​ទាំងអស់​មុនគេ ដោយ​ចាប់ផ្តើម​តាំងពី​ថ្ងៃទី​១៥ ខែកក្កដា មក​។ អ៊ូ​បេ​គី​ស្ថាន បាន​ក្លាយជា​ក្រុម​ដំបូង​ដែល​បាន​ឈានទៅដល់​ជុំ​ចុងក្រោយ​ជាមួយ​ចិន បន្ទាប់ពី​ពួកគេ​ឈ្នះ​ការប្រកួត​ទាំងបី​លើក ខណៈ​អារ៉ាប់​រួម​អេ​មី​រ៉េត ស្ថិតនៅ​លេខ​២ ដោយ​រងចាំ​អ៊ុត​មើល​លទ្ធផល​នៃ​គូ​ផ្សេងៗ​ទៀត ស្របពេល​ដែល​លី​បង់ និង​ណេ​ប៉ាល់ បាន​ហាលអាវ​។



​នា​ការប្រកួត​ចុងក្រោយ​នៅ​កីឡដ្ឋាន Tahnoun bin Mohammed ក្រុង Al Ain កាលពី​ម្សិលមិញ ម្ចាស់ផ្ទះ​អារ៉ាប់​រួម​អេ​មី​រ៉េត បាន​ចាញ់​អ៊ូ​បេ​គី​ស្ថាន ២-០ ហើយ​លី​បង់​ឈ្នះ​ណេ​ប៉ាល់ ២-០ ដូចគ្នា​សម្រាប់​ការប្រកួត​បង្គ្រប់កិច្ច​។ អ៊ូ​បេ​គី​ស្ថាន​មាន​៩​ពិន្ទុ អារ៉ាប់​រួម​អេ​មី​រ៉េត​មាន​៦​ពិន្ទុ លី​បង់​មាន​៣​ពិន្ទុ រីឯ​ណេ​ប៉ាល់​ចាញ់​ទាំង​៣​ប្រកួត​។​

​សម្រាប់​ជំនួប​ពូ​ល E នៅ​កីឡដ្ឋាន Faisal Al-Husseini International Stadium ក្រុង Al-Ram ម្ចាស់ផ្ទះ​ប៉ា​ឡេ​ស្ទី​ន បានបញ្ចប់​ការប្រកួត​បើកឆាក​ក្នុង​លទ្ធផល​ស្មើ ២-២ ជាមួយ​តា​ហ្ស៊ី​គី​ស្ថាន បន្ទាប់ពី​ហ្ស៊​ក​ដង់ បាន​យកឈ្នះ​បង់​ក្លា​ដែ​ស​រហូតដល់​ទៅ ៧-០ ។​



​នៅក្នុង​ពូ​ល F ដែល​ប្រកួត​នៅ​កីឡដ្ឋាន Thuwunna ក្រុង​យ៉ាំង​ហ្គោ​ន ម្ចាស់ផ្ទះ​មី​យ៉ាន់​ម៉ា បាន​យកឈ្នះ​សិង្ហ​បុរី ២-០ បន្ទាប់ពី​អូស្ត្រាលី ឈ្នះ ព្រុយ​ណេ ក្នុង​លទ្ធផល ២-០ ដូចគ្នា​។​



​ងាក​ទៅ​ការប្រកួត​ពូ​ល G នៅ​កីឡដ្ឋាន Rungrado 1st May ក្នុង​ក្រុង​ព្យុងយ៉ាង ម្ចាស់ផ្ទះ​កូរ៉េខាងជើង បាន​តាម​ស្មើ​ហុងកុង ១-១ បន្ទាប់ពី​ឡាវ បាន​យកឈ្នះ​ឆាយ​នី​ស​តៃប៉ិ ៣-១ ។​



​រីឯ​ជំនួប​ពូ​ល H នៅ​កីឡដ្ឋាន National Stadium ក្នុង​ក្រុង​បាងកក ម៉ុង​ហ្គោ​លី បាន​ទាត់​បាល់​ប៉េ​ណា​ល់​ទី​មុន​បញ្ចប់​ការប្រកួត​ដើម្បី​តាម​ស្មើ​ម្ចាស់ផ្ទះ​ថៃ ១-១ មុន​ពេលដែល​ម៉ាឡេស៊ី បំបាក់​ឥណ្ឌូណេស៊ី ៣-០ ។​



​នៅក្នុង​ពូ​ល I កូរ៉េខាងត្បូង បាន​យកឈ្នះ​ម៉ា​កាវ រហូតដល់​ទៅ ១០-០ ក្នុងជំនួប​នៅ​កីឡដ្ឋាន Thong Nhat ក្រុង​ហូជីមិញ មុន​ពេលដែល​ម្ចាស់ផ្ទះ​វៀតណាម ឈ្នះ​ទី​ម័​រ​ខាងកើត ៤-០ ។​



​ចំពោះ​ពូ​ល J ដែល​រៀបចំ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក រាជធានី​ភ្នំពេញ ជប៉ុន​បាន​ឡើង​ឈរលើ​តារាង​បណ្តោះអាសន្ន ក្រោយ​បំបាក់​ហ្វីលីពីន ៨-០ មុន​ពេលដែល​ម្ចាស់ផ្ទះ​កម្ពុជា និង​ចិន បញ្ចប់​ការប្រកួត​ក្នុង​លទ្ធផល​ស្មើ ០-០ និង​ជាការ​ប្រកួត​តែមួយគត់​ដែល​គ្មាន​ការ​ស៊ុត​បាល់​បញ្ចូល​ទី​ក្នុងជំនួប​បើកឆាក​។​



​ទាក់ទង​នឹង​ចំនួន​អ្នកទស្សនា ការប្រកួត​នៅ​កីឡដ្ឋាន Rungrado 1st of May Stadium ក្រុង​ព្យុងយ៉ាង មាន​ចំនួន​អ្នកទស្សនា​ច្រើនជាងគេ​។ បើតាម​របាយការណ៍​ស​ហ​ព័ន្ធ​កីឡាបាល់ទាត់​អាស៊ី (AFC) ជំនួប​កូរ៉េខាងជើង និង​ហុងកុង មាន​អ្នកទស្សនា​១៤៥០០​នាក់ ហើយ​ការ​ប៉ះគ្នា​រវាង​ឡាវ និង​ឆាយ​នី​ស​តៃប៉ិ មាន​អ្នកទស្សនា​រហូតដល់​ទៅ​១២៤០០​នាក់​ផងដែរ​។​

​ចំនួន​អ្នកទស្សនា​ដែល​ច្រើន​គួរ​ឲ្យ​កត់សម្គាល់​ផងដែរ​នោះ គឺ​ការ​ប៉ះគ្នា​រវាង​ម្ចាស់ផ្ទះ​មី​យ៉ាន់​ម៉ា និង​សិង្ហ​បុរី នៅ Thuwunna Stadium ក្រុង​យ៉ាំង​ហ្គោ​ន ដោយមាន​ប្រមាណ ១៣២០០​នាក់​។ ដោយឡែក​នៅ​ពហុ​កីឡដ្ឋាន ត្រូវបាន AFC កត់ត្រា​ឃើញថា មាន​៧៣២៦​នាក់ សម្រាប់​ជំនួប​រវាង​ម្ចាស់ផ្ទះ​កម្ពុជា និង​ចិន ដែល​រំខាន​ដោយ​ភ្លៀង​ពេញ​មួយ​ប្រកួត​។​

​បើតាម AFC ការប្រកួត​នៅលើ​ទឹកដី​ប៉ា​ឡេ​ស្ទី​ន មាន​អ្នកទស្សនា​តិចជាងគេ​។ ជំនួប​រវាង​ម្ចាស់ផ្ទះ និង​តា​ហ្សី​គី​ស្ថាន មាន​អ្នកមើល​តែ​៧០០​នាក់​ប៉ុណ្ណោះ ខណៈ​អ្នកទស្សនា​៥០​នាក់ ត្រូវបាន​កត់ត្រា​សម្រាប់​ជំនួប​រវាង​ហ្ស៊​ក​ដង់ និង​បង់​ក្លា​ដែ​ស​។​

​ក្រុម​១០​ដែល​បាន​ចំណាត់ថ្នាក់​លេខ​មួយ​នៃ​ពូ​ល​នីមួយៗ និង​ក្រុម​លេខ​២​ដែល​ទទួលបាន​ពិន្ទុ​លើសគេ បាន​កៅអី​សម្រាប់​ការប្រកួត​ជុំ​ចុងក្រោយ ជាមួយ​ចិន ដែល​ក្នុងនោះ អ៊ូ​បេ​គី​ស្ថាន​ជា​ក្រុម​ដំបូង​គេ​ដែល​បាន​លេខ​១​ពូ​ល D ។ ក្នុងករណី ចិន បាន​លេខ​១​ពូ​ល J ក្រុម​ចំណាត់ថ្នាក់​លេខ​២ នឹង​កើន​ដល់​៦​ក្រុម ហើយ​ដោយសារ​ស្រីលង្កា ដកខ្លួន​ពី​ពូ​ល A លទ្ធផល​នៃ​ការប្រកួត​ជាមួយ​ក្រុម​បាត​តារាង​នៃ​ពូ​ល​នីមួយៗ នឹងមិន​ត្រូវបាន​យកមក​ពិចារណា​ឡើយ​៕

​រូបថត​៖ AFC


Tag:
 AFC U23
© រក្សាសិទ្ធិដោយ thmeythmey.com