ជាតិ
លោក អ៊ិត សំហេង ទៅ​ជួប​ភាគី​ថៃ ដើម្បី​បន្ត​ពិភាក្សា​ពី​ដំណោះស្រាយ​ការពារ​ពលករ​ខ្មែរ​
20, Jul 2017 , 10:44 am        
រូបភាព
រូបពីហ្វេសប៊ុកក្រសួងការងារ
រូបពីហ្វេសប៊ុកក្រសួងការងារ
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក អ៊ិត សំហេង បាន​ទៅ​ជួប​ភាគី​ថៃ ដើម្បី​បន្ត​ការដោះស្រាយ​បញ្ហា​ពលករ​ខ្មែរ ដែល​កំពុងស្នាក់នៅ និង​ធ្វើ​ការងារ​នៅ​ទីនោះ​។​



​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក អ៊ិត សំហេង ជួបពិភាក្សា​ការងារ​ជាមួយ​រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍ​សង្គម និង​សន្តិសុខ​មនុស្សជាតិ​នៃ​ប្រទេស​ថៃ ដើម្បី​ពិភាក្សា​លើ​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ដើម្បី​លុបបំបាត់​ការជួញដូរ​មនុស្ស និង​ពង្រឹង​ការអនុវត្ត​លក្ខខណ្ឌ​ការងារ​។ ជាពិសេស​ការការពារ​ពលករ​កម្ពុជា​ដែល​ស្នាក់នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​ក្រសួង​ការងារ កាលពី​ថ្ងៃទី​១៩ កក្កដា​។​

​កន្លងមក​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​កម្ពុជា បាន​សហការ​ជាមួយ​ភាគី​ថៃ នឹង​បើក​យុទ្ធនាការ ១០០​ថ្ងៃ សម្រាប់ធ្វើ​លិខិតឆ្លងដែន​ជូន​ពលករ​ខ្មែរ ដើម្បី​បញ្ចៀស​ការប្រឈមមុខ​នឹង​ច្បាប់​ស្ដីពី​ច្បាប់​គ្រប់គ្រង​ពលករ​បរទេស​ដ៏​តឹងរ៉ឹង​នៅ​ប្រទេស​ថៃ ។ លោក អ៊ិត សំហេង ធ្លាប់​បញ្ជាក់ថា អាជ្ញាធរ​ថៃ បានផ្ដល់​ការអនុគ្រោះ​រៀបចំ​ឯកសារ​ចុះបញ្ជី​ថ្មី​សម្រាប់​ពលករ​ខ្មែរ ដោយ​ប្រើ​រយៈពេល ១៥​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​២៤ ខែកក្កដា ដល់​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០១៧​។ បើតាម​លោក អ៊ិត សំហេង ពលករ​ខ្មែរ​កំពុងធ្វើការ​នៅ​ទឹកដី មាន​ចំនួន​ជាង​១​លាន​នាក់ ទាំង​ពលករ​ស្របច្បាប់ និង​ខុសច្បាប់​។​

​ថៃ​ចេញ​ក្រឹត្យ​ស្ដីពី​ច្បាប់​គ្រប់គ្រង​ពលករ​បរទេស​ដ៏​តឹងរ៉ឹង ដែល​ចូល​ជា​ធរមាន​កាលពី​ថ្ងៃទី​២៣ មិថុនា មាន​គោលដៅ​ត្រួតពិនិត្យ​ចំនួន​ពលករ​ចំណាកស្រុក​នៅ​ប្រទេស​ថៃ ក៏ដូចជា​ពលករ​បរ​ទេស​ដែល​កំពុងធ្វើការ​ខុសច្បាប់​នៅ​ថៃ​ដែរ​។ បញ្ញត្តិ​ថ្មី​នេះ​ចែងថា​ជនជាតិ​ថៃ​ដែល​ជួល​ពលករ​បរទេស​ខុសច្បាប់ ត្រូវ​រង​ពិន័យ​ជា​ប្រាក់​ដល់​ទៅ​ជាង ២​ម៉ឺន ៣​ពាន់​ដុល្លារ​សម្រាប់​ពលករ​បរ​ទេស​ម្នាក់​។ ចំណែក​ជនបរទេស​ធ្វើការ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​អាច​រង​ពិន័យ​ដល់​ទៅជិត​៣​ពាន់​ដុល្លារ និង​ត្រូវ​ជាប់ពន្ធនាគារ​ដល់​ទៅ​៥​ឆ្នាំ …​។

​ការចេញ​បញ្ញត្តិ​ថ្មី​របស់​រដ្ឋាភិបាល​ថៃ​នេះ គឺជា​ការពង្រឹង​តាមច្បាប់​អន្តោប្រវេសន៍ ដើម្បី​ពង្រឹង​ច្បាប់​ការងារ​នៅក្នុង​ប្រទេស​ថៃ​។ ភាគី​ថៃ​ទុក​រយៈពេល​៤​ខែ (១២០​ថ្ងៃ​) សម្រាប់​ពលករ​ខុសច្បាប់ ត្រឡប់​ទៅ​ប្រទេស​ពួកគេ​វិញ​សិន ដើម្បី​រៀបចំ​ឯកសារ​ឲ្យ​បាន​ត្រឹមត្រូវ​តាមច្បាប់ សឹម​នឹង​ត្រឡប់​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ​វិញ​៕


Tag:
 អ៊ិត សំហេង​
  ពលករ​
 ​ ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com