អន្តរជាតិ
ការចរចា​ពាណិជ្ជកម្ម​រវាង​អាមេរិក​-​ចិន បរាជ័យ ព្រោះ​ចិន​មិន​ធ្វើតាម​សំណើ​អាមេរិក​
20, Jul 2017 , 11:18 am        
រូបភាព
ឧបនាយករដ្ឋមន្ត្រីចិន វ៉ាង យ៉ាង (រូបភាព Xinhua)
ឧបនាយករដ្ឋមន្ត្រីចិន វ៉ាង យ៉ាង (រូបភាព Xinhua)
​ជំនួប​ប្រចាំឆ្នាំ​ស្ដីពី​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​អាមេរិក និង​ចិន នៅ​រដ្ឋធានី​វ៉ាស៊ីនតោន បានបញ្ចប់​ទៅដោយ​គ្មាន​ផ្លែផ្កា​អ្វី​ទាំងអស់​។ តំណាង​អាមេរិក និង​ចិន មិនអាច​ស្វែងរក​ការឯកភាព​គ្នា​លើ​ជំហាន​សំខាន់ៗ​ក្នុងការ​កាត់បន្ថយ​ឱនភាព​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន​។ បរាជ័យ​លើក​នេះ បង្ក​ជា​មន្ទិលសង្ស័យ​លើ​រដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ក្នុង​ការកសាង​ទំនាក់ទំនង​ល្អជា​មួយ​ចិន ដែល​កំពុង​រុំ​ព័ទ្ធ​ដោយ​បញ្ហា​កូរ៉េខាងជើង​ស្រាប់​ផង​។



​គ្មាន​ឡើយ​សេចក្ដីថ្លែងការណ៍​រួមគ្នា ហើយ​គ្មាន​ការធ្វើ​សន្និសីទកាសែត​រួមគ្នា​ដែរ​។ នេះ គឺជា​លទ្ធផល​នៃ​កិច្ចសន្ទនា​សេដ្ឋកិច្ច​ប្រចាំឆ្នាំ​រវាង​អាមេរិក និង​ចិន​នៅ​ថ្ងៃទី​១៩ ខែកក្កដា ដែល​ចូលរួម​ដោយ​មន្ត្រីជាន់ខ្ពស់​ទទួល​បន្ទុក​ការងារ​សេដ្ឋកិច្ច​មកពី​អាមេរិក និង​ចិន​។ កិច្ចចរចា​បញ្ចប់​ដោយ​គ្មាន​លទ្ធផល ព្រោះ​អាមេរិក​បានដាក់​សំណើ​ច្រើន ដើម្បី​បន្ថយ​គម្លាត​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ ប៉ុន្តែ​ជា​សំណើ​ដែល​ចិន​មិនអាច​ទទួលយកបាន​។​

​មន្ត្រីជាន់ខ្ពស់​អាមេរិក​ម្នាក់​និយាយថា ភាគី​ទាំងសងខាង​ជជែក​គ្នា​ដោយ​ស្មារតី​ស្មោះត្រង់ ប៉ុន្តែ​មិនអាច​សម្រេចបាន​ជំហរ​រួមគ្នា​បានទេ​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters អាមេរិក​ទាមទារ​ឲ្យ​ចិន​បើកចំហ​ទីផ្សារ​ហិរញ្ញវត្ថុ​របស់ខ្លួន កាត់បន្ថយ​ឧស្សាហកម្ម​ដែក បន្ធូរបន្ថយ​របាំង​ពន្ធ​ក្នុង​វិស័យ​យានយន្ត​។ លើសពីនោះ អាមេរិក​ក៏​ស្នើ​ឲ្យ​ចិន​បន្ថយ​ការផ្ដល់​ហិរញ្ញវត្ថុ​សម្រាប់​ក្រុមហ៊ុន​រដ្ឋ ក៏ដូចជា​លើកលែង​លក្ខខណ្ឌ​តម្រូវ​ឲ្យ​ជនជាតិ​ចិន​ជា​ម្ចាស់​ក្រុមហ៊ុន​បរទេស​រកស៊ី​លើទឹក​ដី​ចិន​ផងដែរ​។​

​យ៉ាងណាក្ដី តំណាង​ចិន​ដឹកនាំ​ឧបនាយករដ្ឋមន្ត្រី វ៉ាង យ៉ាង (Wang Yang) ទំនងជា​មិន​ឯកភាព​លើ​ការទាមទារ​របស់​ភាគី​អាមេរិក​ទេ​។ បន្ទាប់ពី​បញ្ចប់​កិច្ចប្រជុំ​នៅ​ក្រសួង​រតនាគារ លោក វ៉ាង បាន​ដើរចេញ​ទាំង​មិន​និយាយ​អ្វី​ទាំងអស់ ខណៈ​ស្ថានទូត​ចិន​ក៏​មិនបាន​អធិប្បាយ​អ្វី​ដែរ​។ ប៉ុន្តែ​នៅមុន​កិច្ចប្រជុំ​មកដល់ ឧបនាយករដ្ឋមន្ត្រី​ចិន​រូបនេះ​ធ្លាប់​ព្រមាន​ទុក​មុន​ហើយ​ថា ការប្រឈមមុខ​រវាង​ប្រទេស​ទាំងពីរ មិនមែនជា​រឿង​ល្អ​ឡើយ​។​

​ក្រោយ​កិច្ចប្រជុំ​ដែល​មិនមាន​ផ្លែផ្កា​នេះ ភាគី​អាមេរិក​ដែល​ចូលរួម​ដោយ​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម Wilbur Ross និង​រដ្ឋមន្ត្រី​រតនាគា​រ Steven Mnuchin ក៏​និយាយ​ដែរ​ថា ជំហរ​របស់​អាមេរិក​ក្នុង​ការធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ចិន គឺ​ពឹង​ផ្អែកលើ​គោលការណ៍​តុល្យភាព ស្មើភាព ដោយ​ផ្ដល់ឱកាស​ឲ្យ​ក្រុមហ៊ុន​អាមេរិក​អាច​ប្រកួតប្រជែង​ដោយ​យុត្តិធម៌​។ ប៉ុន្តែ​ជំហរ​ចង់​កាត់បន្ថយ​ជញ្ជីងពាណិជ្ជកម្ម​ដែល​លំអៀង​ទៅរក​ខាង​ចិន​នោះ មិនមែនជា​រឿង​ងាយស្រួល​ដូច​មាត់​ថាឡើយ​។​

​តាមពិតទៅ ការកាត់បន្ថយ​ឱនភាព​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ប្រទេស​ផ្សេង គឺជា​ការសន្យា​របស់លោក ត្រាំ តាំងពី​ពេល​ឃោសនា​រក​សំឡេងឆ្នោត​មកម្ល៉េះ​។ លោក ត្រាំ បាន​រិះគន់​រដ្ឋបាល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ដែល​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដ៏​អាក្រក់ ហើយ​ផ្ដល់​ភាព​ចំណេញ​ដល់​ភាគី​ដទៃ មិនមែន​ក្រុមហ៊ុន​អាមេរិក​។ ដូចនេះ បានជា​លោក ត្រាំ ប្រឹង​ចរចា​ជាមួយ​ដៃគូ​ពាណិជ្ជកម្ម និង​អនុវត្ត​វិធានការ​ផ្សេងៗ​ដើម្បី​រក្សា​តុល្យភាព​ជញ្ជីងពាណិជ្ជកម្ម​ឡើងវិញ​៕   


Tag:
 អាមេរិក​
  ចិន​
  ពាណិជ្ជកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com