កីឡាជាតិ
ជាតិ
AFC U23៖ គ្រូបង្វឹក​ចិន​ថា បើ U23 កម្ពុជា​រក្សា​ទម្រង់​លេង​ដូច​ជួប​ខ្លួន​ក្រុម​ដទៃ​ក៏​ពិបាក​ស៊ី​ដូចគ្នា​
20, Jul 2017 , 11:42 am        
រូបភាព
ដោយ:
​គ្រូបង្វឹក U23 ចិន​មានការ​ជឿជាក់ថា ប្រសិនបើ​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម​២៣​ឆ្នាំ​កម្ពុជា​អាច​រក្សា​ទម្រង់​លេង​ដូច​ប៉ះ​ជាមួយ​ក្រុម​លោក ក្រុម​ដទៃ​ក៏មាន​ការលំបាក​ដូចគ្នា​។ ការលើក​បែបនេះ បន្ទាប់ពី​ក្រុម U23 ចិន​បានបញ្ចប់​ត្រឹម​លទ្ធផល​ស្មើ ០-០ ជាមួយ U23 កម្ពុ​ជានា​ជំនួប​បើកឆាក​ពូ​ល J នៃ​ពានរង្វាន់ AFC U23 Championship 2018 កាលពី​យប់មិញ​។ ទន្ទឹមនឹងនេះ លោក បានចាត់ទុក​ការបញ្ចប់​ត្រឹម​ស្មើ ០-០ ជា​លទ្ធផល​ដែល​មិនអាច​ទទួលយកបាន​។​



​គ្រូបង្វឹក U23 ចិន លោក Massiniliano Maddaloni បាន​អះអាងថា បើ​កម្ពុជា​អាច​រក្សា​ទម្រង់​លេង​ដូច​ប៉ះ​ជាមួយ U23 ចិន លោក​ជឿជាក់ថា ក្រុម​ដទៃ​ដែល​នៅក្នុង​ពូ​ល J ក៏​ពិបាក​ស៊ី​បាន​ដូចគ្នា​។ លោក​បាន​បញ្ជាក់ថា ជាក់ស្តែង​នៅក្នុង​ការប្រកួត​នេះ កម្ពុជា​ធ្វើបាន​យ៉ាង​ល្អ​ទាំង​តំបន់​ការពារ និង​ប្រយុទ្ធ ព្រមទាំង​បានដាក់​សម្ពាធ​មកលើ​ក្រុម​លោក​នៅ​តំបន់​កណ្តាល​ទៀតផង​។

​នា​សន្និសីទ​សារព័ត៌មាន​ក្រោយ​ការប្រកួត​គ្រូបង្វឹក​ជនជាតិ​អ៊ីតាលី​រូបនេះ​បាន​បញ្ជាក់ថា​៖«​ខ្ញុំ​ជឿជាក់ថា បើ​កម្ពុជា​លេង​ដូចនេះ គូប្រកួត​ផ្សេងទៀត​របស់​កម្ពុជា​ដូចជា​ជប៉ុន និង​ហ្វីលីពីន​ជាដើម​ក៏មាន​ការលំបាក​ដូចគ្នា​។ សម្រាប់​ខ្ញុំ​ចំពោះ​លទ្ធផល​ស្មើ ០-០ ខ្ញុំ​មិន​មិន​ពេញចិត្ត​ក្នុង​ការទទួល​ទាល់តែសោះ​»​។​

​តែ​យ៉ាងណា លោក Massiniliano Maddaloni សង្កេតឃើញថា កីឡាករ​នៅក្នុង​ក្រុម U23 ចិន​នៅមាន​ភាពខ្វះ​ចន្លោះ​ច្រើន​ដែល​ត្រូវ​កែតម្រូវ ដើម្បី​ត្រៀម​តទល់​ជាមួយ​ហ្វីលីពីន និង​ជប៉ុន​ជា​បន្តបន្ទាប់​ទៀត ជាពិសេស​ការធ្វើ​ម្ចាស់ផ្ទះ​ជុំ​ផ្តាច់ព្រ័ត្រ​នៅលើ​ទឹក​ខ្លួន​។  

​ការអះអាង​របស់​គ្រូបង្វឹក U23 ចិន បន្ទាប់ពី​ក្រុម​ខ្លាំង​នៅ​តំបន់​អាស៊ី​មួយ​នេះ បានបញ្ចប់​លទ្ធផល​ដោយ​គ្មាន​ការ​ស៊ុត​បញ្ចូល​ទី​ជាមួយ U23 កម្ពុ​ជានា​ជំនួប​បើកឆាក​ពូ​ល J នៃ​ព្រឹត្តិការណ៍ AFC U23 Championship 2018 ក្រោម​ដំណក់ភ្លៀង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ កាលពី​ល្ងាច​ថ្ងៃទី​១៩ កក្កដា ម្សិលមិញ​។ ចំណែក U23 ជប៉ុន​បាន​លត់​ក្រុម U23 ហ្វីលីពីន​ក្នុង​លទ្ធផល ៨-០៕ 


Tag:
 AFC U23
  U23 ចិន​
  U23 កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com