ជាតិ
សេដ្ឋកិច្ច
បារាំងផ្ដល់ជំនួយជិត៤០ម៉ឺនដុល្លារ សម្រាប់គម្រោងថែទាំសុខភាពកម្មករនៅតាមរោងចក្រកាត់ដេរ រូបភាពពីហ្វេសប៊ុកស្ថានទូតបារាំងប្រចាំកម្ពុជា
× ភ្នំពេញ៖ ប្រទេសបារាំង ប្ដេជ្ញាពង្រឹងសកម្មភាពខ្លួន តាមរយៈការផ្ដល់ជំនួយគាំទ្រគម្រោងថែទាំសុខភាពកម្មការិនីបម្រើការងារក្នុងវិស័យវាយនភណ្ឌនៅកម្ពុជា។ គម្រោងថែទាំសុខភាពកម្មការិនីនេះ ធ្វើឡើងតាមរយ:ការបង្កើតសេវាសុខភាព និងការថែទាំកុមារតូចៗនៅតាមរោងចក្រកាត់ដេរ ដោយសហការជាមួយអង្គការ Planète Enfants et Développement ។
ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង(AFD) បានចុះហត្ថលេខាលើអនុសញ្ញានៃការផ្តល់ហិរញ្ញប្បទានចំនួន ៣៣០ ០០០ អឺរ៉ូ (ជិត៤០ម៉ឺនដុល្លារ) ជាមួយអង្គការពិភពកុមារនិងអភិវឌ្ឍន៍ ឬ Planète Enfants et Développement (PE&D) កាលពីពេលថ្មីៗនេះ ដើម្បីដាក់ឲ្យដំណើរការគម្រោងសេវាសុខភាព និងការថែទាំកុមារសម្រាប់កម្មការិនីរោងចក្រកាត់ដេរនៅកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានស្ថានទូតបារាំងប្រចាំកម្ពុជា។
គម្រោងនេះនឹងត្រូវអនុវត្តសាកល្បងនៅតាមរោងចក្រចំនួន១២នៅរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ ដោយក្រុមការងាររបស់អង្គការ PE&D សហការជាមួយអង្គការគ្រួសារយើង ។ គម្រោងខាងលើនឹងផ្តល់ផលប្រយោជន៍ផ្ទាល់ដល់កុមារអាយុ៣ឆ្នាំចំនួន១៤០នាក់ ព្រមទាំងកម្មករ-កម្មការិនីចំនួន១២០០នាក់។ បុគ្គលិកប្រមាណ៥០នាក់ នឹងទទួលការបណ្តុះបណ្តាលពីការថែទាំសុខភាព និងការមើលថែកុមារនៅក្នុងរោងចក្រ។
គម្រោងថ្មីរបស់អង្គការ PE&D នេះកើតចេញពីគំនិតផ្តួចផ្តើមបច្ចុប្បន្នរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលចង់ដាក់ឱ្យដំណើរការសេវាសង្គមកិច្ចនៅតាមរោងចក្រ។ គម្រោងនេះមានគោលដៅបង្កើតឱ្យមានសេវាថែទាំសុខភាពបន្តពូជ និងសុខភាពមាតា(គិលានដ្ឋាន) និងកន្លែងមើលថែកុមារ(ទារកដ្ឋាន)នៅតាមរោងចក្រ។ គម្រោងក៏ផ្តោតទៅលើការវាយតម្លៃពីសារសំខាន់នៃសេវាផ្សេងៗ ដែលត្រូវបានផ្តល់ដល់រាជរដ្ឋាភិបាល សង្គមស៊ីវិល និងវិស័យឯកជន ដើម្បីធ្វើយ៉ាងណាឱ្យសេវាទាំងនោះមានលក្ខណៈផ្លូវការ និងត្រូវបានអនុវត្តនៅទូទាំងប្រទេស។
គួរបញ្ជាក់ថា ច្បាប់ការងារតម្រូវឱ្យមានការបង្កើតគិលានដ្ឋាននៅតាមរោងចក្រដែលប្រើប្រាស់កម្មករនិយោជិតយ៉ាងតិច៥០នាក់ និងទារកដ្ឋាននៅតាមរោងចក្រដែលមានកម្មករនិយោជិតយ៉ាងតិច១០០នាក់។ ប៉ុន្តែការផ្តល់សេវាថែទាំសុខភាព និងការថែទាំកុមារកន្លងមកមិនទាន់មានប្រសិទ្ធភាព ឬនៅមានកម្រិតតិចតួចនៅឡើយ។
ការផ្តល់ហិរញ្ញប្បទាននេះស្ថិតក្នុងក្របខ័ណ្ឌនៃការជួយរបស់ទីភ្នាក់ងារ AFD ក្នុងវិស័យកាត់ដេរនៅកម្ពុជា និងការលើកស្ទួយក្រុមហ៊ុនដែលមានការទទួលខុសត្រូវផ្នែកសង្គម។ ចាប់តាំងពីឆ្នាំ១៩៩៣មក ទីភ្នាក់ងារអភិវឌ្ឍន៍បារាំងបានផ្តល់ហិរញ្ញប្បទានដល់គម្រោងនានា ក្នុងរង្វង់ទឹកប្រាក់សរុបជាង៤៣៥លានអឺរ៉ូ (ប្រមាណ៥០០លានដុល្លារ) ក្នុងនោះ៦០លានអឺរ៉ូ (ជាង៦៩លានដុល្លារ) នៅឆ្នាំ២០១៦ ដើម្បីជួយប្រទេសកម្ពុជាក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម៕
© រក្សាសិទ្ធិដោយ thmeythmey.com