ជាតិ
កម្ពុជា​រំពឹង​ទាក់ទាញ​ទេសចរ​មូស្លីម​ច្រើន​ក្រោយ​ប្រព័ន្ធ​ស្តង់ដារ​ហា​ឡា​ល​ត្រូវបាន​បង្កើត​
20, Jul 2017 , 2:43 pm        
រូបភាព
លោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។
លោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។
​ភ្នំពេញ​៖ កម្ពុជា​កំពុង​សម្លឹង​មើលឃើញ​ពី​ឳ​កាស​ជាច្រើន ពី​ការរៀបចំ​ប្រព័ន្ធ​ស្តង់ដា​ហា​ឡា​ល​។ ការ​ចំណេញ​ទាំងនោះ មាន​ទាំង​ផ្នែក​ពាណិជ្ជកម្ម និង​វិស័យ​ទេសចរណ៍​។ ទាក់ទង​នឹង វិស័យ​ទេសចរណ៍ កម្ពុជា​រំពឹងថា នឹង​អាច​ទាក់ទាញ​ភ្ញៀវទេសចរ​ជា​ជន​មូស្លីម (​អ្នក​កាន់ សាសនា​ឥស្លាម​) កាន់តែច្រើន ទាំង​នៅ​អាស៊ី និង​ម​ជ្ឈឹ​ម​បូព៌ា ក្រោយ​ប្រព័ន្ធ​ស្តង់ដារ​ហា​ឡា​ល បាន​បង្កើតជា​ស្ថាពរ​។​



​រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម លោក ម៉ៅ ថូ​រ៉ា បាន​ឲ្យ​ដឹងថា កម្ពុជា​បានចាប់ផ្តើម​រៀបចំ ប្រព័ន្ធ​ស្តង់ដារ​អាហារ​ហា​ឡា​ល​នេះ តាំងពី​៥ ឬ​៦​ឆ្នាំ​មកហើយ​។ លោក​ថ្លែងថា ដំណើរការ​នៃ ការរៀប​ចំនេះ គឺមាន​ភាពស្មុគស្មាញ និង​ទាមទារ​ឲ្យ​មានការ​ទំនុកចិត្ត​ខ្ពស់​។​



​លោក​រដ្ឋលេខាធិការ​ថ្លែងបន្តថា ទោះ​មានការ​លំបាក​យ៉ាងណាក្តី ក៏​កម្ពុជា​នឹង​ខិតខំ​ប្រឹងប្រែង ស្វែងរក​ដៃគូ​សហការ ដើម្បី​រៀប​ប​ចំ​ប្រព័ន្ធ​ស្តង់ដារ​មួយ​នេះ ព្រោះ​វា​នឹង​ផ្តល់​ផលប្រយោជន៍​ជាច្រើន ក្រោយ​រៀបចំ​វា​បាន​ជោគជ័យ​។ ទាំង​បង្កើន​ផលិតផល​នាំចេញ កម្ពុជា​ក៏​រំពឹង​ខ្ពស់​ក្នុងការ​ទាក់ទាញ​ទេសចរ​ជា​អ្នក​កាន់សាសនា​ឥស្លាម​ច្រើន​ផងដែរ ទាំង​ប្រទេស​ម៉ាឡេស៊ី ថៃ ឥណ្ឌូនេស៊ី និង​ប្រជាជន​នៅ ប្រទេស​អារ៉ាប់​ផងដែរ​។ នេះ​ជាការ​បញ្ជាក់​របស់លោក​រដ្ឋលេខា​ធិ ការ​។​

​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី លោក អូស្មាន ហាស្សាន់ បាន​ប្រាប់​ក្រុម​អ្នក​សារ​ព័ត​មាន​ក្នុង សិក្ខាសាលា​និយាយ​ពី​ស្តង់ដារ​ហា​ឡា​ល​នៅ​ព្រឹក​ថ្ងៃទី​២០ កក្កដា ថា វា​ពិត​ជាមាន​សារ ប្រយោជន៍​ណាស់ ដែល​គេ​ត្រូវ​ដឹង និង​ទាញ​ប្រយោជន៍​ពី​ការប្រើប្រាស់​ស្តង់ដារ​ហា​ឡា​ល​។ លោក​បញ្ជាក់ថា ស្តង់ដារ​នេះ​មិន​សំដៅ​តែ​ទៅលើ​អាហារ​នោះទេ ក្នុងនោះ​រួមទាំង​សម្ភារ​ប្រើ ប្រាស់​ប្រចាំថ្ងៃ​ផងដែរ​។

​លោក អូស្មាន ហាស្សាន់ បញ្ជាក់ទៀតថា កម្ពុ​ជាមាន​ទាំង​វត្ថុធាតុដើម និង​ធនធានមនុស្ស​គ្រប់ គ្រាន់ ដើម្បី​ដំណើរ​រៀបចំ​ប្រព័ន្ធ​ស្តង់ដារ​ហា​ឡា​ល​នេះ​។ លោក​បញ្ជាក់ទៀតថា ការរៀប​ចំនេះ មិនមែន​សម្រាប់តែ​ការផ្គត់ផ្គង់​ក្នុងស្រុក​ទេ គឺ​ដើម្បី​ការនាំ​ចេញទៅ​ក្រៅប្រទេស​ផងដែរ ហើយ​គោលដៅ​ក៏​មិនមែន​សម្រាប់តែ​សាសនិក​ឥស្លាម​តែមួយ​នោះដែរ​។​



​ពាណិជ្ជករ​ខ្មែរឥស្លាម​មួយរូប លោក យូ​ណេ​ស បានបង្ហាញ​ពី​ចំណាប់អារម្មណ៍​រីករាយ និង ស្វាគមន៍​ដល់​គណៈកម្មការ​អាហារ​ហា​ឡា​ល​កម្ពុជា​។ លោក​បន្តថា បច្ចុប្បន្ន​ទីផ្សារ​ហា​ឡា​ល គឺមាន​ភាពទូលំទូលាយ​នៅលើ​សាកលលោក ហើយ​អាហារ​ហា​ឡា​ល​ក៏​មិន​សម្រាប់តែ​ជន មូស្លីម​នោះដែរ វា​ជា​ប្រព័ន្ធ​ស្តង់ដារ​អនាម័យ​មួយ ដែល​គិតពី​គុណភាព​ជាសំខាន់​។​

​លោក យូ​ណេ​ស មាន​សុទិដ្ឋិនិយម​ថា នៅពេល​ស្តង់ដារ​ហា​ឡា​ល​កម្ពុជា​ត្រូវបាន​បង្កើត វា​នឹង ផ្តល់​អត្ថប្រយោជន៍​ជាច្រើន ទាំង​វិស័យ​ទេសចរណ៍ និង​ទាក់ទាញ​ពាណិជ្ជករ​ជាច្រើន មក​វិនិយោគ​។​

​សិក្ខាសាលា​ស្តីពី​ការបង្កើត​ស្តង់ដារ​ផលិតផល​ហា​ឡា​ល​កម្ពុជា ត្រូវបាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី ២០ កក្កដា នៅ​សណ្ឋាគារ ឡឺ​រ៉ូយ៉ាល់ ភ្នំពេញ​។ គោលបំណង​សំខាន់ គឺ​ដើម្បី​ដើម្បី​ចែករំលែក បទពិសោធន៍​ពី​អ្នកជំនាញ​មកពី​ប្រទេស​ថៃ​។ សិក្ខាសាលា​នេះ សហការ​រៀបចំ​ដោយ​ក្រសួង ពាណិជ្ជកម្ម និង​ស្ថានទូត​ថៃ​ប្រចាំ​កម្ពុជា​។

​កម្ពុជា​កំពុង​រៀនសូត្រ​ពី​ដំណើរ​ការរៀបចំ​ស្តង់ដារ​អាហារ​ហា​ឡា​លពី​ប្រទេស​ម៉ាឡេស៊ី និង ថៃ​។ តាម​របាយការណ៍​បង្ហា​ញ​ថា ក្នុង​មួយឆ្នាំ នាំចេញ​ផលិតផល​ហា​ឡា​ល​របស់​ថៃ គិត​ជា​ទឹកប្រាក់​ប្រហាក់ប្រហែល​ជាង ៦​ប៊ី​លាន​ដុល្លារ​អាមេរិក ទៅកាន់​ទីផ្សារ​អាស៊ាន ក្នុងនោះ​ក៏ មាន​ទៅ​ទីផ្សារ​ម​ជ្ឈឹ​ម​បូព៌ា​ផងដែរ​។ ក្នុងនោះដែរ មាន​បណ្តា​រោងចក្រ សហគ្រាស​តូច ធំ និង​មធ្យម ប្រមាណ ៤០០០ សហគ្រាស បានដាក់​ពាក្យស្នើសុំ​អាជ្ញាប័ណ្ណ និង​ស្នើសុំ​វិញ្ញាបនបត្រ ប្រើប្រាស់​ស្លាក​សញ្ញា​ហា​ឡា​ល ដាក់​លើ​ផលិតផល និង​សេវាកម្ម​ចំនួន​ជាង ១០០,០០០​ប្រភេទ ក្នុង​ឆ្នាំ​កន្លងទៅ​។​

​ដោយឡែក​សម្រាប់​ប្រទេស​ម៉ាឡេស៊ី ដែល​កាន់សាសនា​ឥស្លាម​នោះ​វិញ ការនាំចេញ​ផលិតផល​ដែលមាន​ដាក់​ស្លាក​សញ្ញា​ហា​ឡា​ល ទៅ​ទីផ្សារ​ពិភពលោក គិត​ជា​ទឹកប្រាក់​ប្រមាណ ១១​ប៊ី​លាន​ដុល្លារ​អាមេរិក ក្នុង​មួយឆ្នាំៗ​។ ព្រោះថា ម៉ាឡេស៊ី បានផ្តល់​ការគាំទ្រ​យ៉ាង​ពេញលេញ ក្នុងការ​រៀបចំ​ឲ្យ​មាន​ប្រព័ន្ធ​ត្រួតពិនិត្យ​ស្តង់ដា​ហា​ឡា​ល​បានល្អ​ត្រឹមត្រូវ និង​គ្រប់គ្រង​ដោយ​រាជរដ្ឋាភិបាល ដែល​ស្លាក​សញ្ញា​ហា​ឡា​ល​នេះ មានការ​ទទួលស្គាល់​ពេញ​សាកលលោក​។​



​យោងតាម​ការចុះផ្សាយរ​បស់​សារព័ត៌មាន Thomson Reuters បានបង្ហាញ​ពីស​ន្ទ​ស្សន៍ នៃ​ការលក់​ផលិតផល​ម្ហូប​ហា​ឡា​ល ដែល​កំណើន​មាន​រហូតដល់​ទៅ ២.៥ ទ្រី​លាន​ដុល្លារ​អាមេរិក នៅ​ឆ្នាំ​២០១៩​ខាងមុខ ហើយ​ក្នុងនោះ ប្រមាណ ២១.២% គឺជា​ការចំណាយ​ទៅលើ​ការទិញ​ម្ហូប អាហារ​ហា​ឡា​ល របស់​ប្រជាជន​ទូទាំង​ពិភពលោក​។ ការ​កាត់​ចំណែក​ថ្នាក់​ទីផ្សារ ក្នុង​ឧស្សាហកម្ម​ម្ហូបអាហារ​ហា​ឡា​ល​ពិភពលោក នៅតែ​បន្ត​កើនឡើង ដែល​បញ្ជាក់ថា ជន​មូស្លីម ផ្តោត​ការយកចិត្តទុកដាក់​ខ្ពស់​លើ​សុវត្ថិភាព​ម្ហូបអាហារ សុវត្ថិភាព​ទាំង​ធនធាន សម្រាប់​ផលិត និង​សុវត្ថិភាព​ផលិតផល​ម្ហូបអាហា​រដែ​ល​ផលិត​រួច​សម្រាប់​បម្រើ​ទីផ្សារ​៕


Tag:
 អាហារ​ហា​ឡា​ល​
  ម៉ាឡេស៊ី​
  ថៃ​
© រក្សាសិទ្ធិដោយ thmeythmey.com