កីឡាអន្តរជាតិ
អន្តរជាតិ
Mourinho សរសើរ Chelsea ដែល​យកបាន Morata
20, Jul 2017 , 7:19 pm        
រូបភាព
​លោក Jose Mourinho បង្ហាញ​ការគាំទ្រ​ដល់​ការផ្លាស់ប្តូរ​កីឡាករ​របស់ Chelsea យកបាន​ខ្សែប្រយុទ្ធ Alvaro Morata ពី Real Madrid ដោយ​សរសើរ​ថា​ម្ចាស់​ជើងឯក​ចាស់ Premier League កំពុងតែ​ទទួលបាន​កីឡាករ​ល្អ​មក​រួម​ក្រុម​។ នេះ​បើតាម​ការចុះផ្សាយ​របស់ Metro នៅ​ថ្ងៃទី​២០ ខែកក្កដា​នេះ​។​



Chelsea ដែល​ដឹកនាំ​ដោយ​អ្នកចាត់ការ​ទូទៅ Antonio Conte បាន​យល់ព្រម​សំណើ​ក្នុងតម្លៃ​៧០​លាន​ផោន ប្រមាណ ៩១​លាន​ដុល្លារ ដើម្បី​ផ្ទេរ​យក​ខ្សែប្រយុទ្ធ Alvaro Morata ពី Real Madrid​។ កីឡាករ​សញ្ជាតិ​អេ​ស្ប៉ា​ញ វ័យ​២៤​ឆ្នាំនេះ ក៏បាន​ធ្វើដំណើរ​ទៅដល់​ក្រុង​ឡុង​ដ៍ និង​ធ្វើតេស្ត​សុខភាព​រួចរាល់​អស់ហើយ​ដែរ​។

​មុន​សម្រេច​ទៅ​ចូលរួម​ជាមួយ​ក្រុម​រហ​ស្សនាម​តោ​ខៀវ Morata ក៏​ធ្លាប់មាន​ទំនាក់ទំនង​ការផ្ទេរ​មកកាន់​ក្រុម Manchester United ផងដែរ ប៉ុន្តែ​ក៏​ស្ងាត់​ទៅវិញ ក្រោយ​លោក Jose Mourinho ទិញ​បាន Romelu Lukaku ពី Everton​។​



​ជុំវិញ​ការផ្ទេរ​របស់​អតីត​ខ្សែប្រយុទ្ធ Juventus នេះ អ្នកចាត់ការ​ទូទៅ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​បាន​សរសើរ Chelsea ថា​បាន​ទិញ​កីឡាករ​ល្អ​ម្នាក់​ដូចជា Morata នេះ​។​
​តែ​យ៉ាងណាក៏ដោយ​នៅពេល​ឆ្លើយ​សំនួរ​របស់​អ្នកការ​សែត​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ អំពី​ការសម្រេចចិត្ត​នាំយក Morata មកកាន់​កីឡដ្ឋាន Stamford Bridge នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ Mourinho បាន​ឆ្លើយតប​ថា «​ខ្ញុំ​មិន​ចាប់អារម្មណ៍​អ្វីដែល Chelsea ធ្វើ​ឡើយ​»​។

​អតីត​អ្នកចាត់ការ Real Madrid វ័យ​៥៤​ឆ្នាំ បន្ថែមថា​៖«​អ្វីដែល​សំខាន់​ដែល​ខ្ញុំ​ត្រូវ​ខ្វល់​គឺ​យើង​កំពុងតែ​ពិចារណា​លើ​ខ្សែប្រយុទ្ធ​ដែល​យើង​ត្រូវការ​ដូចជា Zlatan Ibrahimovic នៅ​រដូវ​កាល​នេះ ខណៈ​រូបគេ​កំពុងមាន​របួស​»​។​

​សូមបញ្ជាក់ថា Morata គឺជា​សមាជិក​ថ្មី​ទី​៤​ហើយ​ដែល​អ្នកចាត់ការ​ទូទៅ​សញ្ជាតិ​អ៊ីតាលី Conte យកមក​រួម​ក្រុម បន្ទាប់ពី​បាន​អ្នកចាំទី Willy Caballero ពី Manchester City ខ្សែការពារ Antonio Rudiger ពី AS Roma និង ខ្សែបម្រើ Tiemoue Bakayoko ពី Monaco៕


Tag:
 បាល់ទាត់​
  Jose Mourinho
  Alvaro Morata
  Chelsea
© រក្សាសិទ្ធិដោយ thmeythmey.com