អន្តរជាតិ
ក្រោយឧត្តមសេនីយ៍ម្នាក់ត្រូវជាប់គុកព្រោះជួញដូរមនុស្ស ប្រាយុទ្ធ ប្រាប់ប្រជាជនថា«កុំចាត់ទុកទាហានទាំងអស់អាក្រក់» ឧត្តមសេនីយ៍យោធាឈ្មោះ Manas Kongpaen ដែលត្រូវតុលាការកាត់ទោសឲ្យជាប់គុក ២៧ឆ្នាំ ព្រោះពាក់ព័ន្ធការជួញដូរមនុស្ស (រូបភាព៖ AP)
× ឧត្តមសេនីយ៍មួយរូប រួមជាមួយមន្ត្រីប៉ូលិសនិងអ្នកនយោបាយខ្លះផងនោះត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារជាច្រើនឆ្នាំព្រោះពាក់ព័ន្ធសំណុំរឿងជួញដូរមនុស្សទ្រង់ទ្រាយធំ។ ប្រមុខរបបសឹកថៃលោក ប្រាយុទ្ធ ចន្ទអូចា បានស្នើឲ្យពលរដ្ឋថៃកុំបន្ទោសទាហាន និងវាយតម្លៃថា ទាហានទាំងអស់សុទ្ធតែអាក្រក់អី។
ក្រោយបង្ក្រាបបទល្មើសជួញដូរមនុស្សទ្រង់ទ្រាយធំតាមភាគខាងត្បូងថៃចូលម៉ាឡេស៊ីឆ្នាំ ២០១៥ និងរកឃើញសាកសពមនុស្ស ៣៦នាក់ អាជ្ញាធរថៃបានបន្តស៊ើបអង្កេត និង ចាប់ខ្លួនមនុស្សរហូតដល់ ៦២នាក់ឯណោះ។ ក្នុងចំណោមពួកគេនោះមានឧត្តមសេនីយ៍យោធាមួយរូប មន្ត្រីប៉ូលិស និងអ្នកនយោបាយមួយចំនួនផងដែរ។
ក្នុងសប្តាហ៍នេះ តុលាការព្រហ្មទណ្ឌថៃបានសម្រេចកាត់ទោសអ្នកជាប់ពាក់ព័ន្ធទាំងអស់ជាផ្លូវការ ហើយអ្នកទាំងនោះទទួលទោសធ្ងន់ៗភាគច្រើន។បើតាមសារព័ត៌មានថៃ Bangkok Post មនុស្សមួយចំនួនត្រូវបានកាត់ទោសពាក់ព័ន្ធអំពើឧក្រិដ្ឋឆ្លងដែន រំលោភសេពសន្ធវៈនិង ចាបបង្ខាំងមនុស្សខុសច្បាប់រហូតដល់ស្លាប់ផងដែរ។
ពួកគេភាគច្រើននាក់រងការកាត់ទោសធ្ងន់ធ្ងរ ដោយមានខ្លះជាប់ពន្ធនាគារជិត ១០០ឆ្នាំ ហើយខ្លះទៀតជាង ៧០ឆ្នាំក៏មាន។ ជនជាតិមីយ៉ាន់ម៉ាម្នាក់ដែលទទួលបន្ទុកមើលការខុសត្រូវជំរុំក្នុងព្រៃសម្រាប់ប្រជាជនដែលលួចឆ្លងដែននោះត្រូវតុលាការកាត់ទោសឲ្យជាប់គុក ៩៤ឆ្នាំឯណោះ។
ចំណែកឧត្តមសេនីយ៍យោធាថៃ Manas Kongpan ដែលស្ថិតក្នុងចំណោមជនល្មើសនោះត្រូវតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ ២៧ឆ្នាំ ហើយលោកក៏ត្រូវបានគេរកឃើញថា មានជាប់ព័ន្ធសកម្មភាពឧក្រិដ្ឋផ្សេងទៀតជាច្រើនដែរក្រៅពីសមគំនិតជាក្រុមជួញដូរមនុស្ស។
លោក Manas ជាមន្ត្រីយោធាជាន់ខ្ពស់ទទួលបន្ទុកច្រកព្រំដែនភាគខាងត្បូង ដែលជាតំបន់ដែលមានការជួញដូរមនុស្សកើតឡើងញឹកញាប់។ តុលាការថៃរកឃើញថា លោកបានទទួលលុយពីក្រុមរត់ពន្ធមនុស្សជិត ១៥លានបាត ឬជាង ៤០ ម៉ឺនដុល្លារឯណោះ។ ក្រៅពីនេះ ឧត្តមសេនីយ៍យោធារូបនេះថែមទាំងប្រើអំណាចខ្លួននាំផ្លូវក្រុមទុច្ចរិតជួញដូរមនុស្សឲ្យរួចផុតពីប៉ុស្ត៍ ត្រួតពិនិត្យថែមទៀត។
មន្ត្រីជាន់ខ្ពស់ដែលជាអ្នកនយោបាយថ្នាក់តំបន់ពីរនាក់ផ្សេងទៀតដែលត្រូវបានតុលាការកាត់ទោសនោះមានដូចជា អតីតមន្ត្រីអភិបាលខេត្ត Satun លោក Patchuban Angchotipan និងអតីតអភិបាលក្រុង Padang Besar នៃខេត្តសុងខ្លាផងដែរ។
រយៈពេលចុងក្រោយនេះ បណ្តាប្រជាជនថៃនាំគ្នារិះគន់ទាហានថៃពាក់ព័ន្ធបញ្ហាជួញដូរមនុស្សដែរ ហើយការកាត់ទោសមន្ត្រីយោធាជាន់ខ្ពស់នេះរឹតតែធ្វើឲ្យសាធារណជនថៃមិនពេញចិត្តយោធាថែមទៀត។ ដោយសារឃើញបែបនេះ ប្រមុខរបបសឹកថៃលោក ប្រាយុទ្ធ ចន្ទអូចា បានអំពាវនាវឲ្យប្រជាជនជឿជាក់លើយោធា និងកុំវាយតម្លៃយោធាជារួម។ លោកបានលើកឡើងថា ប្រជាជនមិនគួរចាត់ទុកថា «ត្រីមួយត្រកស្អុយមួយស្អុយទាំងអស់»ឡើយ។ ក្នុងចំណោម ទាហានទាំងអស់មានអ្នកល្អ មានអ្នកអាក្រក់ជារឿងធម្មតាប៉ុណ្ណោះ។
«វាមានមនុស្សជាច្រើនដែលជាប់ក្នុងបណ្តាញនៃក្រុមជួញដូរមនុស្ស។ កុំចាត់ទុកទាហានទាំងអស់ទូទាំងប្រទេសថាជាប្រភេទមនុស្សតែមួយអី»។ នេះជាសម្តីរបស់លោក ប្រាយុទ្ធថ្លែងទៅអ្នកកាសែតក្រោយមានការកាត់ទោសមន្ត្រីយោធាជាន់ខ្ពស់នេះ៕
Tag:
ប្រាយុទ្ធ ចន្ទអូចា
ថៃ
ជួញដូរមនុស្ស
© រក្សាសិទ្ធិដោយ thmeythmey.com