កីឡាអន្តរជាតិ
អន្តរជាតិ
Usain Bolt នឹង​ចូលនិវត្តន៍ ក្រោយ​ព្រឹត្តិការណ៍​ពិភពលោក នៅ​ក្រុង​ឡុង​ដ៏​
20, Jul 2017 , 4:44 pm        
រូបភាព
​កំពូល​អ្នករត់​ប្រណាំង​លំដាប់​ពិភពលោក Usain Bolt នឹង​ចូលនិវត្តន៍​ពី​អាជីព​នេះ នៅក្រោយ​ការប្រកួត​អត្តពលកម្ម​ពិភពលោក​នៅ​ទីក្រុង​ឡុង​ដ៏ ប្រទេស​អង់គ្លេស នា​ខែក្រោយ​។



​បើតាម​ទីភ្នាក់ងារសារព័ត៌មាន AFP ចុះផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ Usain Bolt នឹងចូលរួម​រត់​ចម្ងាយ ១០០​ម៉ែត្រ និង​រត់​បណ្តាក់ ១០០​ម៉ែត្រ ក្នុង​ព្រឹត្តិការណ៍​ជើងឯក​ពិភពលោក​ក្នុង​ទីក្រុង​ឡុង​ដ៍ ដែល​ចាប់ផ្តើម​ពីថ្ងៃ​ទី ៤ រហូតដល់​១៣ ខែសីហា និង​ជា​ព្រឹត្តិការណ៍​ចុងក្រោយ​របស់គេ​មុនពេល​ចូលនិវត្តន៍​។​

​អត្ត​ព​លិ​ក ដែល​គេ​ឲ្យ​រហស្សនាម​ថា ស្តេច​ល្បឿន ធ្លាប់​ឈ្នះ​ជើងឯក​អូឡាំពិក ៨​ដង និង​ជា​ម្ចាស់​មេដាយមាស​ពិភពលោក​ចំនួន ១១​។ មេដាយមាស​មួយចំនួន​គឺ​បានមកពី​ការប្រកួត​លើ​វិញ្ញាសា​រត់​១០០​ម៉ែត្រ ២០០​ម៉ែត្រ និង​បណ្ដាក់​១០០​ម៉ែត្រ​ពី​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​៣​លើក​ជាប់​គ្នា គឺ​នៅ​ទីក្រុង​ប៉េកាំង ទីក្រុង​ឡុង​ដ៏ និង​ក្រុង​រី​យ៉ូ ប្រទេស​ប្រេ​ស៊ី​ល​។​



​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ Monaco ថ្ងៃ​ព្រហស្បតិ៍ ទី​២០ ខែកក្កដា​នេះ កំពូល​អ្នករត់​ប្រណាំង​លំដាប់​ពិភពលោក សញ្ជាតិ​ហ្សា​ម៉ា​អ៊ី​ក វ័យ​៣០​ឆ្នាំ បាន​និយាយថា​៖«​គោលបំណង​សំខាន់​របស់ខ្ញុំ​គឺ​គ្រាន់តែ​ឈ្នះ​ពាន [​នៅ​ទីក្រុង​ឡុង​ដ៍​] ប៉ុណ្ណោះ​។ ខ្ញុំ​គ្រាន់តែ​ចង់​ចូលនិវត្តន៍ ជាមួយនឹង​កំណត់ត្រា​ឈ្នះ​មួយ​»​។​

Bolt បាន​បន្ថែមថា​គេ​នឹងមិន​ចូលរួម​ការពារ​ពានរ​ង្វាន់​ពិភពលោក​ក្នុង​វិញ្ញាសា ២០០​ម៉ែត្រ របស់គេ​នោះទេ គឺ​មានន័យថា​មិន​ចូលរួម​ប្រជែង​ជាមួយ Wayde van Niekerk អត្ត​ព​លិ​ករប​ស់អា​ហ្វ្រិ​ច​ខាងត្បូង ដែល​កីឡា​ម្នាក់នេះ​ជា​កីឡាករ​ឆ្នើម និង​ល្អ​បំផុត​នៅពេល​បច្ចុប្បន្ន​៕


Tag:
 រត់ប្រណាំង​
  Usain Bolt
  ចូល​និ​វ​ត្តិ​ន៍​
© រក្សាសិទ្ធិដោយ thmeythmey.com